ជំនួបជាថ្មី​រវាង​លោក ត្រាំ និង​មេដឹកនាំ​វៀតណាម​បង្ហាញ​ពី​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ស្អិតល្មួត​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជំនួបជាថ្មី​រវាង​លោក ត្រាំ និង​មេដឹកនាំ​វៀតណាម​បង្ហាញ​ពី​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ស្អិតល្មួត​
27, Feb 2019 , 12:17 pm        
រូបភាព
លោក ត្រាំ ជួបជាមួយលោក ង្វៀន ភូជុង នៅវិមានប្រធានាធិបតី​នៅក្រុងហាណូយ ព្រឹកថ្ងៃពុធទី ២៧ ខែកុម្ភៈ (AFP)
លោក ត្រាំ ជួបជាមួយលោក ង្វៀន ភូជុង នៅវិមានប្រធានាធិបតី​នៅក្រុងហាណូយ ព្រឹកថ្ងៃពុធទី ២៧ ខែកុម្ភៈ (AFP)
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជួប​មេដឹកនាំ​វៀតណាម​ថ្ងៃ​ពុធ​ទី ២៧​កុម្ភៈ​នេះ ស្រប​ពេលដែល​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ចាប់ផ្តើម​ថ្ងៃ​នេះដែរ​។ លោក ត្រាំ បាន​អរគុណ​មេដឹកនាំ​វៀតណាម​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​អាមេរិក​-​កូរ៉េខាងជើង​នេះ និង​ការឯកភាព​របស់វៀតណាមក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ជាពិសេស​ក្រុមហ៊ុន ប៊ូ​អ៊ីង​។ សកម្មភាព​នេះ​បង្ហាញ​ឃើញ​ពី​ការ​រីក​ចម្រើនមួយ​កម្រិតទៀត​នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​​។​

​ជំនួប​ទ្វេភាគី​រវាង លោក ត្រាំ ជាមួយ​ប្រធានាធិបតី​វៀតណាម​លោក ង្វៀន ភូ​ជុង ចាប់ផ្តើម​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ  ពោលគឺ​ធ្វើឡើង​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន លោក ជួបពិភាក្សា​មួយ​ទល់​មួយ​ ជាមួយ​មេដឹកនាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ពេល​ល្ងាច​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ក្នុងជំនួប​ទ្វេភាគី​នេះ ក្រៅពី​បង្ហាញ​អារម្មណ៍​រីករាយ​ដែលមាន​វៀតណាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ លោក ត្រាំ បាន​ហៅ​ទំនាក់ទំនង ​និង​សម្ព័ន្ធភាព​ដែលមាន​ជាមួយ​វៀតណាម​ថា ជា​ឧទាហរណ៍​មួយសំខាន់​សម្រាប់​កូរ៉េខាងជើង​ក្នុងពេលដែល​រដ្ឋ​មួយ​នេះ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ចោល​ដែរ​។​
 
​ក្រៅពីនេះ​លោក ត្រាំ ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​សមភា​គី​វៀតណាម​ដែល​បានរៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ហើយ​ក៏បាន​យល់ព្រម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​បន្ថែម​ជាមួយ​ក្រុមហ៊ុន​អាមេរិក​រួមទាំង​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ផង​នោះ​។ 
 
​ទន្ទឹមគ្នា​នោះ ប្រធានាធិបតី​វៀតណាម​លោក ភូ​ជុង បាន​ប្រា​ប់លោក ត្រាំ ថា វៀតណាម​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រៀបចំ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ និង​ធានា​ឲ្យ​បាន​នូវ​ស្ថានភាព​ដ៏​ល្អ​បំផុត​សម្រាប់​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​នេះដែរ​។​
 
​ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ប្រធានាធិបតី​វៀតណាម និង​សម​ភាគី​អាមេរិក​ខាងលើ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​រវាង​ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ប្រទេស​ទាំងពីរ​ដែរ​ដែលមាន​ទំហំ​ប្រហែល ១៦​ពាន់​លាន​ដុល្លារ​ដែរ​។​
 
