កីឡាអន្តរជាតិ
អន្តរជាតិ
Andres Iniesta សារភាពថា ខ្លួនធ្លាប់មានជំងឺបាក់ទឹកចិត្ត (depression)
× ខ្សែបម្រើឆ្នើម Andres Iniesta បានរៀបរាប់ពីជំងឺបាក់ទឹកចិត្ត (Depression) ដែលកើតឡើងលើខ្លួននៅក្រោយពេលឈ្នះពានរង្វាន់ចំនួន៣ជាមួយ Barcelona នៅរដូវកាល ២០០៨-២០០៩។
Iniesta ដែលបច្ចុប្បន្នកំពុងប្រកបអាជីពឲ្យក្លិប Vissel Kobe នៃលីគកំពូលជប៉ុន បានអធិប្បាយថាខ្លួនបានតស៊ូនឹងជំងឺ Depression អស់រយៈប៉ុន្មានខែ បន្ទាប់ពីមិត្តភក្តិរបស់គេឈ្មោះ Dani Jarque ដែលជាអតីតប្រធានក្រុម Espanyol បានស្លាប់ដោយសារជំងឺខ្សោយបេះដូងក្នុង។
អតីតសមាជិកជម្រើសជាតិអេស្ប៉ាញ វ័យ៣៤ឆ្នាំ បានចុះក្នុងសៀវភៅជីវប្រវត្តិរបស់ខ្លួនដែលចេញផ្សាយក្នុងឆ្នាំ២០១៦ ដោយសរសេរថាក្នុងស្ថានភាពដ៏លំបាកបែបនេះមនុស្សអាចធ្វើអ្វី «ឆ្កួតៗ»។
Iniesta រៀបរាប់ថា៖«វាបានចាប់ផ្តើមបន្ទាប់ពីខ្ញុំបានឈ្នះពានបីជាមួយ Barca នៅរដូវកាល២០០៨-២០០៩។ ខ្ញុំជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះទល់នឹង Chelsea (នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League) អ្នកឈ្នះពានបីផ្សេងគ្នាក្នុងឆ្នាំតែមួយ ដែលជារឿងដែលមិនគួរឲ្យជឿ ... ហើយមុនឆ្លងចូលទៅរដូវកាលថ្មីអំឡុងការប្រកួតកំដៅសាច់ដុំ ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អតែម្តង»។
ក្នុងបទសម្ភាសរបស់ទូរទស្សន៍ La Sexta ដែលសួរថាតើគាត់អាចនឹងយកជីវិតខ្លួនរបស់គាត់ដែរទេ Iniesta ឆ្លើយថា «មែនហើយអ្នកកំពុងនិយាយអំពីស្ថានភាពធ្ងន់ធ្ងរមួយ។ មិនមែនដោយសារតែខ្ញុំចង់ធ្វើវា ឬគិតថានឹងធ្វើវានោះទេ ប៉ុន្តែដោយសារតែអ្នកមិនមែនជារបស់ខ្លួនឯង (ប្រព្រឹត្តរឿងអ្វីមួយដោយមិនដឹងខ្លួន)»។
Iniesta ដែលលេងឲ្យ Barcelona ១៦រដូវកាលបន្ថែមថា នៅពេលអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបនេះគឺវាពិបាកក្នុងការគ្រប់គ្រងខ្លួនឯងណាស់ ហើយអ្វីៗអាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ពួកគេសម្រេចចិត្តធ្វើអ្វីមួយព្រោះគិតថាពួកគេមិនល្អ៕
Tag:
Andres Iniesta
ជំងឺបាក់ទឹកចិត្ត
Depression
© រក្សាសិទ្ធិដោយ thmeythmey.com