កីឡាអន្តរជាតិ
អន្តរជាតិ
Formula 1 នឹងមាន​កីឡាករ​ថៃ​បើកបរ​លើកដំបូង នៅ​រដូវ​កាល ២០១៩
28, Nov 2018 , 7:59 am        
រូបភាព
​ក្រុម​ប្រណាំង​រថយន្ត Toro Rosso ដែលជា​កម្មសិទ្ធិ​របស់​ក្រុម Red Bull បានប្រកាសថា​កីឡាករ​ថៃ Alexander Albon នឹងចូលរួម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formula One ឲ្យ​ក្រុម​ខ្លួន​ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ​។​


 
Albon សញ្ជាតិ​អង់គ្លេស​-​ថៃ អាយុ ២២ ឆ្នាំ​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ នៅក្នុង​ការប្រណាំង​រថ​យន្ត Formula Two រដូវ​កាល​នេះ និង​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Nissan ក្នុង​ក្របខណ្ឌ Formula E series​។ រូបគេ​នឹង​ធ្វើជា​ដៃគូ​ជាមួយ​អ្នក​ប្រណាំង​ស​ញ្ញាតិ​រុស្ស៊ី Daniil Kvyat ជំនួស​កីឡាករ​នូ​វែ​ល​សេ​ឡង់ Brendon Hartley សម្រាប់​ក្រុម Toro Rosso នៅ​ឆ្នាំ​២០១៩​។​
 
​ការចូលរួម​របស់ Albon មានន័យថា​នឹងមាន​អ្នកបើកបរ​៤​នាក់​ដែល​កើត​នៅ​ចក្រភព​អង់គ្លេស​ក្នុង​យុទ្ធនា​ការណ៍​ប្រណាំង​រថយន្ត F1 ឆ្នាំ​២០១៩ ប៉ុន្តែ​រូបគេ​នឹង​ប្រណាំង​ក្នុងនាម​កីឡាករ​ថៃ និង​ប្រើប្រាស់​ទង់ជាតិ​ថៃ​នោះទេ​។​


 
Albon នឹង​ប្រជែង​ជាមួយ​កីឡាករ​រួម​ជាតិ​អង់គ្លេស​ដូចគ្នា​ដូចជា Lando Norris របស់ McLaren កីឡាករ George Russell របស់​ក្រុម Williams និង​ម្ចាស់​ជើងឯក ៥ សម័យ Lewis Hamilton របស់ Mercedes​។​
 
«​វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​នៅពេល​ដឹងថា​ខ្ញុំ​បាន​ចូលរួម​ប្រកួត Formula 1 ឆ្នាំក្រោយ​។ ពេញ​មួយ​អាជីព​របស់ខ្ញុំ ខ្ញុំ​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​។ ខ្ញុំ​ធ្លាប់​ត្រូវបាន​ក្រុម Red Bull ជម្រុះ​ចេញ​កាលពី​ឆ្នាំ ២០១២ ដូច្នេះ​តាំងពី​ពេល​នោះមក​ខ្ញុំ​បានដឹងថា​ផ្លូវ​របស់ខ្ញុំ​ទៅកាន់ Formula 1 គឺ​កាន់​នឹង​កាន់តែ​លំបាក​»​។ Albon រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន​ដូច្នេះ​។ 
 
​រូបគេ​បន្ថែមថា​៖«​ប​ន្តែ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ហើយ​ព្យាយាម​នៅ​រាល់​ពេលដែល​ខ្ញុំ​ចូល​ឡាន ហើយ​ខ្ញុំ​ត្រូវ​អរគុណ​ដល់ Red Bull និង​លោក Helmut Marko ជា​ប្រធាន​ក្រុម​ប្រណាំង ដែលមាន​ការជឿជាក់​លើ​ខ្ញុំ និង​ផ្តល់​ឲ្យ​ខ្ញុំ​សម្រាប់​ឱកាស​ទី​ពីរ​នេះ​»៕
 
 

Tag:
 ប្រណាំង​រថយន្ត​
  Formula One
  Alexander Albon
© រក្សាសិទ្ធិដោយ thmeythmey.com