អន្តរជាតិ
ហ្វេ​ស​ប៊ុ​ក​សុំទោស​វៀតណាម​លើ​ករណី​ដាក់​តំបន់​ជម្លោះ​សមុទ្រ​ខាងត្បូង​ក្នុង​ផែនទី​ចិន​
09, Jul 2018 , 9:59 am        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានធ្វើ​កំហុស​បច្ចេកទេស​មួយ ដោយ​ដាក់​ប្រជុំ​កោះ​ស្ព្រា​ត​លី​(Spratly) និង តំបន់​ប្រជុំ​ប៉ា​រ៉ា​សែ​ល (Paracel) ជា​ផ្នែក​នៃ​ប្រទេស​ចិន​។ ពលរដ្ឋ​វៀតណាម​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​ក្រោយមក បាន​ថ្លែង​ការសុំ​ទោស​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ចំពោះ​កំហុស​បច្ចេកទេស​របស់​ខ្លួន​។​

 
អត្ថបទទាក់ទង

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បានបញ្ជាក់​ពី​កំហុសឆ្គង​របស់ខ្លួន​លើ​ការប្រើប្រាស់​ផែនទី​ក្នុង​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​។ កំហុស​នោះ​គឺថា ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​មួយ​នេះ ប្រើប្រាស់​កម្មវិធី​ដោយ​មិនបាន​បញ្ចូល​ទី​តំបន់​ប្រជុំ​កោះ ស្ព្រា​ត​លី និង​ប៉ា​រ៉ា​សែ​ល ជា​ផ្នែក​នៃ​ប្រទេស​វៀតណាម ហើយ​បែរជា​ដាក់ថា ជា​តំបន់​របស់​ចិន​ទៅវិញ​។​
 
​ប្រជុំ​កោះ​ស្ព្រា​ត​លី ដែល​វៀតណាម​ហៅថា «Truong Sa» និង ប៉ា​រ៉ា​សែ​ល ដែល​វៀតណាម​ហៅថា «Hoang Sa» នោះ គឺជា​តំបន់​ដ៏​ប្រទាញប្រទង់​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​រដ្ឋ​ពាក់ព័ន្ធ​ទាំងអស់​សុទ្ធតែ​ទាមទារ​ដែន​អធិបតេយ្យភាព​រៀងៗ​ខ្លួន​។ 
 
​ផែនទី​របស់​ហ្វេ​ស​ប៊ុ​ក បាន​បង្ហាញថា កោះ​ទាំងនោះ ជា​ផ្នែក​ប្រទេស​ចិន ហើយ​បាន​សរសេរ​ពាក្យ​ថា «Sansha» ជំនួស​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​វៀតណាម​ហៅថា «​សមុទ្រ​ខាងកើត​»​។ Sansha ជា​ក្រុង​មួយ​នៅ​ខេត្ត​ហៃ​ណាន​របស់​ចិន ដែលមាន​ដែនទឹក​នៅ​ប្រជុំ​កោះ​ស្ព្រា​ត​លី និង​ប៉ា​រ៉ា​សែ​ល​។​
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​របស់​វៀត​ណា​ម បានស្នើរ​ទៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ឲ្យ​កែប្រែ​ផែនទី​របស់ខ្លួន ហើយ​ក្រុមហ៊ុន​បណ្តាញ​សង្គម​បាន​ឆ្លើយតប​តាម​សំណើរ ដោយ​ដក​ពាក្យ «Sansha» ចេញពី​ផែនទី​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ហ្វេ​ស​ប៊ុ​ក ក៏​មិនបាន​ដាក់បញ្ចូល​ទីប្រជុំ​កោះ​ទាំងពីរ​ថា ស្ថិតនៅក្នុង​ទឹកដី​វៀតណាម​នោះដែរ ដោយ​អះអាង​ពី​អព្យាក្រឹតភាព​របស់ខ្លួន​។ ក្រុមហ៊ុន​បាន​អះអាងថា ការកំណត់​ផែនទី​នោះ ត្រូវបាន​ដោយ​ភាគី​ទី​បី​ដែលជា​ដៃគូ​របស់​ក្រុមហ៊ុន​រួមមាន​ដូចជា OpenStreetMap និង HERE Maps ជាដើម​៕

Tag:
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com