អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន ជួយ​ឥណ្ឌូណេស៊ី​សង់​មជ្ឈមណ្ឌល​នេសាទ​នៅ​តំបន់​ដាច់ស្រយាល​ដើម្បី​បង្កើន​ការនាំចេញ​
05, Aug 2018 , 10:39 pm        
រូបភាព
រូបភាព Jakarta Globe
រូបភាព Jakarta Globe
ដោយ:
 រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា គ្រោង​សាងសង់​មជ្ឈមណ្ឌល​ដែនសមុទ្រ និង​នេសាទ​នៅ​តំបន់​កោះដាច់​ស្រយាល​របស់​ប្រទេស​ដើម្បី​បង្កើន​ផលិតផល​នេសាទ និង​ជំរុញ​ការនាំចេញ​ផលិតផល​សមុទ្រ​ឲ្យ​បាន​កាន់តែច្រើន​។ គម្រោង​នេះ ស្ថិតក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​។​


អត្ថបទទាក់ទង

​តំណាង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​របស់​ជប៉ុន (JICA)​លោក Shinichi Yamanaka បាន​ថ្លែងថា JICA បានផ្តល់​ជំនួយ​សរុប​ប្រមាណ ២២ លាន​ដុល្លារ សម្រាប់​ការសាងសង់​មជ្ឈមណ្ឌល​ដែនទឹក​និង​នេសាទ​នៅ​កោះ​របស់​ឥណ្ឌូណេស៊ី​ចំនួន​ប្រាំ​រួមមាន​កោះ Sabang , Natuna, Biak ,Morotai Moa និង​កោះ Saumlaki​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post ថ្ងៃ​១ សីហា​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល តំណាង​ភ្នាក់ងារ​ជប៉ុន បាន​បន្តទៀតថា ពេលដែល​គម្រោង​នៃ​ការសាងសង់​នេះ ត្រូវបាន​បញ្ចប់​នោះ ក្រុម​អ្នកនេសាទ​ខ្នាតតូច​ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល នឹងមាន​កំពង់ផែ​ទំនើប ដែល​ពួកគេ​អាច​ប្រើប្រាស់​សម្ភារ​ចម្រុះ​ជាច្រើន​រួមទាំង​ឧបករណ៍​ស្តុក​ត្រី​ទុក ដែលជា​សម្ភារ​ចាំបាច់​បំផុត​របស់​ពួកគេ​ក្នុងការ​រក្សា​ត្រី​ដើម្បី​បញ្ជូនបន្ត​មកកាន់​ទីផ្សា​រ​។​
 
​អ្នកតំណាង​ដដែល​នោះ បានបង្ហាញ​ក្តី​រំពឹងថា គំនិត​ផ្តើម​ផ្តើម​នេះ​នឹង​ជួយ​ដល់​អ្នកនេសាទ​ក្នុង​តំបន់ ក៏ដូចជា​ពលរដ្ឋ​រស់​នៅតាម​តំបន់ឆ្នេរ​ឲ្យ​រស់នៅក្នុង​ស្របតាម​ស្តង់ដារ ជាពិសេស​ប្រជាជន​ឥណ្ឌូណេស៊ី ដែល​រស់នៅ​កោះដាច់​ឆ្ងាយ​ពី​គេ​។ 
 
​ជុំវិញ​បញ្ហា​នេះដែរ អគ្គលេខា នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​កិច្ចការ​ដែនសមុទ្រ និង​នេសាទ​ឥណ្ឌូណេស៊ី Nilanto Perbowo បាន​អះអាងថា គម្រោង​នេះ អាច​នឹងត្រូវ​ប្រតិបត្តិ​ការ​ពេញលេញ​ត្រឹម​ឆ្នាំ​២០២០​។ មន្ត្រីជាន់ខ្ពស់​រូបនេះ បានចាត់ទុក​គំនិត​ផ្តួចផ្តើម​នេះ គឺជា​គោលនយោបាយ​យកចិត្ត​ទុក​របស់លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ ទៅលើ​ប្រជាជន​រស់នៅ​តំបន់​ដាច់ស្រយាល​។ 
 
​គួរ​ជម្រាប​ថា ឥណ្ឌូណេស៊ី គឺជា​រដ្ឋ​អាស៊ាន​មួយ ដែលមាន​សក្តានុពល​ធ​ន​ធាន​ដែនសមុទ្រ​។ កន្លងមក ដើម្បី​បង្កើន​ផលិតផល​នេសាទ លោក​ប្រធានាធិបតី ចូ​កូ បាន​អនុវត្ត​ចំណាត់ការ​តឹងរ៉ឹង​បំផុត​លើ​តំបន់​នេសាទ ដែល​រាប់បញ្ចូល​ទាំង​ការដុត​កម្ទេច និង​ពន្លិច​ទូក​នេសាទ​ខុសច្បាប់​បរទេស​ជាច្រើន​គ្រឿង​។ 
 
​នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ រដ្ឋមន្ត្រី​កិច្ចការ​ដែនសមុទ្រ និង​នេសាទ​ឥណ្ឌូណេស៊ី លោកស្រី Susi Pudjiastuti ក៏​ធ្លាប់​បង្ហើប​ពី​ចេតនា​របស់​ជប៉ុន​ក្នុងការ​ផ្លាស់ប្តូរ​រោងចក្រ​របស់ខ្លួន​ពី​ប្រទេស​ថៃ​ដើម្បី​មក​ដា​ក់នៅ​ឥណ្ឌូណេស៊ី​ផងដែរ ខណៈ​តាម​របាយការណ៍​របស់​ក្រុង​ហ្សា​ការ​តា ឥណ្ឌូណេស៊ី គឺជា​ទិសដៅ​វិនិយោគ​ធំ​បំផុត​ទី​៣​របស់​ក្រុមហ៊ុន​ជប៉ុន​៕ 
 

Tag:
 ជប៉ុន​
  ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com