ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ គេ​ថា អាមេរិក វាស់ដី​ឲ្យ​ខ្ញុំ​ដើរ គឺ​ត្រឹមត្រូវ​ហើយ
28, Sep 2018 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​នៅលើ​ទឹកដី​អាមេរិក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ធ្វើដំណើរ​ទៅណា​ផ្សេង ឲ្យ​ហួសពី​ព្រំដែន ដែល​ត្រូវបាន​កំណត់ទុកក្នុង​ក​ម្ម​វិធី​នោះទេ​។ នេះ​ជាការ​អះអាង​របស់​សម្តេច ហ៊ុន សែន ខ្លួនឯង ទៅកាន់​អ្នកកាសែត ពេល​ចុះ​ពីលើ​យន្តហោះ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​



«​អ្នកប្រឆាំង ថា​គេ វាស់ដី​ឲ្យ​សម្តេច​ដើរ ពេល​មក​អាមេរិក​។ តើ​សម្តេច អាច​ដើរ​ទៅណា​ផ្សេង​បានទេ​?»​។ នេះ​ជា​សំណួរ​របស់​អ្នកកាសែត ដែល​សួរ​ទៅកាន់​សម្តេច ហ៊ុន សែន​។ នាយករដ្ឋមន្ត្រី​កម្ពុជា ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖«​កម្មវិធី​ខ្ញុំ​ទៅណា ជា​កម្មវិធី​របស់ខ្ញុំ​។ សូម​ផ្តាំ​ទៅវិញ​ផង​ថា គេ​និ​យា​យ​ហ្នឹង ត្រឹមត្រូវ​ហើយ គឺ​អាមេរិក​វាស់ដី​ឲ្យ​ខ្ញុំ​ដើរ ព្រោះ​ខ្ញុំ អត់​ដើរទៅ​ផ្លូវ​ណា​ផ្សេង ​ក្រៅពី​ផ្លូវ​ព្រលានយន្តហោះ មក​សណ្ឋាគារ ចេញពី​សណ្ឋាគារ ចូល​អង្គការសហប្រជាជាតិ​។ វា តែ​ប៉ុណ្ណឹង​»​។ 
 
​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​អ្នក​ចំអក​ឲ្យ​សម្តេច ហ៊ុន សែន ថា​មិនអាច​ដើរទៅ​កន្លែង​ណា​ផ្សេង​នោះទេ នៅពេល​ទៅដល់​សហរដ្ឋ​អាមេរិក​។ លោក សម រង្ស៊ី និយាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា សម្តេច ហ៊ុន សែន អាច​ដើរ​បានតែ​នៅលើ​ផ្លូវ ដែល​គេ​កំណត់​ឲ្យ​ប៉ុណ្ណោះ​។​
 
​សម្តេច ហ៊ុន សែន និង​គណៈប្រតិភូ​កម្ពុជា បាន​ទៅដល់​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ម៉ោង​ជិត​៤​រសៀល ថ្ងៃទី​២៧ ខែកញ្ញា ដែល​ត្រូវជា​ម៉ោង​ជិត​៣​ទៀបភ្លឺ ថ្ងៃទី​២៨ ខែកញ្ញា នៅ​កម្ពុជា​។ តាម​កម្មវិធី មេដឹកនាំកម្ពុជា នឹង​ឡើង​ថ្លែង​សុ​ទ្ទរ​កថា ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ​៕

Tag:
 ហ៊ុន សែន​
  សម រង្សី​
© រក្សាសិទ្ធិដោយ thmeythmey.com