ជាតិ
ដើមឆ្នាំ​២០១៩​នេះ កម្ពុ​ជាមាន​អ្នកស្លាប់ ពិការ និង​របួស ជិត​៣០​នាក់​ដោយសារ​គ្រាប់មីន​
17, Mar 2019 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ខែមករា ឆ្នាំ​២០១៩​មក មាន​អ្នកស្លាប់ ពិការ និង​របួស​ដោយសារ​គ្រាប់មីន ចំនួន​២៩​នាក់ ពិសេស​ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ គឺ​នៅ​ថ្ងៃទី​១២-១៤​មីនា មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ចំនួន​៤​ករណី ដែល​បានកើត​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាត់ដំបង  និង​រតនគិរី​។

 

 
​អាជ្ញាធរ​មីន​កម្ពុជា បាន​បញ្ជាក់ថា ចំនួន​ជនរងគ្រោះ​ទាំងនេះ​បាន​កើនឡើង ដោយមាន​ការទន្ទ្រាន​យក​ដី នៅក្នុង​តំបន់​មាន​គ្រាប់មីន ការរុករក​អនុផល​ព្រៃឈើ ការដើរ​បាញ់​សត្វព្រៃ និង​ការកែច្នៃ​គ្រាប់​មិនទាន់​ផ្ទុះ​ជាដើម​។ នេះ​បើ​យោងតាម​វិទ្យុជាតិ​កម្ពុជា​។  


 
​ជាមួយគ្នានេះ អាជ្ញាធរ​មីន បាន​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​រស់នៅ​ជិត​តំបន់​គ្រាប់មីន មិនត្រូវ​កែច្នៃ​គ្រឿងផ្ទុះ ឬក៏​ប្រកបមុខរបរ​ជាមួយ​គ្រឿង​ផ្ទុះ​ទេ​។ សូមកុំ​ដើរ​បរបាញ់​សត្វព្រៃ ឬ​រុករក​អនុផល​ព្រៃឈើ នៅក្នុង​តំបន់​ដែល​សង្ស័យថា​មាន​គ្រាប់មីន និង​មិនត្រូវ​ប្រើ​គ្រឿងចក្រ​ធុន​ធ្ងន់ ចូលទៅ​រុករាន​ដីព្រៃ ដើម្បី​ធ្វើស្រែ ចំការ នៅ​តំបន់​ដែល​មិនទាន់​បោសសំអាត​មីន​ឡើយ​។​
 
​គិត​មកដល់ពេលនេះ កម្ពុជា បាន​រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់ គ្រាប់មីន​ប្រឆាំង​រថ​គ្រោះ​ជាង​២,៤​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ជាង​២,៧​លាន​គ្រាប់​។ ចំនួន​ប្រជាជន​ដែល​រងគ្រោះ បាន​ធា្ល​ក់​ចុះ​ពី​២,៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​នៅត្រឹម​៥៨​នាក់ ក្នុង​ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា ទើបតែ​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សកម្មភាព​មីន​២០១៨-២០២៥ ក្នុង​គោលបំណង​បំផ្លាញ​មីន សំណល់​ជាតិ​ផ្ទុះ និង​គ្រាប់បែក​ចង្កោម​ឱ្យអស់ ដើម្បី​ឲ្យ​កម្ពុជា​ក្លាយជា​ទឹកដី​ដែល​គ្មាន​មីន នៅត្រឹម​ឆ្នាំ​២០២៥ ដោយ​ត្រូវការ​ថវិកា​ប្រមាណ​៤០០​លាន​ដុ​លា្ល​រ​អាមេរិក​៕ 
 

Tag:
 ជាតិ​
  សង្គម​
  មីន​
  ឧ​ត្ត​រ​មានជ័យ​
  បាត់ដំបង​
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com