ជាតិ
សង្គមជាតិ
កម្ពុជា​ធ្វើ​ជំរឿន​ប្រជាជន​លើក​ទី​៣​នៅ​ខែមីនា ដោយ​ប្រើ​ថវិកាជាតិ​
09, Feb 2019 , 10:47 am        
រូបភាព
ស្ត្រីចំណាស់ខ្មែរនៅទីជនបទ។ រូបថត AFP
ស្ត្រីចំណាស់ខ្មែរនៅទីជនបទ។ រូបថត AFP
​ភ្នំពេញ​៖ ជំរឿន​ទូទៅ​នូវ​ប្រជារាស្ត្រ​លើក​ទី​បី នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​៣-១៣​មីនា ឆ្នាំ​២០១៩​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ជា​ជំរឿន​លើកទីមួយ ដែល​ប្រើប្រាស់​ថវិកាជាតិ បន្ទាប់ពី​កម្ពុជា បាន​ក្លាយជា​ប្រទេសមួយ​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​។


 
​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​១ កុម្ភៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ក្នុង​ជំរឿន​ទូទៅ​នៃ​ប្រជារាស្ត្រ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។ សម្តេច​លើកឡើងថា នេះ​គឺជា​ការងារ​ដ៏​ធំ​របស់​ប្រទេសជាតិ ដែលមាន​សារសំខាន់​ខ្លាំងណាស់ ហើយ​គឺ​ការងារ​ស្ថិតិ​ពិតប្រាកដ​។ ការធ្វើជំរឿន​ប្រជាជន ជាការ​ងារ​ដែល​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក  ត្រូវធ្វើ​គ្រប់ៗ​គ្នា​។ 
 
«​ការធ្វើជំរឿន​ប្រជាជន​កម្ពុជា​នេះ នឹង​អាច​ឲ្យ​យើង​បាន​ទ​ន្និ​ន័យ​ប្រជាសាស្ត្រ ពិតប្រាកដ​របស់​ប្រទេស និង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​រៀបចំ តាក់តែង​គោលនយោបាយ​ត្រឹមត្រូវ ព្រមទាំង​អនុវត្ត​កម្មវិធី​ផ្សេងៗ​ឲ្យ​ទទួលបាន​តុល្យភាព​នៃ​ការអភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ជំរឿន​ប្រជាសាស្ត្រ គឺជា​ប្រភព​តែមួយគត់   ដែល​អាច​ផ្ត​ល់ទ​ន្និ​ន័យ​ពេញលេញ​អំពី​ចំនួន​ប្រជាជន និង​ចរិតលក្ខណៈ​ប្រជាជន នៅក្នុង​ប្រទេស​។  ជំរឿន​ប្រជាជន គឺជា​ការអនុវត្ត លើ​វិសាលភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​អាច​ផ្តល់ព័ត៌មាន​អំពី​ប្រជាជន​ក្នុង​មូលដ្ឋាន រហូតដល់​មូលដ្ឋាន​ថ្នាក់ទាប​បំផុត ដែលជា​តម្រូវ​ការមិន​អាចមាន​ប្រភព​ទិន្នន័យ​ផ្សេង​មក​ជំនួស​បាន​។ 
 
​សូមបញ្ជាក់ថា ការងារ​ជំរឿន​ប្រជាជន​កម្ពុជា ត្រូវបាន​ធ្វើឡើង​២​ដង​រួចមកហើយ គឺ​នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ដែល​ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ ដោយ​កំណត់​នូវ​កាតព្វកិច្ច របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវ​ចូលរួម​សហការ ក្នុង​ការធ្វើជំរឿន​។ ការធ្វើជំរឿន​ទាំង​៣​លើក​នេះ មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ដៃគូ ដូចជា​អង្គការ​UNFPA អង្គការ​JICA រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​អាល្លឺម៉ង់​។​
 
​ការធ្វើជំរឿន​ផ្លូវការ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៨ កម្ពុ​ជាមាន​ពលរដ្ឋ​ចំនួន​១១,៤៣៧,៦៥៦​នាក់ ហើយ​ឡើងដល់ ១៣,៣៩៥,៦៨២​នាក់​នៅ​ឆ្នាំ​២០០៨ ។ នៅ​ឆ្នាំ​២០១៥ អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ប្រជាជន​កម្ពុជា​កើន​ដល់​១៥,៥៨​លាន​នាក់​៕
 

Tag:
 ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com