អន្តរជាតិ
មហា​ធៀ​៖«​អាស៊ាន​កាន់តែខ្លាំង ដរាបណា​រដ្ឋ​សមាជិក​មាន​មេដឹកនាំ​ខ្លាំងៗ និង​មិន​ប្តូរ​មុខ​ញឹកញាប់​ពេក​»
25, Feb 2019 , 10:00 am        
រូបភាព
រូបភាព៖ Straits Times
រូបភាព៖ Straits Times
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ផ្តល់យោបល់​ថា «​អាស៊ាន​» អាច​ខ្លាំង​ទៅបាន ដរាបណា​ប្រទេស​ក្នុង​តំបន់​មាន​មេដឹកនាំ​មាន​សមត្ថភាព​ខ្ពស់ និង​ខ្លាំងៗ ហើយ​អ្វីដែល​សំខាន់​គឺមាន​លទ្ធភាព​ដឹកនាំ​ប្រទេស​បានយូរ​ល្មម​ដើម្បី​សម្រេច​កិច្ចការ​ប្រទេសជាតិ​។ មេដឹកនាំ​រូបនេះ​បាន​លើកយក​ករណី ស្ថាបនិក​សិង្ហ​បុរី លី ក្វាន់​យូ និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ស៊ូ​ហា​តូ ជា​ឧទាហរណ៍​។  

 
​នាយករដ្ឋមន្ត្រី​ចំណាស់​ជាងគេ​វ័យ ៩៣ ឆ្នាំ​លោក មហា​ធៀ មហាម៉ាត់ យល់ឃើញថា អាស៊ាន​កាន់តែខ្លាំង​រឹងមាំ​ទៅបាន ប្រសិនបើ​បណ្តា​ប្រទេស​ជា​សមាជិក​ខ្លួន​អាចមាន​រដ្ឋាភិបាល ដែល​អាច​រក្សា​អំណាច​រយៈពេល​វែង​ល្មម ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជឿជាក់​រវាង​គ្នា​។ លោក​បន្ថែមថា កាល​ជំនាន់​លោក​នៅ​ក្មេង អាស៊ាន​ខ្លាំង​និង​រួបរួមគ្នា​ល្អ ដោយសារតែ​រដ្ឋាភិបាល​កាល​ពេលនោះ ពុំ​សូវ​ផ្លាស់ប្តូរ​ជា​ញឹកញាប់​។ 
 
«​កាលពី​អតីតកាល លោក​ស៊ូ ហា​តូ និង​ខ្ញុំ​តែងតែ​ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​គោលដៅ និង​វិធីសាស្ត្រ​របស់​ប្រទេស​យើង​ទាំងពីរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មហា​ធៀ អំឡុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ការិយាល័យ​របស់លោក​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ​។​
 
​សម្រាប់​លោក មហា​ធៀ លទ្ធិប្រជាធិបតេយ្យ ដែល​លោក​ធ្លាប់​រិះគន់​ដោយ​ប្រើប្រាស់ «​គុណ​តម្លៃ​អាស៊ី​» នោះ កំពុង​ធ្វើ​ឲ្យ​អង្គការ​តំបន់​អាស៊ាន​បាត់បង់​ការរួម​រួប​គ្នា​។ ត្រង់នេះ លោក ពន្យល់ថា ទោះបីជា​សមាជិក​អាស៊ាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាងណាក៏ដោយ ប៉ុន្តែ​វា​ពុំ​ខ្លាំង​ដូច​មុន​ឡើយ​។ ជាក់ស្តែង អាស៊ាន​ក្លាយជា​ទន់ខ្សោយ​, ពុំ​សូវ​រួបរួមគ្នា និង​ខ្វះ​ភាពជឿជាក់​រវាង​បណ្តា​មេដឹកនាំ ដោយ​វា​ពុំមែន​ជា​រឿង​ល្អ​នោះទេ​។ 
 
 
«​ខ្ញុំ​ជឿជាក់ថា ប្រសិនបើ​យើង​អាចមាន​មេដឹកនាំ​ដែល​អាច​កាន់តំណែង​បានយូរ​បន្តិច​នោះ យើង​អាច​ពង្រឹង​ទំនាក់​ទំនាក់​ជាមួយគ្នា​បានល្អ​ជាង​នេះ​»​។ លោក មហា​ធៀ បញ្ជាក់បន្ថែម​បែបនេះ​។​
 
​លោក ស៊ូ ហា​តូ ដែល​ស្លាប់​កាលពី​ជាង​១០​ឆ្នាំមុន បាន​ដឹកនាំ​ឥណ្ឌូណេស៊ី​អស់​រយៈពេល​ជាង ៣២​ឆ្នាំ ពោលគឺ​រហូតដល់​លោក​ត្រូវគេ​ទម្លាក់​ចេញពី​តំណែង​ក្នុង​ឆ្នាំ​១៩៩៨ ក្រោយ​មាន​បញ្ហា​។ ចំណែកឯ លោក លី ក្វាន់​យូ ដែលជា​មនុស្ស​ស្និទ្ធស្នាល​នឹង​លោក មហា​ធៀ កាលពី​លោក​នៅមាន​ជីវិត​នោះ បាន​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ក្នុង​ឆ្នាំ​១៩៩០ ក្រោយពី​កាន់តំណែង​អស់​រយៈពេល ៣១ ឆ្នាំ​។ លោក លី ទទួលមរណៈភាព​កាលពី​ខែមីនា ឆ្នាំ​២០១៥​កន្លងទៅ​។​
 
​បើតាម​សារព័ត៌មាន The Jakarta Post លោកស្រី​បណ្ឌិត Dinna Wisnu តំណាង​របស់​ឥណ្ឌូណេស៊ី​ប្រចាំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស (AICHR) និយាយថា លោកស្រី​យល់ស្រប​ជាមួយ​ការលើកឡើង​របស់លោក មហា​ធៀ ប៉ុន្តែ​ទាល់តែ​មេដឹកនាំ​នៃ​រដ្ឋ​ជា​សមាជិក យល់ព្រម​មិន​វិលត្រឡប់​ទៅកាន់​របប​ផ្តាច់ការ​វិញ​ទេនោះ​។​
 
​សូមបញ្ជាក់ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦៧ នាទី​ក្រុង​បាងកក ដោយ​ស្ថាបនិក​ចំនួន​៥ រួមមាន ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី​, ហ្វីលីពីន​, ថៃ និង​សិង្ហ​បុរី​។ បច្ចុប្បន្ននេះ អង្គការ​នេះ​មាន​សមាជិក​ចំនួន​១០​ប្រទេស ក្នុងនោះ​មាន​សមាជិក​ថ្មី​បន្ថែមចំនួន ៥ ទៀត រួមមាន ព្រុយ​ណេ​(១៩៨៤), កម្ពុជា​(១៩៩៩), ឡាវ​(១៩៩៧), វៀតណាម​(១៩៩៥) និង​មី​យ៉ាន់​ម៉ា​(១៩៩៧)​។ កម្ពុជា​ដែលជា​កូនពៅ​របស់​អាស៊ាន ក្លាយជា​សមាជិក​អង្គការ​តំបន់​នេះ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩៕

Tag:
 ម៉ាឡេស៊ី​
  អាស៊ាន​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com