អន្តរជាតិ
វិបត្តិនយោបាយស្រីលង្កា៖សភាបដិសេធការតែងតាំងនាយករដ្ឋមន្ត្រីថ្មីដែលធ្លាប់ជាមេដឹកនាំផ្តាច់ការ
× សមាជិកសភាស្រីលង្កាបានសម្រេចបោះឆ្នោតបដិសេធរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីថ្មីលោក Mahinda Rajapaksa នៅព្រឹកថ្ងៃពុធទី ១៤ ខែវិច្ឆិកានេះ។ ការសម្រេចនេះបញ្ជាក់ច្បាស់ថា លោក Ranil Wickramasinghe នៅតែជានាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីស្របច្បាប់របស់ស្រីលង្កាដដែល។
ស្ថានការណ៍នយោបាយស្រីលង្កាបានឈានដល់ដំណាក់កាលថ្មីមួយទៀត ដោយសមាជិករដ្ឋសភាចាប់ផ្តើមបដិសេធផ្តល់សេចក្តីទុកចិត្តដល់រដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលថ្មីលោក Rajapaksa ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី Maithripala Sirisena។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ការសម្រេចរបស់សមាជិកសភានេះបានន័យថា លោក Wickramasinghe នៅតែជានាយករដ្ឋមន្ត្រីស្របច្បាប់ ហើយលោក Rajapaksa ដែលត្រូវបានតែងតាំងថ្មីដោយប្រធានាធិបតីនោះមិនទទួលបានតំណែងស្របច្បាប់ឡើយ។
អ្នកជំនាញមើលឃើញថា ការបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីដែលត្រូវបណ្តេញចេញនេះនឹងបង្កើតបញ្ហាកាន់តែច្រើនដល់ប្រធានាធីបតី។ វាអាចនឹងមានការដាក់សម្ពាធលើប្រធានាធិបតីកាន់ខ្លាំងថែម មុនការបោះឆ្នោតមកដល់ឆ្នាំក្រោយផង។
ការបោះឆ្នោតបដិសេធរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីថ្មីក្នុងសភានេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការកំពូលស្រីលង្កាចេញសេចក្តីសម្រេចទាត់ចោលបទបញ្ជារបស់លោក Sirisena ក្នុងការរំលាយសភាចោល និងរៀបចំការបោះឆ្នោតមុនអាណត្តិមួយនោះ។ តុលាការសម្រេច ដោយផ្អែកលើបណ្តឹងរបស់សមាជិកសភាដែលមិនពេញចិត្តនឹងឥរិយាបថរបស់នាយករដ្ឋមន្ត្រីដែលព្យាយាមពង្រឹងអំណាច និងបង្កើតឲ្យវិបត្តិនយោបាយកើតឡើងកាន់តែជ្រៅនោះ។
តាមពិតទៅ វិបត្តិនយោបាយស្រីលង្កាផ្ទុះឡើងកាលពីចុងខែតុលាកន្លងទៅ បន្ទាប់ពីប្រធានាធិបតីស្រី Sirisena បណ្តេញនាយករដ្ឋមន្ត្រី Wickramasinghe ពីតំណែង។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រធានាធិបតីរូបនេះក៏បានតែងតាំងអតីតបុរសខ្លាំងដែលមានពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនិងពុករលួយលោក Rajapaksa ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីភ្លាមទៀត។
ការសម្រេចរបស់លោកបណ្តាលឲ្យមានវិបត្តិធម្មនុញ្ញ ដ្បិតថា ប្រធានាធិបតីមិនមានអំណាចដកតំណែងនាយករដ្ឋមន្ត្រីឡើយ។ ចាប់ពីមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៥មក អំណាចសម្រេចគឺស្ថិតនៅលើសភាឯណោះ។ លោក Wickramasinghe បដិសេធចាកចេញពីតំណែងនិងតាំងខ្លួនជានាយករដ្ឋមន្ត្រីស្របច្បាប់ដដែល៕
Tag:
ស្រីលង្កា
Mahinda Rajapaksa
Ranil Wickramasinghe
© រក្សាសិទ្ធិដោយ thmeythmey.com