អន្តរជាតិ
ពលរដ្ឋ​ប៉ា​គី​ស្ថាន​ស្នើ​ផ្តល់រ​ង្វាន់​ណូបែល​ដល់​មេដឹកនាំ​ខ្លួន ក្រោយ​ដោះលែង​ទាហាន​ឥណ្ឌា
04, Mar 2019 , 10:06 am        
រូបភាព
ដោយ:
​ប្រជាជន​ប៉ា​គី​ស្ថាន​ជាង​៣០​ម៉ឺន​នាក់ បាន​ចុះហត្ថលេខា​លើ​សំណើ​តាម​ប្រព័ន្ធ​អន​ឡាញ ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី Imran Khan ទទួល​រង្វាន់​ណូបែល​សន្តិភាព​។ ការស្នើសុំ​នេះ គឺធ្វើឡើង​ក្រោយ​មេដឹកនាំ​រូបនេះ​បាន​ដោះលែង​អ្នកបើក​យន្តហោះ​ឥណ្ឌា​ម្នាក់ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ឥណ្ឌា​។



​ការចាប់ខ្លួន​មន្ត្រី​យោធា​អាកាស​ឥណ្ឌា លោក Abhinandan Varthaman បាន​ក្លាយជា​ប្រធាន​ដ៏​ក្តៅគគុក​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ដែល​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​សហគមន៍អន្តរជាតិ​។ ភាព​តានតឹង​កើន​ខ្លាំង ចាប់តាំងពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​តំបន់​កា​ស្មៀ​រកា​លពី​ទី​១៤ ខែកុម្ភៈ បង្កដោយ​ក្រុម​ឧទ្ទាម​មាន​មូលដ្ឋាន​ក្នុង​ប៉ា​គី​ស្ថាន ដែល​សម្លាប់​មន្ត្រី​យោធា​ឥណ្ឌា​៤០​នាក់​។​

​ពាក្យ #NobelPeaceForImranKhan ចាប់ផ្តើម​រីកសាយ​ភាយ​ដូច​ផ្សិត​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​២៨ ខែកុម្ភៈ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan បានប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ថា អ្នកបើកបរ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ដែល​ត្រូវបាន​ចាប់ខ្លួន នឹងត្រូវ​ដោះលែង​ដើម្បី​ជា​«​កាយវិការ​សន្តិភាព​»​។

​លោក Abhinandan ដែល​យន្តហោះ​ចម្បាំង​ប្រភេទ MiG ត្រូវបាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃ​ពុធ​ដោយ​យោធា​ប៉ា​គី​ស្ថាន​ក្នុង​តំបន់​ជម្លោះ​កា​ស្មៀ​រ​នោះ បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ កាលពី​យប់​ថ្ងៃ​សុក្រ​ទី​១ ខែមីនា ។

​ទាក់ទិន​នឹង​ការដោះលែង​នេះដែរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ប៉ា​គី​ស្ថាន Fawad Chaudhry ក៏បាន​បញ្ជូន​សេចក្តីសម្រេច​មួយ​ទៅកាន់​សភា​ប៉ា​គី​ស្ថាន ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ផ្តល់​រង្វាន់​ដល់​លោក Khan សម្រាប់​ការផ្តល់​វិភាគទាន​របស់លោក​ដល់​សន្តិភាព​ក្នុង​តំបន់​។ ​សេចក្តីសម្រេច​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP គូសបញ្ជាក់ថា​៖«​លោក Imran Khan បាន​ដើរតួនាទី​ដ៏​ឆ្លាត​វៃ​ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង​រវាង​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​»​។

អត្ថបទទាក់ទង


​គួរ​រម្លឹក​ផងដែរ​ថា យោធា​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ បាន​បញ្ជាក់ថា ខ្លួន​បាន​បើក​ប្រតិបត្តិការ​យោធា​មួយ​នៅក្នុង​តំបន់​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។ ក្នុង​ប្រតិបត្តិការ​នេះ ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​២​គ្រឿង​របស់​ឥណ្ឌា​ក្នុង​តំបន់​ដែនអាកាស​របស់ខ្លួន ព្រមទាំង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​យន្តហោះ​ម្នាក់​របស់​ឥណ្ឌា​ផងដែរ​៕


Tag:
 ប៉ា​គី​ស្ថាន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com