ជាតិ
រថយន្ត
រថយន្ត​សម្ដេច ហ៊ុន សែន ក្នុងសម័យ​តស៊ូ​រំដោះជាតិ ត្រូវបាន​យកទៅដាក់​តាំងនៅ​វិមាន​ឈ្នះ-​ឈ្នះ​
01, Oct 2018 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រថយន្ត​សម្ដេច ហ៊ុន សែន ដែល​ជិះ​តស៊ូ​រំដោះជាតិ ពី​របប​ប្រល័យពូជសាសន៍​នោះ ត្រូវបាន​យកទៅដាក់​បង្ហាញ​នៅ​វិមាន​ឈ្នះ​-ឈ្នះ ដើម្បី​បញ្ជាក់​អំពី​វត្ថុតាង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ដំណើរ​តស៊ូ​របស់​ប្រមុខ​រដ្ឋាភិបាល ។​


 
​រថយន្ត​ដែល​សម្ដេច ហ៊ុន សែន ជិះ​មុនដំបូង​នេះ គឺ​ម៉ាក Toyota Camry ដែល​ផលិត​នៅ​ឆ្នាំ​១៩៦៨ ហើយ​មាន​អាយុកាល​៥០ ឆ្នាំ​មកហើយ មកដល់​បច្ចុប្បន្ននេះ​។ រថយន្ត​ប្រភេទ​នេះ គឺ​ភាគី​វៀតណាម​ផ្ដល់​ឲ្យ​សម្ដេច​ជិះ​បំពេញការងារ​នៅ​ឆ្នាំ​១៩៧៩ រួមជាមួយ​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត​។ នេះ​បើតាម​លោក យ៉ា​ត់ ទូច មេបញ្ជាការរង និង​ជា​នាយខុទ្ទកាល័យ​បញ្ជាការដ្ឋាន​អង្គរក្ស​។​
 
​សូមបញ្ជាក់ថា វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ បានចាប់ផ្ដើម​សាងសង់ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ។ ការសាងសង់​វិមាន​នេះ គឺ​ដើម្បី រម្លឹក​ដល់​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ម្យ៉ាងទៀត វិមាន​នេះ ក៏​ជា​និមិត្តរូប​នៃ​សុខសន្តិភាព ដែល​កម្ពុជា​ទទួលជោគជ័យ ក្រោយពី​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៩៨ ។ ជាងនេះទៀត វិមាន​នេះ នឹង​ក្លាយជា​កេរ​មរតក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។​
 
​បើតាម​ការគ្រោងទុក រដ្ឋាភិបាល នឹង​សម្ពោធ​ដាក់​ដំណើរការ​វិមាន​ឈ្នះ​-ឈ្នះ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៩ ធ្នូ​ខាងមុខ ដើម្បី​រំឭក​ខួប​២០​ឆ្នាំ នៃ​គោលនយោបាយ​ឈ្នះ-ឈ្នះ របស់សម្ដេច ហ៊់ុន សែន ក្នុង​ការដឹកនាំ​រដ្ឋាភិបាល បញ្ចប់​ភ្លើងសង្គ្រាម​រយៈពេល​២០​ឆ្នាំ​មកនេះ​៕ 
 

Tag:
 ហ៊ុន សែន​
  វិមាន​ឈ្នះ​ឈ្នះ​
© រក្សាសិទ្ធិដោយ thmeythmey.com