​មិនមាន​ការបញ្ជាក់​ច្បាស់​ពី​ខាង​សេត​វិមាន​ឡើយ​ជុំវិញ​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​គឺធ្វើឡើង​រវាង​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ជាមួយ​ក្រុមហ៊ុន​វៀតណាម VietJet ក្នុងការ​នាំចូល​យន្តហោះ​ប៊ូ​អ៊ីង​ដឹក​អ្នកដំណើរ​ធុន 737 MAX ចំនួន ១០០ គ្រឿង និង​កិច្ចព្រមព្រៀង​មួយទៀត​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​របស់​វៀតណាម Bamboo ដើម្បី​នាំចូល​យន្តហោះ​ប៊ូ​អ៊ីង 787 Dreamliner ចំនួន ១០​គ្រឿង​ដែរ​។ 
 
​ក្រៅពី​ក្រុមហ៊ុន​ប៊ូ​អ៊ីង ទីភ្នាក់ងារ​ព័ត៌មាន AP ផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អាកាសចរណ៍​អាមេរិក Sabre ក៏​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​អាកាស​ចរណ៍​វៀតណាម​ខាងលើ​ដែរ​។ ប៉ុន្តែ​ទំហំ​នៃ​កិច្ចព្រមព្រៀង​ប៉ុណ្ណា​នោះ​មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ​។ 
 
​តាមពិតទៅ ការចុះ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​រាប់រយ​គ្រឿង​ពី​ក្រុមហ៊ុន​អាមេរិក​នេះ​ធ្វើឡើង ក្រោយ​ពេលដែល​រដ្ឋបាល​អាកាសចរណ៍​អាមេរិក​ប្រកាសថា ​វៀតណាម​អនុវត្តតាមស្តង់ដារ​សុវត្ថិភាពអាកាស​ចរណ៍​បាន​ត្រឹមត្រូវហើយ។ ចំណែក​ក្រុមហ៊ុន​អាកាស​ចរណ៍វៀតណាមក៏​អាចមាន​សិទ្ធិ​បើក​ជើងហោះហើរ​ត្រង់​ទៅកាន់​អាមេរិក​បានដែរ​ចាប់ពីពេលនេះ​។​

អត្ថបទទាក់ទង

 
​ត្រឡប់មកវិញ ក្រោយ​ធ្វើជា​អធិបតី​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ  លោក ត្រាំ នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុ​ក​ដើម្បី​ជជែក​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ពាក់ព័ន្ធ​ផងដែរ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ លោក ត្រាំ នឹង​បន្ត​ជួប​ជាមួយ​លោក គីម ជុង​អ៊ុង​ទៀត​។​
 
​សូមបញ្ជាក់ថា វៀតណាម និង​អាមេរិក​ធ្លាប់ជា​សត្រូវ​ស៊ីសាច់​ហុត​ឈ្លាម​គ្នា ហើយ​ភាគី​ទាំងពីរ​ទើប​សម្រេច​ស្តារ​ចំណង​ការទូត​នៅ​ឆ្នាំ ១៩៩៥ ប៉ុណ្ណោះ​។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​រីកចម្រើន​លូតលាស់​យ៉ាង​រហ័ស​មិន​នឹកស្មាន​ដល់ ស្រប​ពេលដែល​វៀតណាម​បន្ត​ស្រវាឱប​អាមេរិក​ដើម្បី​ប្រយោជន៍​ពាណិជ្ជកម្ម និង​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ផង​។ វត្តមាន​លោក ត្រាំ នៅ​ហាណូយ ជាថ្មី និង​មាន​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ច្រើន​រវាង​ប្រទេស​ទាំងពីរ​នេះ កំពុង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការរីកចម្រើន​លូតលាស់​បន្ថែមទៀត​ក្នុង​សម្ព័ន្ធភាព​ទ្វេភាគី ហើយ​ទំនាក់ទំនង​នេះ​ក៏​កាន់តែ​ខ្ពស់​ថែម​មួយកម្រិត​ទៀត​ដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com