ជាតិ
សេដ្ឋកិច្ច
លោក ហៃ លី​អ៊ាង រួមចំណែក​អភិវឌ្ឍ​ជនបទ តាមរយៈ​ការកែច្នៃ​ផលិតផល​សរីរាង្គ​
27, Jan 2019 , 4:08 pm        
រូបភាព
លោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM
លោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM
​នៅពេលដែល​លោក​គ្រប់គ្រង​ឱសថស្ថាន​របស់ខ្លួន​ប្រទេស​បារាំង​កាលពី​អំឡុង​ឆ្នាំ​១៩៨០ លោក ហៃ លី​អ៊ាង ដែលជា​ឱសថ​បណ្ឌិត បាន​ផ្តួចផ្តើម​ផលិត Tabastop ដែលជា​ប្រភេទ​ថ្នាំ​បៀម​ដើម្បី​ផ្តាច់​បារី និង Phytorel ដែលជា​ប្រភេទ​ថ្នាំ​បំប៉ន​ផ្អែក​តាម​គោលការណ៍​អាហារូបត្ថម្ភ​ដែល​ផ្សំ​ពី​ម្សៅ​ផ្លែឈើ​គ្មាន​ជាតិ​ស្ករ និង​រុក្ខ​ឱសថ​។​

 
​សកម្មភាព និង​ការច្នៃប្រឌិត​ទាំងនេះ ជា​ចំណែក​ដ៏​ធំ​មួយ​របស់លោក ហៃ លី​អ៊ាង ស្ថាបនិក​ក្រុមហ៊ុន Confirel ក្នុងការ​ចូលរួម​អភិវឌ្ឍន៍ជនបទ​។ បង្កើតឡើង​នៅ​ឆ្នាំ​២០០១  ក្រុមហ៊ុន Confirel ដែល​ឈានមុខ​គេ​ក្នុង​វិស័យ​ក​សិ​-​ជីវសាស្ត្រ មាន​ផលិតផល​ជាង​៣០​មុខ ដែល​ផលិត​ចេញពី​ស្ករត្នោត​ពី​ខេត្តកំពង់ស្ពឺ និង​ម្រេច​ពី​ខេត្តកំពត ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។​
 
​តាមរយៈ​ផលិតផល​របស់ Confirel លោក ហៃ លី​អ៊ាង ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​ឱសថ PPM ផងដែរ​នោះ បានលើកឡើង​ពី​ផលប្រយោជន៍​នៃ​ការច្របាច់បញ្ចូលគ្នា​រវាង​ជំនាញ​បែប​ប្រពៃណី និង​ការច្នៃប្រឌិត ដែល​ឈានទៅដល់​ការលើកកម្ពស់​ផលិតផល​ជាតិ ឲ្យ​មាន​វត្តមាន​នៅលើ​តុ​អាហារ​ធំៗ​លើ​ពិភពលោក ក៏ដូចជា​ក្នុងចំណោម​គ្រឿងទេស​ល្អ​បំផុត​។​
 
​ឱសថ​បណ្ឌិត​រូបនេះ បាន​រំលឹក​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​បានចាប់ផ្តើម​ជា​ស្ករត្នោត​។ អស់​រយៈពេល​១៨​ឆ្នាំ ផលិតផល​ស្ករត្នោត​ជា​ប្រពៃណី​ដែល​ផលិត​ដោយ​ប្រជាកសិករ មាន​វត្ត​មានតែ​នៅលើ​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​។ អ្នក​ឡើងត្នោត​ទៀតសោត បាន​ផលិត​ទឹកត្នោតជូរ​ដែលមាន​គុណ​ភាព​អន់ ហើយ​ក្រុម​មគ្គុទេសក៍ បាន​ហាម​ភ្ញៀវទេសចរ​សាកល្បង​រស​ជាតិ​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​តាមរយៈ​ការចូលរួម​ប្រកួតប្រជែង​ផលិត​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម និង​អភិវឌ្ឍ​អន្តរជាតិ (CIRAD) នៅ​បារាំង យើង​បោះជំហាន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ដោយ​យើង​ផលិត​បាន​ស្ករត្នោត​សរីរាង្គ​ដែលមាន​គុណភាព​ពិសេស ហើយ​ឈាន​ទទួលបាន​ពានរង្វាន់​ក្នុង​ព្រឹត្តិការណ៍ Salon Natexpo នៅ​ក្រុងប៉ារីស កាលពី​ឆ្នាំ​២០០៥​។ នេះ​ជាការ​ចាប់ផ្តើម​ដ៏​ជោគជ័យ​របស់​យើង ដែល​នាំ​ឲ្យ​មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​»​។​
 
​បន្ថែម​លើ​ស្ករត្នោត និង​ផលិតផល​ផ្សេងទៀត ក្រោម​ម៉ាក​ពាណិជ្ជកម្ម «​ត្នោត​» (Thnot) ដូចជា​ស្រា និង​ភេសជ្ជៈ​សរីរាង្គ​នានា ក្រុមហ៊ុន Confirel ក៍​ដំណើរ​ការផលិត និង​ធ្វើ​ពាណិជ្ជកម្ម​លើ​ដំណាំ​ម្រេច​សរីរាង្គ​នៅ​ខេត្តកំពត​ផងដែរ​។​
 
​ជាមួយនឹង​ភាពល្បីល្បាញ​ក្នុងនាម​ជា​ប្រភេទ​ម្រេច​ដ៏​ល្អ​មួយ​នៅលើ​ពិភពលោក ក្រុមហ៊ុន Confirel ខិតខំ​បង្កើត​ផលិតផល​ថ្មីៗ​សម្បូរបែប ដើម្បី​បំពេញតម្រូវការ​អតិថិជន​។ អ្វីដែល​ពិសេស​នោះ Confirel មាន​ផលិតផល​សរីរាង្គ​ដែល​បង្កើត​ចេញពី​ម្រេច​កំពត​ខ្ចី ដូចជា តែ​ម្រេច ជាដើម ដែល​នាំ​ឲ្យ​ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន​ទាំងមូល ទទួលបាន​ប៉ាតង់​ពី​បារាំង និង​បណ្តា​ប្រទេស​ជាច្រើន​។​
 
«​ពលរដ្ឋ​ខ្មែរ​មួយចំនួន​វាយតម្លៃថា ផលិតផល​ក្នុងស្រុក មិនអាច​ប្រៀបផ្ទឹម​ជាមួយ​ផលិតផល​ពី​បរទេស​បាន​នោះឡើយ​។ សោកស្តាយ​ខ្លាំងណាស់ ដែល​ពួកគាត់​មើលឃើញ​ខុស​បែបនេះ​»​។ លោក​បាន​ត្អូញត្អែ​យ៉ាង​ដូច្នេះ មុននឹង​បន្ថែមថា ក្រុមហ៊ុន Confirel របស់លោក​ប្រឹង​ធ្វើ​ឲ្យ​ពួកគាត់​មើលឃើញ​វិជ្ជមាន​ឡើងវិញ​។​
 
​លោក លី​អ៊ាង សំដែង​ការរីករាយ​នូវ​អ្វីដែល​លោក និង​ដៃគូ ពោលគឺ​ក្រុម​អ្នក​សមាជិក​ស្ករត្នោត​នៅ​កំពង់ស្ពឺ និង​ម្រេច​នៅ​កំពត ដែល​បានរួម​គ្នា​ជម្នះ​ឧបសគ្គ ជាមួយនឹង​ការគាំទ្រ​បន្ថែម​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ថែមទាំង​ផង​។  អ្វីដែល​បោះជំហាន​ទៅមុខ​នោះ គឺ ផលិតផល​របស់ Confirel ទទួលបាន​វិញ្ញាបនបត្រ​សរីរាង្គ​លើកដំបូង​ពី​ស្ថាប័ន Ecocert International សម្រាប់​ទីផ្សារ​អឺរ៉ុប អាមេរិក និង​ជប៉ុន​។​
 
​បើ​គិត​ចាប់តាំងពី​ទទួលបាន​មេដាយមាស​នៅ​ព្រឹត្តិការណ៍ Natexpo និង​ជ័យលាភី​ជាច្រើន​ផ្សេងទៀត ផលិតផល​របស់​ក្រុមហ៊ុន Confirel មានការ​ទទួលស្គាល់​កាន់​ខ្លាំង ជាពិសេស​កាលពី​ឆ្នាំ​២០១៧ ស្ករត្នោត​សរីរាង្គ បាន​ជាប់​ជា​ផលិតផល​ដែល​ល្អ​ជាងគេ​នៅ​អាស៊ាន ក្រោម​ការទទួលស្គាល់រ​បស់ Asean Food Conference និង​ជា​ផលិតផល​ល្អ​ជាង​ប្រចាំឆ្នាំ​ដែល​ទទួលស្គាល់​ដោយ​ទស្សនា​វ​ដ្តី​ជប៉ុន Kingdom Cuisine​។​
 
​សម្រាប់​លោក លី​អ៊ាង ពលរដ្ឋ​ខ្មែរ​ខ្លួនឯង គឺជា​អ្នក​ដែល​ដើរតួនាទី​ក្នុងការ​ពង្រីក​ផលិតផល​លើ​ទីផ្សារ​អន្តរជាតិ និង​ជាការ​រួមចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​។ លោក​លើកឡើង​ពី​គម្រោង​អាជីវកម្ម​ដ៏​សាមញ្ញ​បំផុត គឺ​បង្កើត​ស្នាដៃ​នៅ​កម្ពុជា ដោយ​ប្រើ​វត្ថុធាតុដើម​លាយ​ជាមួយនឹង​ការកែច្នៃ​បន្ថែម​ដើម្បី​រួមចំណែក​បង្កើន​ចំណូល​ដល់​ប្រជាកសិករ​។​
 
​លោក​បាន​ពន្យល់ថា​៖ «​នៅពេលដែល​ខ្ញុំ​បង្កើត​ក្រុមហ៊ុន Confirel មនុស្ស​ជាច្រើន​នាពេលនោះ និយាយថា ខ្ញុំ​ជាម​នុស្ស​ឆ្កួត ព្រោះ​មាន​សញ្ញាបត្រ​ជា​ឱសថការី បែរជា​ប្រឡូក​ខ្លួន​ក្នុង​ពិភព​កសិករ​ទៅវិញ​។ សម្រាប់​ខ្ញុំ ខ្ញុំ​ចូលចិត្ត​ការងារ​ជាមួយ​កសិករ ពីព្រោះ​កន្លងមក ខ្ញុំ​ឃើញ​គម្លាត​យ៉ាង​ឆ្ងាយ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​រវាង​ទីក្រុង និង​ជនបទ​។ តាមពិតទៅ ការអភិវឌ្ឍន៍​ជនបទ គឺជា​ការងារ​ដែល​យើង​ត្រូវ​ប្រឹងប្រែង​ដើម្បី​ភាពសុខដុមរមនា​ក្នុងសង្គម​»៕

Tag:
 ហៃ លី​អ៊ាង​
  confirel
© រក្សាសិទ្ធិដោយ thmeythmey.com