ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ និងម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមបានសិទ្ធទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ បន្ទាប់ពីក្រុមទាំងពីរប្រកួតស្មើគ្នា ១-១ ក្នុងជំនួបចុងក្រោយពូល A នៅថ្ងៃទី១៤ ខែមករានេះ។ ចំណែកឥណ្ឌាដែលលេចធ្លោនៅប្រកួតបើកឆាកនោះត្រូវត្រឡប់ទៅផ្ទះវិញក្រោយចាញ់បារ៉ែន ១-០។ គ្រូបង្វឹកជនជាតិអង់គ្លេសដើមកំណើតស៊ីបលោក Stephen Constantine បានប្រកាសលាលែងពីក្រុមជម្រើសជាតិឥណ្ឌាភ្លាមៗផងដែរ។
ខ្សែបម្រើ Thitipan Puangchan ជាអ្នករកគ្រាប់បាល់តាមស្មើឲ្យថៃនៅនាទី៤១ មុនការនាំមុខរបស់អេមីរ៉ាតអារ៉ាប់រួមនៅ៧នាទីដំបូងនៃវគ្គទី១ដែលធ្វើបានដោយខ្សែប្រយុទ្ធ Ali Ahmed Mabkhout។
ចូលដល់តង់ទី២ក្រុមទាំងពីរមិនមានគ្រាប់ស៊ុតចូលទីគ្នាឡើយ ដោយចប់ការប្រកួតម្ចាស់ផ្ទះស្មើថៃ ១-១។ លទ្ធផលស្មើគ្នានេះបាននាំឲ្យក្រុមទាំងពីរអាចឈានទៅកាន់វគ្គខ្វែង ដ្បិតអេមីរ៉ាតអារ៉ាប់រួមនៅរក្សាចំណាត់ថ្នាក់កំពូលតារាងពូល A ជាមួយពិន្ទុសរុប៥ពិន្ទុក្រោយឆ្លងកាត់ការប្រកួតទាំង៣លើក ខណៈក្រុមរហស្សនាមដំរីថៃឡើងទៅឈរលេខរៀងទី២មាន៤ពិន្ទុ។
ថៃជាក្រុមពីតំបន់អាស៊ានដំបូងគេដែលបានឆ្លងផុតវគ្គចែកពូលសម្រាប់ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីលើកទី១៧នេះ ស្របពេលដែលហ្វីលីពីន និងវៀតណាមនៅសល់ឱកាសតិចតួចប៉ុណ្ណោះព្រោះចាញ់ទាំងពីរលើកក្នុងពូលដូចគ្នា។
ក្នុងពូល A ដដែលនេះ ឥណ្ឌាដែលជាក្រុមបង្ហាញភាពលេចធ្លោជាងគេនៅប្រកួតបើកឆាកដោយយកឈ្នះថៃដល់ទៅ ៤-១ នោះ ទទួលបានត្រឹមលទ្ធផលខកចិត្តប៉ុណ្ណោះដោយត្រូវហាលអាវត្រឹមវគ្គសន្សំពិន្ទុបន្ទាប់ពីបរាជ័យពីរប្រកួតចុងក្រោយ។ ឥណ្ឌាចាញ់បារ៉ែន ១-០ នាជំនួបកាត់សេចក្តី បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ ២-១ ក្នុងការប្រកួតលើកទី២ ទទួលបាន៣ពិន្ទុស្ថិតនៅបាតតារាង។
ខ្សែបម្រើ Jamal Rashid ជាអ្នកស៊ុតបាល់ពិន័យប៉េណាល់ទីមួយគ្រាប់ជួយបារ៉ែនយកឈ្នះឥណ្ឌា ១-០ ដើម្បីនាំប្រទេសនេះមាន៤ពិន្ទុស្ថិតនៅចំណាត់ថ្នាក់ទី៣ក្នុងពូល។ ៤ពិន្ទុនេះបាននាំឲ្យបារ៉ែនជាក្រុមមានភាគរយច្រើនដើម្បីក្លាយជាក្រុមលេខ៣ល្អបំផុត ក្នុងការបន្តទៅវគ្គ១/៨ផ្តាច់ព្រ័ត្រជាមួយថៃ និងម្ចាស់ផ្ទះដែរ។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកអង់គ្លេសដើមកំណើតស៊ីបលោក Stephen Constantine បានប្រកាសលាលែងពីក្រុមជម្រើសជាតិឥណ្ឌា ក្រោយដឹកនាំអស់រយៈពេល៤ឆ្នាំ។
«គោលដៅរបស់ខ្ញុំកាលពីថ្ងៃដំបូង គឺនាំឥណ្ឌាឆ្លងផុតវគ្គជម្រុះ Asian Cup។ ខ្ញុំធ្វើបានសម្រេចហើយ ខ្ញុំមានមោទកភាពណាស់ចំពោះក្រុមកីឡាករទាំងអស់»។ នេះជាការលើកឡើងរបស់លោក Constantine ដែលធ្លាប់ដឹកនាំក្រុមម្តងហើយពីឆ្នាំ២០០២ដល់ឆ្នាំ២០០៤ ដោយលោកបន្ថែមថា ជាពេលវេលាដែលត្រូវផ្លាស់ប្តូរទៅមុខ។
ក្រោមការដឹកនាំរបស់លោក Constantine ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌា ទទួលបានលទ្ធផលដ៏គួរឲ្យកត់សម្គាល់ ជាពិសេសការឈានដល់ក្នុងក្រុម Top 100 ក្នុង FIFA Ranking នាឆ្នាំ២០១៧ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ២១ឆ្នាំ៕