រថយន្ត
អន្តរជាតិ
​ក្រោយ​ច្បាប់​អនុញ្ញាត ស្ត្រី​រាប់រយ​នាក់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ទទួលបាន​បណ្ណ​បើកបរ​ជា​បន្តបន្ទាប់​
11, Jun 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ដែល​រស់នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជាច្រើន​រយ​នាក់ ទទួលបាន​បណ្ណ​បើកបរ​ជា​បន្តបន្ទាប់ ដើម្បី​អាច​បញ្ជា​យានយន្ត​នៅលើ​ផ្លូវថ្នល់​ដោយ​ខ្លួនឯង​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា តទៅ​។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។​



អត្ថបទទាក់ទង


​កាលពី​ចុងខែ​កញ្ញា កន្លងមក ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បានចេញ​រាជក្រឹត្យ ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ត្រី​ក្នុង​រាជាណាចក្រ​ឥស្លាម​មួយ​នេះ​អាច​បើក​បរបាន​។ នេះ​ជាការ​បញ្ចប់​ប្រពៃណី​អភិរក្ស​តឹងរ៉ឹង​មួយ​នៅក្នុង​ប្រទេស​ដែល​អនុវត្ត​តាមច្បាប់​ឥស្លាម Sharia ដែល​ធ្លា​ប់រង​ការរិះគន់​ថា​បាន​បិទ​សិទ្ធិ​ស្ត្រី​ធ្ងន់ធ្ងរ​។

​ខណៈដែល​ការអនុវត្ត​ជាក់ស្ដែង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​តម្រូវ​ឲ្យ​ស្ត្រី​រៀន​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ រីឯ​ស្ត្រី​ដែលមាន​បណ្ណ​បើកបរ​ពី​ប្រទេស​ផ្សេងៗ ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​មុននឹង​ទទួលបាន​បណ្ណ​បើកបរ​ថ្មី​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​យោងតាម Gulf News មជ្ឈមណ្ឌល​ចំនួន​២២ ទទួលបន្ទុក​ត្រួតពិនិត្យ​បណ្ណ​បើកបរ​បរទេស ហើយ​សាលា​បើកបរ​ចំនួន​៤​ទៀត មាន​សិទ្ធិ​ចេញ​បណ្ណ​បើកបរ​ដល់​ស្ត្រី​ដែល​ធ្វើតេស្ត​ជាប់ ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធ​បញ្ជា​យានយន្ត​ដោយ​ខ្លួនឯង​ជា​លើកដំបូង​។

​ស្ត្រី​ម្នាក់​ឈ្មោះ Rema Jawdat ដែល​ធ្វើការ​នៅ​ស្ថាប័នរដ្ឋ បាន​លើកឡើងថា​៖ «​ខ្ញុំ​មានបទពិសោធន៍​បើកបរ​រថយន្ត​អស់​រយៈពេល​១២​ឆ្នាំ​នៅ​លី​បង់ ស្វី​ស និង​សហរដ្ឋអាមេរិក​។ នេះ​ជា​សុបិន​ដែល​ក្លាយជា​ការពិត​សម្រាប់​ខ្ញុំ​ដែល​អាច​បើកបរ​បាន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​»​។ សម្រាប់​អ្នកស្រី Rema ការបើកបរ​ដោយ​ខ្លួនឯង គឺជា​ជម្រើស​ក្នុងការ​ចល័ត​ដោយ​ឯករាជ្យ​មួយ​។​

​អ្នកស្រី Tahani Al Dosemani ដែល​ធ្វើការ​នៅ​សកល​វិទ្យាល័យ Prince Sattam Bin Abdul Aziz បាន​ប្តូរ​បណ្ណ​បើកបរ​អាមេរិក​ទៅជា​អា​រ៉ា​ប៊ី​សា​អូឌីត​។ អ្នកស្រី​លើកឡើងថា​៖ «​ការបើកបរ​សម្រាប់​ស្ត្រី​មិនមែន​ត្រឹមតែ​ជាការ​បើករថយន្ត​នោះឡើយ ប៉ុន្តែ​វា​បង្ហាញ​ពី​ទំនុកចិត្ត និង​ការសម្រេចចិត្ត​ប្រកបដោយ​ជំនាញ​»៕



© រក្សាសិទ្ធិដោយ thmeythmey.com