ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន ហាម​NGO មាន​សកម្មភាព​ពាក់ព័ន្ធ​ហិរញ្ញប្បទាន​អាវុធ​ប្រល័យលោក ដែល​នាំ​បច្ច័យ​អាក្រក់​ដល់​កម្ពុជា​
29, Jan 2019 , 1:32 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិលោក ប្រាក់ សុខុន ជួប​ក្រុម​អង្គការ និង​សមាគម នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដំណោះស្រាយ​រួមគ្នា​មួយ នៅ​ព្រឹក​ថ្ងៃទី​២៩ មករា​។​
រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិលោក ប្រាក់ សុខុន ជួប​ក្រុម​អង្គការ និង​សមាគម នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដំណោះស្រាយ​រួមគ្នា​មួយ នៅ​ព្រឹក​ថ្ងៃទី​២៩ មករា​។​
​ភ្នំពេញ​៖ អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ ត្រូវអនុវត្ត​សកម្មភាព​របស់ខ្លួន ឲ្យ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេង ហើយ​មិនត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​ការលាង​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​អាវុធ​ប្រល័យ​លោក​ទេ​។ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​បែបនេះ​ទៅកាន់​ក្រុម​អង្គការ និង​សមាគម នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដំណោះស្រាយ​រួមគ្នា​មួយ នៅ​ព្រឹក​ថ្ងៃទី​២៩ មករា​។​


 
​ជំនួប​ជា​លើកដំបូង​នេះ លោក ប្រាក់ សុខុន បាន​ផ្ដើមនិយាយ​ពី​ចំណុច​វិជ្ជមាន​របស់​ក្រុម​សមាគម អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុងស្រុក និង​បរទេស ដែល​បាន​ជួយ​ជំរុញ​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ចាប់តាំងពីភាពលំបាករហូតមកដល់​បច្ចុប្បន្ននេះ​។ វា​ជា​គុណ​តម្លៃ​មួយ​របស់​អង្គការ សមាគម ដែល​កម្ពុជា​មិនអាច​បំភ្លេចបាន​។ 
 
​ដ្បិត​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ទាំងនោះ ខិតខំ​ធ្វើ​អ្វីៗ​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្តី ប៉ុន្តែ​ពួកគេ​មិនត្រូវ​ធ្វើ​អ្វី​ហួស​ដែន​សមត្ថកិច្ច​ខ្លួន​ដែរ ពោលគឺ​ពួក​គេ​ត្រូវធ្វើ​សកម្មភាព​ការងារ ដោយ​ត្រូវអនុវត្ត​ស្ថិត​ត្រឹម​ដែន​កំណត់​សិទ្ធិ ក្នុងការ​ប្រតិបត្តិការ​រៀងៗខ្លួន ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។ នេះ​ជា​ចំណុច​បន្ទាប់​ដែល​លោក ប្រាក់ សុខុន ប្រាប់​ទៅ​មន្ត្រី និង​អ្នកតំណាង​របស់​អង្គការ និង​សមាគមជាតិ​-​អន្តរជាតិ​ទាំងនោះ​។​
 
​ក្រោយ​ចំណាយពេល​ជាង​១០​នាទី រៀបរាប់​ពី​ចំណុច​ខាងលើនេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏​បន្ត​និយាយ​អំពី​ហិរញ្ញប្បទាន​ប្រតិបត្តិ​ការងារ​របស់​ក្រុម​អង្គការ សមាគម​ទាំងនេះ មុននឹង​បិទ​បញ្ចប់​សន្ទរកថា​ខ្លួន​។ លោក ប្រាក់ សុខុន ស្នើ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់ខ្លួន​តាម​ប្រព័ន្ធ​ធនាគារ​ដែល​ស្របច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ផ្លូវ​ការចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​ចៀសវាង​ការធ្វើ​ប្រតិបត្តិការ​ណាមួយ ពាក់ព័ន្ធ​នឹង​ការលាង​សម្អាត​ប្រាក់ ដែល​នាំ​បច្ច័យ​អាក្រក់ដល់​កម្ពុជា​។
   
​ក្នុង​បន្ទប់​កិច្ចប្រជុំ ដែល​ពោរពេញ​ទៅដោយ​ប្រមុខ​ថ្នាក់ដឹកនាំ​អង្គការ សមាគម​ជាង​៣០០​នាក់ ប្រមុខ​ការទូត​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សូម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់ អនុវត្ត​សកម្មភាព​របស់ខ្លួន​ឲ្យ​ស្របតាម​ក្របខ័ណ្ឌ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។ លើសពីនេះ​ទៀត សូម​ជៀសវាង​ជាដាច់ខាត​នូវ​សកម្មភាព​ទាំងឡាយណា ដែល​អាច​ជាប់​ពាក់ព័ន្ធ ឬ​គាំទ្រ​ដល់​ការលាង​សម្អាត​ប្រាក់ ហិរញ្ញប្បទានភេរវកម្ម និង​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ ដែល​បាន​កំណត់ឡើង​ដោយ​ក្រុម​ប្រទេស​អាស៊ី ប៉ាស៊ីហ្វិក​ស្តីពី​ការសម្អាត​ប្រាក់ ដើម្បី​ជៀសផុត​ពី​ការធ្លាក់​ចូលទៅក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​នេះ និង​កុំ​ឲ្យ​មាន​ជា​បច្ច័យ​អវិជ្ជមាន​ដល់​កម្ពុជា​យើង​លើ​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ លំហូរ​វិនិយោគ និង​នយោបាយ​ជាដើម​»​។​
 
​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចំនួន ៣៨៦ នៅមាន​សុពលភាព ។ ក្នុងនោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មកពី​ប្រទេស​ផ្សេងៗ​នៃ​ទ្វីបអាស៊ី អាមេរិក អឺរ៉ុប និង​អូស្ត្រាលី ដែលមាន​គម្រោង​សំខាន់ៗ​ផ្តោតលើ​វិស័យ​អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍​សហគមន៍ បរិស្ថាន និង​បោសសម្អាត​មីន​។ ដោយឡែក​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​ដៃគូ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ត្រូវ​បន្ត​សហការ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គ​ការដែល​នៅមាន​សុពលភាព MoU ជាមួយ​ក្រសួងការបរទេស ក្នុង​កិច្ចប្រតិបត្តិការ​សកម្ម​ភាព​របស់​ពួកគេ​។​ នេះជាការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីក្រសួងការបរទេស។
 
​សម្រាប់​កិច្ចប្រជុំ​នៅ​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​២៩​មករា​នេះ គឺជា​វេទិកា​ផ្ដល់​ឲ្យ​អង្គការ សមាគម​លើ​យក​បញ្ហា​ប្រឈម​នានា និង​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ពង្រឹង​ការអនុវត្ត ច្បាប់​និង​បទបញ្ញត្តិ​ជា​ធរមាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​សក្តិ​សមជា​នីតិរដ្ឋ​៕
 
 
 

Tag:
 ប្រាក់ សុខុន​
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com