ជាតិ
សម្តេច ហ៊ុន សែន​៖ មរណភាព​លោក Tran Dai Quang ជាការ​បាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​
26, Sep 2018 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា រួមជាមួយ​បណ្តា​មេដឹកនាំ និង​គ​ណះ​ប្រតិភូ នៃ​ប្រទេស​ជាង​១០​ទៀត បាន​អញ្ជើញ​ទៅ​ក្រុង​ហាណូយ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ សព លោក Tran Dai Quang ប្រធាន​រដ្ឋ​វៀតណាម ដែល​បានទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃទី​២១​កញ្ញា ក្នុង​អាយុ​៦២​ឆ្នាំ ដោយ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​។​

 
«​ការបាត់បង់ ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម​ដែល​នេះ​គឺជា​ការបាត់បង់​ដ៏​ធំធេង​នៃ​ថ្នាក់ដឹកនាំ​ដ៏​ល្អ និង​គួរឱ្យ​កោតសរសើរ​ម្នាក់​របស់​ប្រទេស និង​ប្រជាជន​វៀតណាម និង​ក៏​ជាការ​បាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​
 
​សព​របស់ Tran Dai Quang ត្រូវបាន​ប្រារព្វ​ពិធី​តម្កល់​ជា​ផ្លូវការ​រយះពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៦-២៧​កញ្ញា នៅ​បញ្ជាការដ្ឋាន​កងទ័ព​ប្រជាជន​វៀតណាម ក្នុង​ទីក្រុង​ហាណូយ ដើម្បី​អនុញ្ញាត​ឲ្យ​គ​ណះ​ប្រតិភូ​បរទេស​នានា អញ្ជើញ​ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​។ 


 
​នា​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ​នោះដែរ សម្តេច ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​មរណទុក្ខ​រប​ស់​រដ្ឋ​វៀតណាម ដែលមាន​ខ្លឹមសារ​ជាអាទិ៍​ថា​៖ «​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រោម​ក្រំ​បំផុត ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ជូន​ចំពោះ​គណបក្ស​កុម្មុយនីស្ត​វៀតណាម រាជរដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ចំពោះ​មរណភាព ឯកឧត្តម ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​២១​កញ្ញា​កន្លងទៅ​។ មរណភាព​របស់​ឯក​ឧ​ត្ត​ម ត្រាន់ ដាយ​ក្វាង គឺជា​ការបាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា និង​ជា​មិត្ត​ដ៏​ល្អ​របស់​សម្តេច ដែល​ធ្លាប់មាន​អនុស្សាវរីយ៍​ដ៏​ជិតស្និទ្ធ​ជាមួយគ្នា​។ យើង​នឹង​ចងចាំ​ជានិច្ច នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម ត្រាន់ ដាយ​ក្វាង ដើម្បី​លើកកម្ពស់​ចំណង​ទាក់​ទង់​ជា​ភាត​រះ រវាង​កម្ពុជា និង​វៀតណាម ក៏ដូចជា​នាំមក​នូវ​សុភមង្គល និង​ការរីកចម្រើន​ជឿនលឿន​ថែមទៀត របស់​ប្រជាជាតិ​វៀតណាម​»៕
​ 


Tag:
 Tran Dai Quang
© រក្សាសិទ្ធិដោយ thmeythmey.com