ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល ប្ដេជ្ញាមិនឲ្យមានក្រុមហ៊ុន«រកស៊ីមិនបង់ពន្ធ»នៅកម្ពុជា
× ភ្នំពេញ៖ មិនមែនជារឿងថ្មីនោះទេចំពោះការរិះគន់ថា ក្រុមហ៊ុនអាជីវកម្មមួយចំនួននៅកម្ពុជាមិនបានបង់ពន្ធ ឬបង់ពន្ធមិនត្រឹមត្រូវ ដែលធ្វើឲ្យក្រុមហ៊ុនដែលបង់ពន្ធត្រឹមត្រូវពិបាកនឹងប្រកួតប្រជែង។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានទទួលស្គាល់ និងអះអាងថាលោកកំពុងប្រឹងប្រែងលុបបំបាត់បញ្ហានេះ។
ប្រសាសន៍របស់លោក គង់ វិបុល ជាភាសាអង់គ្លេស៖
ឆ្លើយតបនឹងសំណួរអ្នកកាសែតនៅក្នុងវេទិកាពន្ធដាររបស់ Eurocham នៅថ្ងៃទី២៥ខែតុលា លោក គង់ វិបុល បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារកំពុងតែយកចិត្តទុកបង្រួមឲ្យមានការបង់ពន្ធត្រឹមត្រូវដូចគ្នា។ លោកថ្លែងដូច្នេះថា៖«យើងកំពុងធ្វើការលើបញ្ហានេះ ដើម្បីលុបបំបាត់ចន្លោះប្រហោង។ ហើយគោលនយោបាយបន្តបន្ទាប់របស់យើង គឺប្រឹងប្រែងធ្វើឲ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា»។
លោក គង់ វិបុល បានអះអាងថា ក្នុងរយៈពេលកាន់មុខតំណែងរបស់លោក លោកបានកៀងគរឲ្យមានការចុះបញ្ជីថ្មីៗជាច្រើន។ «ក្នុងរយៈពេល៦ឆ្នាំកន្លងទៅ ដែលខ្ញុំធ្វើការនៅទីនេះ តើក្រុមហ៊ុនប៉ុន្មានដែលមិនចុះបញ្ជីបង់ពន្ធ? តែឥឡូវវាប្រសើរឡើង ដោយមានក្រុមហ៊ុនប្រមាណជាង ២ម៉ឺនបានចុះបញ្ជីថ្មី ដោយសារតែយើងបានត្រួតពិនិត្យការធ្វើអាជីវកម្មយ៉ាងតឹងរ៉ឹង និងលើកទឹកចិត្តឲ្យមានការចុះបញ្ជីបន្ថែមទៀត»។ នេះជាប្រសាសន៍លោក គង់ វិបុល ដែលលោកប្ដេជ្ញាថានឹងប្រមូលក្រុមហ៊ុនឲ្យចូលក្នុងសំណាញ់ពន្ធដូចៗគ្នា។
ការធ្វើអាជីវកម្មដោយមិនបង់ពន្ធ ឬបង់ពន្ធមិនត្រឹមត្រូវ គឺជាកង្វល់របស់អ្នករកស៊ីត្រឹមត្រូវ។ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group បានលើកឡើងក្នុងពេលថ្មីៗនេះថា៖«អាជីវកម្មដែលចុះបញ្ជីត្រឹមត្រូវ មិនមានបក្សពួក នៅតែជួបហានិភ័យខ្ពស់ ដោយប្រឈមការប្រកួតប្រជែងជាមួយក្រុមហ៊ុនក្រៅស្រុកផង ក្រុមហ៊ុនធំៗខ្នងក្រាស់ក្នុងស្រុកផង។ ការអនុវត្តមិនទាន់ស្មើរភាពគ្នាទាំងពន្ធគយ និងពន្ធដារ»៕
© រក្សាសិទ្ធិដោយ thmeythmey.com