ជាតិ
បុរស​ជះ​ស្រា​បៀ​លើ កញ្ញា ទេព បូ​ព្រឹក្ស ចេញមុខ​សុំទោស ដោយ​អះអាងថា មកពី​ខ្លួន​ស្រវឹង
28, Dec 2018 , 4:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុរស​ម្នាក់ ដែល​បាន​ជះ​ស្រា​បៀ​លើក​ញ្ញា ទេព បូ​ព្រឹក្ស បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ  ដោយ​អះអាងថា មកពី​ខ្លួន​ស្រវឹង​។ បុរស​ម្នាក់​នោះ ក៏​យល់ព្រម​សងជំងឺចិត្ត ដល់ក​ញ្ញា ទេព បូ​ព្រឹក្ស ផងដែរ​។​

 
​លោក ឆេង រស្មី ដែល​បាន​ជះ​ស្រា​បៀ​លើ កញ្ញា ទេព បូ​ព្រឹក្ស នេះ បាន​រៀបរាប់​នៅក្នុង​សន្និសីទកាសែត​ថា ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មិន​គប្បី​លើ​តារាចម្រៀង​ស្រី​នេះ គឺ​មកពី​ខ្លួន​ស្រវឹង​ពេក ទើប​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី ហើយ​ធ្វើ​ទង្វើ​មិនល្អ​នេះ​។ «​ខ្ញុំ​សោកស្ដាយ ដែល​បាន​ជះ​ស្រា​លើក​ញ្ញា ទេព បូ​ព្រឹក្ស ដោយសារ​ថ្ងៃនោះ ជា​ថ្ងៃ​ជួបជុំ​ក្នុង​ថ្ងៃ​គ្រី​ស្មាស ហើយ​ខ្ញុំ​បាន​ញាំ​គ្រឿង​ស្រវឹង​ច្រើន ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ស្រវឹង​ប្រព្រឹត្ត​ខុសឆ្គង​នេះ​…​។​ហើយ​ខ្ញុំ​ក៏​មិនបាន​ចាំ​ថា​ខ្ញុំ​បានធ្វើ​អ្វីខ្លះ​នោះទេ »​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆេង រស្មី ដែល​យល់ព្រម​អនុវត្តតាម​ការទាមទា​រ​របស់​កញ្ញា ទេព បូ​ព្រឹក្ស​។​
 
​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ទេព បូ​ព្រឹក្ស បានបញ្ជាក់​បន្ថែមថា ជនបង្ក​កំហុស បាន​សន្យា​មិន​គុំ​គួ​ន​លើក​ញ្ញា ទេព បូ​ព្រឹក្ស ហើយនឹង​យល់ព្រម​ផ្ដល់​សំណង​ជូន​តារាចម្រៀង​រូបនេះ​ផងដែរ​។ ប៉ុន្តែ​មេធាវី​រូបនេះ មិនបាន​បញ្ជាក់ថា សំណង​ដែល​ជន​ប្រព្រឹត្ត​កំហុស អាច​សង​ក្នុង​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះទេ​។​
 
​គួរ​បញ្ជាក់ថា អ្នកចម្រៀង​វ័យ​ជាង​២០​ឆ្នាំ​រូបនេះ ត្រូវបាន​លោក ឆេង រស្មី គប់​កំប៉ុង និង​ជះ​ស្រា​បៀរ​ទៅលើ​ខ្លួន នៅពេលដែល​នាង​កំពុង​ច្រៀង​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​ថ្ងៃទី ២៥ ធ្នូ កន្លងមក​៕
 
 

Tag:
 ទេព បូ​ព្រឹក្ស​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com