ភ្នំពេញ៖ ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគក្នុងស្រុកយ៉ាងសំខាន់ រួមទាំងបានផ្ដល់ជំនួយរាប់ពាន់លានដុល្លារ ដល់កម្ពុជា។ ការជួយជ្រោមជ្រែងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានជំរុញឲ្យ កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍមួយក្នុងតំបន់អាស៊ាន មានកំណើនសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ និងឆាប់រហ័ស។ ទន្ទឹមនឹងការជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ ក៏មានការលេចឡើងនូវបញ្ហាក្នុងសង្គមច្រើនផងដែរ។ ចិនជួយសេដ្ឋកិច្ចកម្ពុជា ជារឿងប្រសើរហើយ ប៉ុន្តែការវិនិយោគលើវិស័យកាស៊ីណូច្រើន ជារឿងគួរឲ្យព្រួយបារម្ភ?
លំហូរអ្នកវិនិយោគចិនមានការកើនយ៉ាងគំហុគ នៅខេត្តព្រះសីហនុ ពិសេសលើការវិនិយោគលើកាស៊ីណូ (Casino)។ ក្នុងឆ្នាំ២០១៨ រដ្ឋាភិបាល បានផ្ដល់អាជ្ញាបណ្ណបង្កើតកាស៊ីណូ ចំនួន១៥០ ដល់វិនិយោគិន។ ចំនួននេះ បានកើនឡើង ៥៣ភាគរយ បើធៀបនឹងបំណាច់ឆ្នាំ២០១៧ មានតែ៩៨កន្លែង ប៉ុណ្ណោះ។ ចំនួនកាស៊ីណូទាំង១៥០ទីតាំងនេះ មាន៨៨ទីតាំង នៅខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់អគ្គនាយដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ខេត្តជាប់សមុទ្រមួយនេះ ក៏មានការកើនឡើងផងដែរ នូវសំណង់ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែវត្តមានដ៏ច្រើននៃជនជាតិចិនដែលមកវិនិយោគផ្នែកសណ្ឋាគារ កាស៊ីណូ និងអចលនទ្រព្យ ជាដើម។ ប៉ុន្តែវត្តមានជនជាតិចិន ដែលបានផ្លាស់ទីមកកម្ពុជា បានបង្កើតបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងច្រើន ពិសេសកើតមានឡើងក្នុងខេត្ត ព្រះសីហនុ ដូចជា ការចាប់ជំរិត និងគ្រឿងញៀនជាដើម។ ផលអវិជ្ជមានទាំងនេះ អាចបង្កជាហានិភ័យច្រើនទៀត នៅក្នុងខេត្តជាប់សមុទ្រមួយនេះ បើសិនជាអាជ្ញាធរ មិនយកចិត្តទុកដាក់ និងមិនគ្រប់គ្រងសកម្មភាពនេះឲ្យបានល្អ និងត្រឹមត្រូវ។ នេះជាការលើកឡើងរបស់លោក ព្រាប កុល នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា។
លោក ព្រាប កុល បានទទួលស្គាល់ថា ចិនពិតជារួមចំណែកមួយយ៉ាងសំខាន់ ក្នុងការរុញច្រានឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ទាំងវិស័យកាត់ដេរ សំណង់ និងទេសចរណ៍ ។ប៉ុន្តែទន្ទឹមនឹងការជួយនេះ ចិនក៏បានស្រូបយកសក្កានុពលយូរអង្វែងពីកម្ពុជាផងដែរ។ លោក ព្រាប កុល បានអះអាងដូច្នេះថា៖ « ចិនជួយកម្ពុជា ដោយចិនមើលឃើញ ពីសក្តានុពលរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ ពិសេសទីផ្សារអឺរ៉ុប ដែលកម្ពុជាអាចនាំចេញទំនិញបានគ្រប់ប្រភេទ ដោយមិនជាប់ពន្ធគយ។ លើសពីនេះ ចិនមានឱកាសវិនិយោគក្នុងវិស័យសហគ្រាស វិស័យរុករករ៉ែ ត្បូង និងធនធានធម្មជាតិក្រោមដីមួយចំនួនទៀត ហើយព្រមទាំងទទួលបានដីសម្បទានក្នុងរយៈពេលវែងរាប់សែនហិចតាផងដែរ។ នេះជាផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន ដែលចិនទទួលបានពីកម្ពុជា»។
នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជារូបនេះ បានបន្តថា ក្រៅពីការទទួលប្រយោជន៍សេដ្ឋកិច្ចពីកម្ពុជាវិញ ចិនបានបង្កបញ្ហាជាច្រើន នៅក្នុងសង្គមខ្មែរ។ ការរកស៊ី ដោយគ្មានសណ្តាប់ធ្នាប់ របស់ក្រុមជនជាតិចិនមួយចំនួន កំពុងបង្កភាពអាណាធិបតេយ្យ និងអសន្តិសុខក្នុងប្រទេស ពិសេសនៅក្នុងខេត្តព្រះសីហនុ។
លោក ព្រាប កុល បានសង្កត់ធ្ងន់ទៅលើវត្តមានកាស៊ីណូ រាប់សិនកន្លែង នៅខេត្តព្រះសីហនុ ដូច្នេះ៖ «ប្រសិនបើរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តឲ្យវិនិយោគិនចិនបង្កើត កាស៊ីណូ ក្នុងខេត្តនេះទៀត ដោយសម្លឹងមើលឃើញតែចំណូលពន្ធពីកាស៊ីណូទាំងនោះ ខេត្តមួយនេះនឹងបាត់បង់អធិបតេយ្យភាព និងក្លាយជាតំបន់ត្រួតត្រា ដោយជនជាតិចិន ដែលធ្វើឲ្យខ្មែរយើងលែងហ៊ានទៅទីនោះ ដោយសារហេតុផលខាងលើ។ ហើយខេត្តមួយនេះ មានរូបភាពមួយ លេចចេញឡើងជាដែនអាណាចក្រ ឬទីក្រុងមួយ ដែលមានអំណាចត្រួតត្រា ដោយប្រយោលពីជនជាតិចិន ហើយពេលនោះហើយ យើងមិនអាចដឹងថាមានរឿងអ្វីកើតឡើង ទៀតឡើយ»។
បើតាមលោក ឈាង វណ្ណារិទ្ធិ ដែលបានផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលគួរដកបទពិសោធន៍ពីបរទេស ដែលសើរើលើការវិនិយោគណាដែលមិនផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ឬប៉ះពាល់សង្គម។ លោកបានសង្កត់ធ្ងន់លើការវិនិយោគកាស៊ីណូនៅកម្ពុជា ដែលគួរពិនិត្យឡើងវិញ។ លោកថ្លែងដូច្នេះថា៖«(ការវិនិយោគចិន) នៅមានកង្វះខាតច្រើន ដោយសារតែការនាំចូលកម្លាំងពលកម្ម ខ្វះតម្លាភាព ជាដើម ហើយការវិនិយោគលើវិស័យកាស៊ីណូ អត់ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើងច្រើនទេ ដូចនេះយើងជាម្ចាស់ផ្ទះត្រូវទទួលខុសត្រូវលើផលប៉ះពាល់ទាំងឡាយដែលកើតចេញពីការវិនិយោគបរទេស»។
លោក សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងនេះ គឺគ្រាន់តែមើលឃើញ ផលអវិជ្ជមាននៃការវិនិយោគរបស់ចិនមកកម្ពុជា តែមួយជ្រុងប៉ណ្ណោះ។ សម្រាប់លោក សុខ ឥសាន បើកម្ពុជា ដែលជាប្រទេសអភិវឌ្ឍ ហើយមានអ្នកវិនិយោគចូលកាន់ច្រើននេះ គឺជារឿងកាន់តែល្អទៅវិញទេ។ ហើយភាពអសន្តិសុខ នៃខេត្តព្រះសីហនុ ក៏ដូចកន្លែងមួយចំនួនទៀត វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។
លោក សុខ ឥសាន បានបង្ហាញជំហរថា ចិនដែលមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចជាតិកាន់តែប្រសើរ ព្រោះចិនជាដៃគូវិនិយោគយ៉ាងសំខាន់នៃសសរស្តម្ភសេដ្ឋកិច្ច ដែលមិនដាច់កាត់ផ្តាច់បាន ទាំងផ្នែកទេសចរណ៍ សំណង់ និងឧស្សាហកម្មកាត់ដេរ។
អ្នកនាំពាក្យរូបនេះ បាននិយាយយ៉ាងដូច្នេះថា« ការវិនិយោគពីបរទេស ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន វាតែងតែជួបរឿងដែលកើត ក្នុងសង្គមបន្តិចបន្តួចហើយ មិនថាអ្នកវិនិយោគដែលពីចិន អាមេរិក ឬជាតិសាសន៍ណាទេ។ កម្ពុជាយើង មាននិតីវិធីច្បាប់ច្បាស់លាស់ ក្នុងការគ្រប់គ្រង នូវអសណ្តាប់ធ្នាប់ ក្នុងការវិនិយោគទាំងនោះ។ ដូច្នេះ បញ្ហាសង្គមដែលប្រជាជនកម្ពុជា យល់ថាឃើញកើតពីការវិនិយោគចិន វាមិនបានឆ្លើយតបទៅសេដ្ឋកិច្ចដែលចិន និងកំពុងជួយកម្ពុជានេះទេ»។
