តុលាការ​សម្រេច​ឃុំខ្លួន លោក អាគី​រ៉ា បណ្ដោះអាសន្ន​
ជាតិ
តុលាការ​សម្រេច​ឃុំខ្លួន លោក អាគី​រ៉ា បណ្ដោះអាសន្ន​
31, Aug 2018 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ តុលាការ​សម្រេច​ឃុំខ្លួន លោក អាគី​រ៉ា និង​សហការី​២​នាក់​ទៀត បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ លើ​បទ​ចោទ​«​ស្ដុក​ទុក​នូវ​អាវុធ គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ ដោយ​គ្មាន​ការអនុញ្ញាត »​ទៅតាម​មាត្រា​២៣​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​។ នេះ​បើ​តា​ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប លោក រៀម ច័ន្ទ​មុន្នី ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។

 
​មាត្រា​២៣ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ បាន​ចែងថា «​ជន​ណា​ដែល​ផលិត ធ្វើ​ពាណិជ្ជកម្ម​នាំ​ឆ្លងកាត់ នាំចេញ នាំចូល​ឬ​ស្តុក​នូវ​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ​»​។​
 
​លោក អាគី​រ៉ា ដែល​មហាជន​ស្គាល់​ថា ជា​វីរបុរស​មីន​កម្ពុជា ត្រូវបាន​ឃាត់ខ្លួន នៅក្នុង​អង្គការ​របស់លោក ស្ថិតនៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៩ សីហា​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ជាមួយ​មនុស្ស​២​នាក់​ទៀត ឈ្មោះ អឿន យ៉ុ​ន ជា​អនុប្រធាន​អង្គការ និង​ទី​៣ ឈ្មោះ ហ៊ា​ញ សុគន្ធ ជា​ប្រធាន​ប្រតិបត្តិ​អង្គការ ដោយ​ពួកគេ​ត្រូវ​ជាប់ចោទ​ពីបទ​រក្សាទុក​នូវ​អាវុធ​ខុសច្បាប់ ។​
អត្ថបទទាក់ទង
 
​ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​នោះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន គ្រាប់បែកដៃ​៩​គ្រាប់ មីន​៧២A ចំនួន​១៥​គ្រាប់ គ្រាប់​កាំភ្លើងខ្លី ដង​គ្រាប់​បេ​១ ម្ជុល​ភ្លើង​មីន គ្រាប់កាំភ្លើង​ដៃ កាំភ្លើង​ស្វ័យប្រវត្តិ​ឆេះ​ខូច សំបក​គ្រាប់មីន​២​កេះ រួម​និង​សម្ភារ​មួយចំនួនទៀត​។ ក្រោយ​ប្រមូល​គ្រឿងផ្ទុះ​រួចមក មន្ដ្រី​ជំនាញ​ស៊ីម៉ាក់ បាន​យកទៅ​ទុក​នៅ​ទី​មាន​សុវត្ថិភាព និង​ធ្វើការ​កម្ទេចចោល​។​
 
​គួរ​បញ្ជាក់ថា លោក អាគី​រ៉ា មាន​ភាពល្បីល្បាញ​ខ្លាំង ដោយ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​វីរៈបុរស​ឆ្នើម​របស់​ទូរទស្សន៍​CNN នៅ​ឆ្នាំ​២០១០ តាមរយៈ​សកម្មភាព​ដាក់​មីន និង​ដោះមីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ យ៉ាង​ស្ទាត់ជំនាញ​របស់គាត់​។ តាមរយៈ​ជំនាញ​នេះ​លោក អាគី​រ៉ា ក៏បាន​ធ្លាប់​ជាប់​ពានរង្វាន់​កិត្តិយស​ពី​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​២០១២​ផងដែរ​៕

Tag:
 អេង ឆេង​លាង​
  អាគី​រ៉ា​
  អាវុធ​
  រំសេវ​
© រក្សាសិទ្ធិដោយ thmeythmey.com