ជាតិ
កម្ពុជា ផ្ដល់ជំនួយ​មនុស្សធម៌ ២០​ម៉ឺន​ដុល្លារ ដល់​ឥណ្ឌូណេស៊ី ដែល​រងគ្រោះ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​
02, Oct 2018 , 3:35 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី រំលែក​ទុក្ខជនរងគ្រោះនៅប្រទេសឥណ្ឌូណេស៊ី។ រូបថត AFP
សម្តេចនាយករដ្ឋមន្ត្រី រំលែក​ទុក្ខជនរងគ្រោះនៅប្រទេសឥណ្ឌូណេស៊ី។ រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ ដល់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​កំពុង​ជួបប្រទះ​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ ដែល​បំផ្លិចបំផ្លាញ​ប្រទេស រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​

 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ គឺជា​ជំនួយ​មនុស្សធម៌ សម្រាប់​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ ដោយសារ​មហន្តរាយ​ពី​គ្រោះធម្មជាតិ នៃ​សោកនាដកម្ម​នេះ ដែលជា​ការបង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​រដ្ឋា​ភិ​បាល និង​ប្រជាជន​ឥណ្ឌូណេស៊ី ក្នុង​គ្រា​លំបាក​។ 
 
​ទាក់ទង​នឹង​ជំនួយ​មនុស្សធម៌​នេះ ខាង​កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់​ជំនួយ​មនុ​ស្ស​ធម៌​៥​ម៉ឺន​ដុល្លារ ដល់​កាកបាទក្រហម​ឥណ្ឌូណេស៊ី  សម្រាប់​ប្រតិបត្តិការ ជួយ​អ្នករងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​ផងដែរ​។ 
 
 
​ចាប់តាំងពី​ថ្ងៃទី​២៨ កញ្ញា​មក មាន​ករណី​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ និង​រលក​យក្ស​ស៊ូណាមិ បាន​វាយប្រហារ​ទីក្រុង​ប៉ា​លូ កោះ​ស៊ូ​ឡា​វ៉េ​ស​ស៊ី នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​មកដល់ពេលនេះ មាន​ប្រជាជន​ស្លាប់​យ៉ាងហោចណាស់​ជាង​១២០០​នាក់ ខណៈ​មាន​អ្នករងរបួស និង​បាត់​ខ្លួន​ជាច្រើន​នាក់​៕
​ 

Tag:
 ឥណ្ឌូណេស៊ី​
  កម្ពុជា​
  ជំនួយ​មនុស្សធម៌​
  ស៊ូណាមិ​
© រក្សាសិទ្ធិដោយ thmeythmey.com