ងាកមកការវិនិយោគលើវិស័យកាស៊ីណូវិញ លោក សុខ ឥសាន បានអះអាងថា វត្តមានកាស៊ីណូដ៏ច្រើន នៅខេត្តព្រះសីហនុ ក៏ជាប្រភពចំណូលដោយផ្ទាល់ តាមរយៈការបង់ពន្ធចូលជាតិ ដែលជាផ្នែកមួយជួយអភិវឌ្ឍប្រទេស។ ក្រៅពីចំណូលដោយផ្ទាល់ពីការបង់ពន្ធ ក៏ទទួលបានចំណូលដោយប្រយោលជាច្រើន ទៅដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅទីនោះតែម្តង។
បើតាមលោក សុខ ឥសាន ក្នុងប្រទេសមួយដែលកំពុងអភិវឌ្ឍ គឺតែងតែលេចឡើងនៅ ភាពអន្តិសុខហើយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ក៏កំពុងរៀបចំ និងទប់ស្កាត់ស្ថានភាព ដោយពង្រឹងមន្ត្រីមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យតាមមូលដ្ឋាន។
យោងតាមរបាយការណ៍ស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០១៨ មានភ្ញៀវទេសចរ ដែលមកកម្សាន្តសរុប ២ ,០៤៧ ,៧៧៤នាក់។ ចំនួននេះ កើនឡើងជិត៣ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ មានភ្ញៀវទេសចរ១, ៩៩៥ ,២០៤នាក់។ ក្នុងនោះមានភ្ញៀវទេសចរជាតិ សរុប១ ,៤៦៦ ,៥៩០នាក់ ថយចុះជិត៤ភាគរយ ធៀបនឹងឆ្នាំ ២០១៧ មានចំនួន១, ៥២៥ ,២៨៦នាក់។ ដោយឡែក ចំនួនទេសចរអន្តរជាតិ កើនឡើងជិត២៤ភាគរយធៀបនឹងឆ្នាំ ២០១៧ មានចំនួន៤៦៩, ៩១៨នាក់។ របាយការណ៍ ទេសចរណ៍ដដែលបានបង្ហាញថា ចំនួនទេសចរអន្តរជាតិសរុប ដែលកើននោះមាន ទេសចរចិនសរុប ២០២ ,៩៤៧នាក់ កើនឡើងជិត៦៩ភាគរយ បើធៀបទៅឆ្នាំ ២០១៧ មាន១២០ ,២៣២នាក់។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ព្រះសីហនុ បាននិយាយថា ចំនួនភ្ញៀវទេសចរណ៍ ក្នុងឆ្នាំ២០១៨ មានកំណើនជាងរាល់ឆ្នាំ ខណៈភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះ។ លោក បានអះអាងថា «ភ្ញៀវទេសចរ ក្នុងធ្លាក់ចុះ ដោយសារវត្តមានចិនច្រើន ដែលធ្វើឲ្យពួកគាត់ មានអារម្មណ៍ថាពិបាកមកលេងកម្សាន្តក្នុងខេត្តនេះ ទោះបីជាយើងខំផ្សព្វផ្សាយពីសុវត្ថិភាពគ្រប់ទម្រង់ និងធានាជូននៅកន្លែងស្នាក់នៅក្នុងតម្លៃសមរម្យ ក៏ដោយ»។
ជាក់ស្តែង កាលពីថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ នៅប្រទេសចិន ចាប់ពីថ្ងៃទី២០-២២ មករា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដើម្បីរិតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អរឹងមាំថែមទៀត។ ពិសេស គឺបានពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិលើវិស័យសំខាន់ៗដូចជា កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ឋជាដើម។ លើសពីនេះកម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីជំរុញគម្រោងផ្លូវ១ខ្សែក្រវាត់១ ជាមួយប្រទេសចិនឲ្យបានជោគជ័យ។ ជាមួយគ្នានេះដែរ ប្រទេសទាំងពីនេះ ជំរុញទំហំពាណិជ្ជកម្មឲ្យឡើងដល់១០ពាន់លានដុល្លារនៅឆ្នាំ ២០២៣៕