កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ទទួលស្គាល់​បរាជ័យ តែ​មិន​ពេញចិត្ត​ទង្វើ​របស់​កីឡាករ PSG ជាពិសេស Neymar
29, Nov 2018 , 2:23 pm        
រូបភាព
​លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ Liverpool ថា​កូនក្រុម​របស់លោក​ត្រូវបាន​គេ​មើលទៅ​ហាក់ដូចជា​មនុស្ស​ព្រៃផ្សៃ​បំផុត​នៅពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​របស់ Paris Saint-Germain ម្តងៗ​ជាពិសេស​គឺ Neymar អំឡុង​ការប្រកួត​ដែល​ក្រុម​លោក​បរាជ័យ ២-១ ក្នុង​ក្របខណ្ឌ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ បរាជ័យ​នេះ​បានធ្វើ​ឲ្យ PSG ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​២ ក្នុង​ពូ​ល C ដែល​នាំ Liverpool ត្រូវ​ធ្លាក់​ទៅ​លេខ​៣​វិញ ហើយ Klopp រង​សម្ពាធ​ខ្លាំង​ខណៈ​ក្រុម​ប្រឈម​នឹង​ការធ្លាក់​ចេញពី​ពាន​កំពូល​អឺរ៉ុប​នេះ​។​

 
​លោក Klopp ទទួលស្គាល់ថា​ក្រុម​ម្ចាស់​ជើងឯក​បារាំង​ពិតជា​ទទួលបាន​ជ័យជម្នះ​សម្រាប់​ការចាប់ផ្តើម​ដ៏​លេចធ្លោ​តាំងពី​ដើមតង់​ទីមួយ នៅ​កីឡដ្ឋាន Parc des Princes ដែល​នាំ​ឲ្យ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Juan Bernat និង Neymar មុន James Milner រកបាន​បាល់​ពិន័យ​១១​ម៉ែត្រ​មុន​ចប់​តង់​។​


 
​ប៉ុន្តែ​អ្វីដែល​អ្នកចាត់ការ​សញ្ញជាតិ​អាល្លឺម៉ង់​រូបនេះ​មិន​ពេញចិត្ត​នោះ​គឺ​សកម្មភាព​ធ្វើ​ពុត​ដួល​នៅលើ​ទីលាន​របស់​កីឡាករ​ក្រុម​ម្ចាស់ផ្ទះ ជាពិសេស​គឺ​កីឡាករ​ថ្លៃ​បំផុត​លើ​លោក Neymar តែម្តង​។ ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​តែងតែ​ទទួលបាន​បាល់​ពិន័យ (Free Kick) រាល់ពេល​ប៉ះគ្នា​ជាមួយ​កីឡាករ Liverpool ដែល​មើលទៅ​ដូចជា​មាន​សភាព​របួស​ធ្ងន់ធ្ងរ​។​
 
«​ខ្ញុំ​ដឹងថា​វា​ជាការ​ប្រកួត​ដ៏​សំខាន់ ប៉ុន្តែ​ចំនួន​នៃ​ការរំខាន​ក្នុងការ​ប្រកួត​ច្រើនពេក​គឺ​មិនសូវ​ល្អ​ទេ​»​។ យើង​បានឈ្នះ​ពានរង្វាន់​លេង​ដោយ​យុត្តិធម៌ (Fair Play) ពីរដង​នៅ​អង់គ្លេស​រួចមកហើយ ប៉ុន្តែ​យប់​នេះ​កីឡាករ​របស់​យើង​មើលទៅ​ដូចជា​មនុស្ស​ឃៅ​ឃៅ​អ៊ីចឹង​ជាមួយនឹង​ចំនួន​កាត​លឿង​ដែល​ទទួលបាន​។ វា​ជា​ភាព​ឆ្លាត​វៃ​របស់ PSG ជាពិសេស​ការ​រំអួយ​របស់ Neymar ប៉ុន្តែ​កីឡាករ​ដទៃទៀត​មើលទៅ​ដូចជា​មិនមាន​អ្វីមួយ​ធ្ងន់ធ្ងរ​ឡើយ​។ Klopp បញ្ចេញ​អារម្មណ៍​មិន​ពេញចិត្ត​ដូច្នេះ​។​


 
​យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C ចំនួន​៥​ប្រួត​មកនេះ​នៅ​មិនទាន់មាន​ក្រុម​ណាមួយ​កក់​កៅអី​ទៅ​វគ្គ​បន្ត​នោះទេ ដោយ Napoli, PSG និង Liverpool សុទ្ធតែ​មានឱកាស​ដូចគ្នា ខណៈ Red Star Belgrade ព្យាយាម​រក​កៅអី​នៅ Europa League​។ ក្រុម​ពី​អ៊ីតាលី Napoli ឈ្នះ Red Star Belgrade ៣-១ ដែល​នាំ​ឲ្យ​ពួកគេ​មាន​៩​ពិន្ទុ នាំមុខ PSG មាន​៨​ពិន្ទុ Liverpool មាន​៦​ពិន្ទុ និង Red Star Belgrade មាន​៤​ពិន្ទុ​។ ទាំង​៤​ក្រុម​ត្រូវ​សម្រេច​ក្នុងការ​ប្រកួត​កាត់សេចក្តី​លើកចុងក្រោយ​ថា​តើ​អ្នកណា​ត្រូវ​នៅ និង​ត្រូវ​ឈានទៅ​វគ្គ​បន្ត ដោយ Liverpool ត្រូវ​ទទួលភ្ញៀវ Napoli ចំណែក PSG ធ្វើដំណើរ​ទៅ​ជួប Red Star នៅ​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨៕ 
 
 

Tag:
 បាល់ទាត់​
  Jurgen Klopp
  Neymar
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com