កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ «Man Utd មាន​អនាគត​របស់ Man Utd ឯខ្ញុំ​មាន​អនាគត​ដោយ​គ្មាន Man Utd»
20, Dec 2018 , 9:19 pm        
រូបភាព
​លោក Jose Mourinho បាន​និយាយ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ថា​លោក​មាន «​អនាគត​ដោយ​គ្មាន​ក្លិប Manchester United»​។ នេះ​ជាការ​លើកឡើង​ដំបូង​ហើយ​ចាប់តាំងពី​លោក​ចាក​ចេញពី​ទឹកដី Old Trafford ក្រោយ​ក្លិប​បញ្ចប់​តំណែង​ពី​អ្នកចាត់ការ​ទូទៅ​។​


 
​ក្លិប​បិសាច​ក្រហម​បាន​បណ្តេញ​លោក Mourinho ចេញពី​តំណែង​ក្រោយពី​ការបរាជ័យ​ក្រោម​ថ្វី​ជើង Liverpool ក្នុង​លទ្ធផល ៣-១ កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដែល​នាំ​ឲ្យ Man Utd តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Premier League នេះ​ដល់​ទៅ ១៩ ពិន្ទុ​ក្នុងចំណោម ១៧ ប្រកួត​ប៉ុណ្ណោះ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ប្រាប់​ទូរទស្សន៍ Sky Sports News ថា​៖«​ខ្ញុំ​មិន​ផ្លាស់ប្តូរ​អ្វី​ទេ ហើយ​អ្វីដែល​ខ្ញុំ​បានធ្វើ​នៅពេលដែល​ខ្ញុំ​ចាក​ចេញពី Chelsea គឺ​ដូចជា​ខ្ញុំ​បានធ្វើ​ឥឡូវនេះ​ដូចគ្នា​។ ខ្ញុំ​នៅតែ​រក្សា​រឿង​ល្អៗ ហើយ​ខ្ញុំ​នឹងមិន​និយាយ​អ្វី​ទាំងអស់​ដែល​កើតឡើង​នៅក្នុង​ក្លិប​»​។​


 
Mourinho បន្ថែមថា យើង​អាច​និយាយ​តែ​អំពី​រឿង​ល្អៗ​ជាច្រើន ហើយ​ឲ្យ​វា​ចប់​ទៅ​។​
 
​អតីត​អ្នកចាត់ការ Chelsea, Real Madrid និង Inter Milan រូបនេះ បដិសេធ​មិន​និយាយ​ឲ្យ​លំអិត​អំពី​ការចែក​ផ្លូវ​គ្នា​រវាង​លោក និង​ក្លិប Man Utd ឡើយ​។​
 
«Manchester United មាន​អនាគត​ដោយ​គ្មាន​ខ្ញុំ ហើយ​ខ្ញុំ​មាន​អនាគត​ដោយ​គ្មាន Manchester United ដូច្នេះ​ហេតុអ្វី​ខ្ញុំ​ត្រូវ​នៅ​បន្ត​ចែករំលែក​ជាមួយ​អ្នក ឬ​សូម្បី​ជាមួយ​អ្នកគាំទ្រ ទាំង​ប៉ះបាល់​ដល់​អារម្មណ៍​ខ្ញុំ​នោះ​? វា​ផុត​ទៅហើយ​។ នេះ​ជា​វិធី​ដែល​ខ្ញុំ​តែងតែ​ធ្វើ ហើយ​ខ្ញុំ​តែងតែ​រិះគន់​អ្នកចាត់ការ​ដទៃ​ដែល​ចាក​ចេញពី​ក្លិប​ហើយ​ពួកគេ​ចេញមក​និយាយ​ពី​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ជាមួយ​ក្លិប​។ ទាំងនេះ​មិនមែន​ខ្ញុំ​ទេ ខ្ញុំ​គ្រាន់តែ​ចង់​បញ្ចប់​វា​ឲ្យ​ល្អ​ប៉ុណ្ណោះ​»​។​
 
​ក្រោយ​ការចាកចេញ​របស់​អ្នកចាត់ការ​រហស្សនាម Special One ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស ២០​សម័យ បានប្រកាស​អតីត​កីឡាករ​ខ្លួន​លោក Ole Gunnar Solskjaer ជា​អ្នកដឹកនាំ​ក្រុម​ជំនួស​រហូតដល់​ចប់​រដូវ​កាល ២០១៨-២០១៩ នេះ​តែម្តង​៕
 
 

Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com