Asian Cup៖ ចិន វាយបក​ឈ្នះ​ថៃ ឡើងទៅ​ប៉ះ​អុីរ៉ង់​ដែល​ទម្លាក់​អូ​ម៉​ង់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​
កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ចិន វាយបក​ឈ្នះ​ថៃ ឡើងទៅ​ប៉ះ​អុីរ៉ង់​ដែល​ទម្លាក់​អូ​ម៉​ង់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​
21, Jan 2019 , 2:55 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ អុីរ៉ង់ ចិន និង​វៀតណាម បាន​ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​បន្តទៀត ក្រោយ​ឈ្នះ​គូប្រជែង​រៀងខ្លួន​នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ AFC Asian Cup 2019 នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​។​


 
​ក្រុម​មហា​យក្ស​ចិន បាន​វាយបក​យកឈ្នះ​ថៃ​ដោយ​លទ្ធផល ២-១ រីឯ​វៀតណាម​ទម្លាក់​ហ្សកដានី​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ផ្លូវការ ១-១ ខណៈ​អុីរ៉ង់​ឈ្នះ​អូ​ម៉​ង់​ក្នុង​លទ្ធផល ២-០​។​

 
 
​ថៃ​ដែល​បាន​នាំមុខ​ចិន​១​គ្រាប់​មុន​តាំងពី​នាទី​៣១ ដោយ​ខ្សែប្រយុទ្ធ Supachai Jaided ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ ក្រោយ​កីឡាករ Zhi Xiao និង Lin Gao ស៊ុត​ម្នាក់​មួយ​គ្រាប់​នៅ​នាទី ៦៧ និង​៧១ ឲ្យ​ក្រុម​រហស្សនាម​នាគ​ក្រហម​ឈ្នះ​ក្រុម​ដំរី ២-១ វិញ ។ ជ័យជម្នះ​នេះ​បាន​នាំ​ចិន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​បន្តទៅ​ជួប​អុីរ៉ង់​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ ពីរ​គ្រាប់​របស់​អុីរ៉ង់​លើ​អូ​ម៉​ង់​ធ្វើបាន​ដោយ​កីឡាករ Alireza Jahanbakhsh និង Ashkan Dejagah​។​

 
 
​ចំណែក​ម្ចាស់​ជើងឯក Suzuki Cup 2018 វៀតណាម​បាន​ក្លាយជា​ក្រុម​ពី​តំបន់​អាស៊ាន​តែមួយគត់​ដែល​អាច​ឆ្លង​ផុត​វគ្គ ១៦​ក្រុម នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ ហើយ​ត្រូវ​អង្គុយ​រង់ចាំ​ជំនួប​រវាង ជប៉ុន​/​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​វគ្គ​បន្ត​៕
 
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com