​ក្រុម​សង្គ្រោះ​ផ្តល់​ចំណី ថ្នាំសង្កូវ និង​បង្វឹក​ឲ្យ​ក្មេងៗ​ចេះ​មុជទឹក​មុន​ជម្លៀស​ពួកគេ​ចេញពី​រូង​
សង្គមអន្តរជាតិ​
អន្តរជាតិ
​ក្រុម​សង្គ្រោះ​ផ្តល់​ចំណី ថ្នាំសង្កូវ និង​បង្វឹក​ឲ្យ​ក្មេងៗ​ចេះ​មុជទឹក​មុន​ជម្លៀស​ពួកគេ​ចេញពី​រូង​
03, Jul 2018 , 9:52 am        
រូបភាព
 ​ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​ម្នាក់ទៀត​នោះ​ទទួលបាន​ការត្រួតពិនិត្យ​សុខភាព និង​ចំណីអាហារ​ប៉ូវ​កម្លាំង ក្រោយ​ពេលដែល​ក្រុង​សង្គ្រោះ​រកឃើញ​ពួកគេ​នៅ​យប់​ថ្ងៃ​ចន្ទ​ទី ២ ខែកក្កដា​។ ក្រៅពី​ទទួល​អាហារ​បំប៉ន ក្មេងៗ​ទាំងនោះ​ក៏​គេ​បាន​បង្រៀន​ឲ្យ​មុជទឹក​ជ្រៅ​ដើម្បី​អាច​ហែល​ឆ្លង​ចេញរួច​ពី​រូងភ្នំ​ដែល​ពួកគេ​កំពុង​ជាប់​នោះ​ផងដែរ​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់​សម្តី​ទាហាន​ថៃ​ដែល​ដឹកនាំ​ក្រុម​សង្គ្រោះ​ថា ចំណីអាហារ​ប៉ូវ​កម្លាំង​រួមទាំង​ជែ​ល​សម្រាប់​បរិភោគ​ដែលមាន​កាឡូរី​ខ្ពស់ និង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ផង​នោះ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ទៅ​ក្មេងៗ​ទាំង ១២ និង​គ្រូបង្វឹក​។ 
 
​បញ្ហា​ស្មុគស្មាញ​នៅពេលនេះ​គឺ​ជួយ​ជម្លៀស​ក្មេងៗ​ទាំងនោះ​ចេញ​។ ជារួម វា​ចាំបាច់​ត្រូវ​បង្រៀន​ឲ្យ​ពួកគេ​ចេះ​មុជទឹក​ដើម្បី​ហែល​ឆ្លងកាត់​តាមផ្លូវ​ទឹក​ដែលជា​ច្រក​ក្រោម​ដី​ដ៏​ស្មុគស្មាញ​នោះ​ដើម្បី​ចេញមកក្រៅ​រូងភ្នំ​បាន​។ 
 

​ប្រធាន​ក្រុម​កងទ័ពជើងទឹក Anand Surawan បានបញ្ជាក់​ដូច្នេះ​៖«​យើង​នឹង​រៀបចំ​បញ្ជូន​អាហារ​បន្ថែម​ទៅ​ឲ្យ​ពួកគេ​ដើម្បី​ធានាថា ពួកគេ​អាច​បរិភោគ​គ្រប់គ្រាន់​មាន​កម្លាំង និង​ជួយ​បង្វឹក​ពួកគេ​ឲ្យ​ចេះ​ហែល​ជ្រមុជ​ទឹក ខណៈដែល​យើង​បន្ត​ព្យាយាម​បូមទឹក​ចេញ​ផង​នោះ​»​។​
 
​ក្មេងប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី ១១​ទៅ​១៦​ឆ្នាំ​និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​របស់​ពួកគេ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២៣ ខែមិថុនា អំឡុងពេល​ចូលទៅក្នុង​រូងភ្នំ Tham Luang Nang Non ដែលមាន​ប្រវែង ១០ គីឡូម៉ែត្រ ស្ថិតក្នុង​ស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​។​
 
 ពួកគេ​ត្រូវបាន​រកឃើញ​នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រោយ​ក្រុម​សង្គ្រោះ​ចំណាយពេល​ជាង​២២០​ម៉ោង​ដើម្បី​ស្វែងរក​នោះ​។​ក្រៅពី​កងទ័ពជើងទឹក​ថៃ ទាហាន​អាមេរិក ទាហាន​អូស្ត្រាលី អ្នកជំនាញ​រូងភ្នំ​អង់គ្លេស និង​ក្រុម​សង្គ្រោះ​ជីវិត​របស់​ចិន​ក៏​ស្ថិតក្នុង​ប្រតិបត្តិការ​នេះ​ដូចគ្នា​។​
 
​ដោយឡែក​អភិបាលខេត្ត​ឈៀង​រ៉ៃ​លោក Narongsak Osottanakorn នៅ​ថ្ងៃ​អង្គារ​ទី ៣ ខែកក្កដា​នេះ បាន​លើកឡើងថា ការរកឃើញ​ក្មេងៗ​ជា​រឿង​មួយ​ដែល​នឹកស្មាន​មិន​ដល់ និង​រំភើប​បំផុត​សម្រាប់​លោក​។ លោក​បាន​រម្លឹកថា ភ្លៀង​បន្ត​ធ្លាក់​រៀងរាល់ថ្ងៃ ហើយ​លោក​ចាត់ទុក​ប្រតិបត្តិការ​នេះ​ថា​ជា ជា​ប្រតិបត្តិ​ការមិនអាច​ទៅរួច ឬ​«mission impossible»​។ ប៉ុន្តែ​ដោយ​ការប្រឹងប្រែង​មិន​ឈប់ឈរ​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ គេ​អាច​ប្រយុទ្ធ​នឹង​ធម្មជាតិ​និង​ប្រជែង​ពេលវេលា​បាន​។ 
 
​យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​ក្មេង អភិបាលខេត្ត​រូបនេះ​បាន​បញ្ជាក់ថា គ្រូពេទ្យ​បានផ្តល់​ប្រឹក្សា​យោបល់​ថា ក្រុម​សង្គ្រោះ​គួរ​បន្ត​ផ្តល់​ថ្នាំ​ច្រើន​ប្រភេទ​ដើម្បី​ជួយ​ការពារ​មេរោគ​ឆ្លង ឬ​ជំងឺ​ផ្សេងទៀត ដែល​អាចធ្វើ​ឲ្យ​ពួកគេ​មាន​បញ្ហា​សុខភាព​និង​ពិបាក​ជម្លៀស​ចេញមកក្រៅ​នោះ​៕
 

Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម