ជាតិ
ព្រះមហាក្សត្រ
ស្ថាប័ន អាច​ត្រូវ​រំលាយចោល ហើយ​បុគ្គល អាច​ជាប់គុក​ពី​១-៥​ឆ្នាំ បើ​ប្រមាថ​ព្រះមហាក្សត្រ​
29, Oct 2018 , 3:06 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​ព្រះ​រាជពិធី​បុណ្យខួប​១៤​ឆ្នាំ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​។



​រដ្ឋធម្មនុញ្ញ​កម្ពុជា លើកតម្កើង​ព្រះមហាក្សត្រ​ខ្លាំងណាស់ ដោយ​ចាត់ទុក​ព្រះអង្គ ជា​ព្រះប្រមុខរដ្ឋ​អស់​មួយជីវិត​។ ព្រះអង្គ ពុំ​អាចមាន​បុគ្គល​ណា រំលោភបំពាន​បានឡើយ​។
 
​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ណា ដែល​រំលោភបំពាន​ឬ​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ ដែល​ទើបនឹងត្រូវបាន​តាក់តែង​កាលពីដើម​ឆ្នាំ​២០១៨​នេះ​។ ការប្រមាថ គឺជា​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ ដែល​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។ 
 
​បើតាម​មាត្រា​៤៣៧ (​ស្ទួន​) រូបវន្តបុគ្គល (​មនុស្ស​) ដែល​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។
 
​កន្លងមក មាន​បុរស​បីនាក់​ហើយ ដែល​ត្រូវបាន​ឃាត់ខ្លួន ដោយសារតែ​សរសេរ​និង​បង្ហោះ​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ អ្នក​ទាំងបី​នោះ មានឈ្មោះ ឃាង ណាវី ត្រូវ​ឃាត់ខ្លួន​នៅ​ខេត្តកំពង់ធំ ឈ្មោះ បាន សម្ភីរ ត្រូវ​ឃាត់ខ្លួន​នៅ​ខេត្តសៀមរាប និង ឈ្មោះ អៀង ជលសារ ត្រូវ​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ 
 
សូម្បីតែ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង ក៏​កំពុង​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ដែរ ដោយមាន​ក្រសួងយុត្តិធម៌ ជា​ស្នើ​ឲ្យ​ចាត់វិធានការ​។ លោក រង​បទ​ចោទ​នេះ ដោយសារតែ​លោក សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត គឺជា​ព្រះរាជសារ​ក្លែងក្លាយ​។ 
 
អត្ថបទទាក់ទង
 
​រីឯ នីតិបុគ្គល ដែល​សំដៅលើស្ថាប័ន ក្រុមហ៊ុន គ្រឹះស្ថាន អង្គភាព អង្គការ  សមាគម សហជីព និង​គណបក្សនយោបាយ ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​។ 
 
​មាត្រា​៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហម្មទណ្ឌ ពុំ​បានចែង​នោះទេ ពី​ការរំលាយ ការផ្អាក​សកម្មភាព ឬ​ការ​រឹបអូស​ទ្រព្យសម្បតិ្ត​នៃ​នីតិបុគ្គល​ណាមួយ ដែល​ប្រមាថ​ព្រះមហាក្សត្រ​។ ប៉ុន្តែ មាត្រា​នេះ បានកំណត់​ច្បាស់​ហើយ​ថា ក្រៅពី​ពិន័យ​ជា​ប្រាក់ នីតិបុគ្គល ដែល​ប្រមាថ​ព្រះមហាក្សត្រ អាច​នឹងត្រូវ​ទទួលទោស​ទណ្ឌ​ផ្សេងៗ​បន្ថែមទៀត​។​
 
​ទោស​បន្ថែម ដែល​តុលាការ អាច​នឹង​លើក​មក​អនុវត្ត​លើ​នីតិបុគ្គល ពីបទ​ប្រមាថ​ព្រះមហាក្សត្រ គឺ​ស្ថិតក្នុង​មាត្រា​១៧០ មាត្រា​១៧១ មាត្រា​១៧២ មាត្រា ១៧៦ និង​មាត្រា​១៧៨ ជាដើម នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​ទាំងនោះ ចែង​អំពី​ការរំលាយចោល ការបិទ ការផ្អាក​សកម្មភាព ការ​រឹបអូស​ទ្រព្យសម្បត្តិ និង​ការដាក់​នីតិបុគ្គល ឲ្យ​ស្ថិតក្រោម​ការតាមដានរ​បស់​តុលាការ​។​
 
​មាត្រា​១៧០ ចែងថា​៖«​សេចក្តីសម្រេច ដែល​បង្គាប់​ឲ្យ​រំលាយ​នីតិបុគ្គល នាំ​ឲ្យ​មានការ​បញ្ជូន​នីតិបុគ្គល​នេះ ទៅ​តុលាការ ដើម្បី​ជម្រះបញ្ជី​»​។​
 
​មាត្រា​១៧១ ចែងថា​៖«​ការដាក់ [​នីតិបុគ្គល​] ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាមដាន​របស់​តុលាការ មិនអាច​លើសពី​៥​ឆ្នាំ​។ [….]​។​
 
​មាត្រា​១៧២ ចែងថា​៖«​ការហាមឃាត់ [​នីតិបុគ្គល​] ចំពោះ​ការធ្វើសកម្មភាព អាចជា​ស្ថាពរ ឬ​ជា​បណ្តោះអាសន្ន សម្រាប់​ថិរវេលា​៥​ឆ្នាំ យ៉ាងច្រើន​»​។​
 
​មាត្រា​១៧៦ ចែងថា​៖«​ទោស​បិទ​គ្រឹះស្ថាន នាំ​ឲ្យ​មានការ​ហាមឃាត់​ចំពោះ​ការប្រព្រឹត្ត​នៅក្នុង​គ្រឹះស្ថាន​នេះ នូវ​សកម្មភាព ដែល​បទល្មើស​បានកើត​ឡើង [....]»​។​
 
​មាត្រា​១៧៨ ចែងថា​៖«​កាលបើ​រឹបអូស ក្លាយជា​ស្ថាពរ វត្ថុ​រឹបអូស ក្លាយជា​កម្មសិទ្ធិ​របស់​រដ្ឋ [….]»​។​
 
​នៅមុន​ឆ្នាំ​២០១៨ ក្រមព្រហ្មទណ្ឌ បានចែង​អំពី​ទោស នៃ​ការធ្វើឃាត ការធ្វើ​ទារុណកម្ម និង​ការប្រព្រឹត្ត​អំពើហិង្សា ជាដើម លើ​ព្រះមហាក្សត្រ​កម្ពុជា តែ​ពុំ​បានចែង​ពី​ការដាក់ទោស នៃ​ការប្រមាថ​ព្រះមហាក្សត្រ​នោះទេ​៕ 

Tag:
 ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com