អន្តរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី៖សិង្ហបុរីផ្តោតសំខាន់លើការងារបម្រើជាតិ លើសពីគិតគូររឿងផ្ទេរអំណាចដឹកនាំ
14, Oct 2018 , 3:34 pm        
រូបភាព
ដោយ:
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសិង្ហបុរី បានអះអាងនៅសប្តាហ៍នេះថា រដ្ឋាភិបាលសិង្ហបុរីមិនត្រឹមតែផ្តោតតែលើការផ្ទេរអំណាចដឹកនាំពីអ្នកនាំជំនាន់មុនឲ្យអ្នកនយោបាយជំនាន់ក្រោយឡើយ ប៉ុន្តែក៏ផ្តោតសំខាន់លើការបំពេញការងារដើម្បីផលប្រយោជន៍ជាតិជាធំផងដែរ។ ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលសិង្ហបុរីបែបនេះ ស្របពេលដែលសិង្ហបុរី កំពុងតែស្ថិតដល់ដំណាក់កាលនៃការផ្លាស់ប្តូរអ្នកដឹកនាំជំនាន់មុននិងជំនាន់ក្រោយ។


 
តាមរយៈកិច្ចសម្ភាសន៍ ក្រៅនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅកោះប៉ាលីរបស់ឥណ្ឌូណេស៊ីថ្ងៃ១២ តុលា រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swee Keat ត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើពេលនេះ សិង្ហបុរី បានគិតគូរដល់ដំណាក់កាលណាហើយក្នុងការជ្រើសរើសអ្នកបន្តដឹកនាំរដ្ឋាភិបាល។

អត្ថបទទាក់ទង


 
ជុំវិញសំណួរនេះ លោករដ្ឋមន្ត្រី ក៏ដូចមន្ត្រីជាន់ខ្ពស់សិង្ហបុរីផ្សេងទៀតដែរ មិនអាចបញ្ជាក់បានឡើយ ដ្បិតប្រធានបទ នៅតែស្ថិតនៅក្នុងការគិត និងពិភាក្សាយ៉ាងល្អិតល្អន់រវាងថ្នាក់ដឹកនាំកំពូលប្រទេស ក៏ប៉ុន្តែលោក បានអះអាងថា បច្ចុប្បន្នរដ្ឋមន្ត្រីវ័យក្មេងនៃគណៈរដ្ឋមន្ត្រីសិង្ហបុរី កំពុងតែធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយពួកគេ ក៏បានយល់ចិត្តគ្នាទៅវិញទៅមកផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia។ 
 
លោករដ្ឋមន្ត្រី ដែលមានវ័យ៥៧ឆ្នាំរូបនេះ ក៏បានផ្ញើសារដោយប្រយោលយ៉ាងដូច្នេះថា៖« យើង កំពុងតែរៀបចំផែនការជាច្រើន ដែលយើងត្រូវធ្វើសម្រាប់ប្រទេស។ ដូច្នេះខ្ញុំគិតថា អ្វីដែលយើងកំពុងតែផ្តោតសំខាន់មិនត្រឹមតែលើការផ្ទេរអំណាចនយោបាយប៉ុណ្ណោះនោះទេ។
 
អ្វីដែលយើងត្រូវផ្តោតសំខាន់ផងដែរនោះ គឺជារបៀបវារៈឆ្ពោះទៅមុខ ពោលគឺបន្តធ្វើការដើម្បីធានាថា សិង្ហបុរី បន្តរក្សាស្ថិរភាព រុងរឿង និងផ្តល់នូវឱកាសដល់ប្រជាជនសិង្ហបុរីក្នុងការទទួលបានទាំងការអប់រំ ការថែទាំសុខភាព និងលំនៅដ្ឋានសាធារណៈ»។
 
គួរជម្រាបផងដែរ បច្ចុប្បន្ន សិង្ហបុរី កំពុងតែស្ថិតក្រោមការដឹកនាំរបស់បក្សសកម្មភាពប្រជាជន (PAP) ដែលមានលោក លី សៀនឡុង ជាប្រមុខបក្ស និងនាយករដ្ឋមន្ត្រី។ បក្សកាន់អំណាច ដែលបានដឹកនាំសិង្ហបុរីតាំងពីទទួលបានឯករាជ្យឲ្យក្លាយជាប្រទេសអភិវឌ្ឍបំផុតរបស់ពិភពលោក កំពុងតែពិចារណាក្នុងការជ្រើសរើសបេក្ខភាពមេដឹកនាំថ្មី ដ្បិតលោក លី សៀនឡុង នឹងលែងឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយទៀតហើយ ហើយលោក មានបំណងផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងជាអ្នកបន្តវេនម្តង៕
 

Tag:
 សិង្ហបុរី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com