កីឡាជាតិ
ជាតិ
ទីលានបាល់ទាត់កំពង់ឆ្នាំងនឹងប្រើប្រាស់សម្រាប់កម្មវិធីប្រកួតធំៗ និងដាក់សំណាញ់ព័ទ្ធជុំវិញ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកអភិបាលខេត្តកំពង់ឆ្នាំង ឈួរ ច័ន្ទឌឿន ឯកភាពគ្នាលើការប្រើប្រាស់ទីលានបាល់ទាត់មុខសាលាខេត្ត
× នាជំនួបពិភាក្សានៅព្រឹកថ្ងៃទី១៤ ខែធ្នូ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានរកឃើញដំណោះស្រាយចំនួនពីរទាក់ទងនឹងការប្រើប្រាស់ទីលានកីឡាបាល់ទាត់ខេត្តកំពង់ឆ្នាំង។ តារាងមុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ ដោយឡែក ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេងមួយទៀត។ ជាមួយគ្នានេះ តារាងត្រូវព័ទ្ធជុំវិញដោយសំណាញ់ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។
«ក្រោយយើងជួបពិភាក្សាគ្នា យើងទទួលបានលទ្ធផលដ៏ល្អប្រសើរ ដែលអាចទទួលយកបានទាំងអស់គ្នា។ ខ្ញុំមិនទាន់អាចប្រាប់ឲ្យជាក់លាក់ពីអ្វីដែលយើងត្រូវរូវគ្នានោះទេ ដោយសារយើងកំពុងធ្វើការងារបន្ថែម ដើម្បីជំរុញឲ្យការងារនេះបានលទ្ធផល១០០ភាគរយ។ ប៉ុន្តែសម្រាប់ទីតាំងនេះ(ទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង) នឹងមានលទ្ធភាពរៀបចំកម្មវិធី និងការប្រកួតធំៗ។ តែការហ្វឹកហាត់ គឺយើងមិនអនុញ្ញាតនោះទេ ខ្លាចប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍»។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក្រោយជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នាសាលាខេត្តកំពង់ឆ្នាំង។
រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា លោកនឹងពិនិត្យមើលពីលទ្ធភាពក្នុងការអនុញ្ញាតឲ្យការហាត់សម និងលេងល្មមៗដំណើរការឡើងវិញ ក្រោយទីលាននេះត្រូវបានបំពាក់សំណាញ់ជុំវិញរួចរាល់។ ហើយលោក ក៏បានលើកពីគម្រោងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងដាំស្មៅទីលាននេះឡើងវិញផងដែរ។ តែលោក មិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ។
កាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៨ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសម្រេច ដោយបញ្ឈប់ឲ្យប្រើប្រាស់ទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំការប្រកួតនិងហ្វឹកហាត់បាល់ទាត់ ក្រោមហេតុផលដើម្បីបង្ហារនិងការពារគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ចំណាត់ការនេះ បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាស និងរងការរិះគន់យ៉ាងខ្លាំងពីមហាជន ពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកខ្លះបានសរសេរសារក្នុងទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ដើម្បីសុំការអន្តរាគមន៍ទៀតផង។
មួយសប្តាហ៍ក្រោយមកពោលគឺនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចាត់គណៈកម្មការជំនាញ១២រូប ដែលដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ដើម្បីចុះទៅត្រួតពិនិត្យ និងដោះស្រាយបញ្ហាទីលាននេះ។ ជាលទ្ធផលទីលាននេះ ត្រូវបានដាក់ឲ្យដំណើរការដោយអនុញ្ញាតឲ្យរៀបចំតែកម្មវិធីថ្នាក់ជាតិ និងការប្រកួតធំៗ និងដាក់សំណាញ់ព័ន្ធជុំវិញជាដើម៕
Tag:
បាល់ទាត់
លោក ស សុខា
ខេត្តកំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com