អន្តរជាតិ
ហ្វីលីពីន​រត់រក​ជំនួយ​ពី​ចិន ក្រោយជួបប្រទះកង្វះខាតទឹកកាន់តែខ្លាំង​
20, Mar 2019 , 5:02 pm        
រូបភាព
ដោយ:
​ក្រោយ​ជួបប្រទះ​បញ្ហា​កង្វះ​ទឹក​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រដ្ឋធានី​ម៉ានីល ហ្វីលីពីន​ចាប់ផ្តើម​បោះដៃ​រក​ចិន​ដើម្បី​សុំ​ជំនួយ​។ ជាក់ស្តែង គណៈប្រតិភូ​របស់​ហ្វីលីពីន​បាន​ទៅដល់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​ខែមីនា ។ ក្នុង​ទស្សនកិច្ច​នេះ  ភាគី​ហ្វីលីពីន សង្ឃឹមថា ខ្លួន​អាច​ទាក់ទាញ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ព្រមទាំង​ព​ន្លឿ​ន​ការផ្តល់​កម្ចី​របស់​ក្រុង​ប៉េកាំង​ក្នុង​គោលដៅ​សម្រេច​គម្រោង​ធំៗ​ចំនួន​ពីរ រួមមាន ប្រព័ន្ធធារាសាស្ត្រ និង​ទំ​បន់​វា​រី​អគ្គិសនី​។ រដ្ឋាភិបាល​ក្រុង​ម៉ានីល អះអាងថា គម្រោង​ទាំងពីរ​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​របស់ខ្លួន​បាន​។​

 
​គណៈប្រតិភូ​របស់​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ប្រចាំ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន លោក Salvador Medialdea នឹង​ជួបពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន Wang Qishan, មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម​, ធនាគារ​នាំចេញ​-​នាំចូល​របស់​ចិន និង​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរ​ជាតិចិន​។ ក្នុងជំនួប​នេះ មន្ត្រី​នៃ​ប្រទេស​ទាំងពីរ នឹង​សើរើ​ពិនិត្យ​លើ​គម្រោង​ជំនួយ​បរទេស ដែល​គ្រោង​ផ្តល់​ឲ្យ​ហ្វីលីពីន​។ 
 
​ទស្សនកិច្ច​របស់​មន្ត្រី​របស់​ហ្វីលីពីន​នេះ ធ្វើឡើង​ខណៈដែល​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ដ៏​ធ្ងន់ធ្ងរ​បំផុត វាយប្រហារ​រដ្ឋធានី​ម៉ានីល​របស់​ហ្វីលីពីន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​តំបន់​ជាច្រើន​គ្មាន​ទឹក​ប្រើប្រាស់​រាប់សិប​ថ្ងៃ​តែម្តង​។ យ៉ាងណាមិញ អ្នកខ្លះ​យល់ឃើញថា បញ្ហា​កង្វះ​ទឹក​នេះ គឺជា​ទង្វើ​របស់​រដ្ឋបាល​លោក​ឌូ​ទើ​តេ ក្នុង​គោលបំណង​យកឈ្នះ​ការគាំទ្រ​ពី​សំណាក់​ពលរដ្ឋ​ហ្វីលីពីន​ដើម្បី​សម្រេច​គម្រោង​ទំនប់​វា​រី​អគ្គិសនី  Kaliwa ដែល​ផ្តល់ប្រាក់​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​។ 
 
 
 គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដែល​ត្រូវបាន​បង្កើតឡើង​អស់​រយៈ​ជាច្រើន​ទសវត្សរ៍​មកហើយ​នេះ គឺមាន​ភាពចម្រូងចម្រាស់​ខ្លាំង ដ្បិតថា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានស្នើ​សុំ​ចិន​ឲ្យ​ផ្តល់ប្រាក់​សម្រាប់​សាងសង់ ជាជាង​ការដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​។ ហើយ​គម្រោង​នេះដែរ ក៏ត្រូវ​ប្រឆាំង​ពី​សំណាក់​អង្គការក្រៅរដ្ឋាភិបាល និង​វិហារកា​តូ​លិ​កពាក់​ព័ន្ធ​នឹង​បញ្ហា​សុវត្ថិភាព និង​ផលប៉ះពាល់​លើ​បរិស្ថាន​។ 
 
​ត្រឡប់មក​និយាយ​រឿង​ទស្សនកិច្ច​របស់ប្រតិភូ​ហ្វីលីពីន​វិញ គោលដៅ​ចម្បង​នៃ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ភាគី​ចិន  ព​ន្លឿ​ន​ការផ្តល់​កម្ចី​ដែល​បាន​សន្យា​រួច​ចំនួន​២១១​លាន​ដុល្លារ​ពី​ធនាគារ​នាំចេញ​-​នាំចូល​របស់​ចិន ក្នុង​គោលដៅ​ផ្គត់ផ្គង់​គម្រោង​វា​រី​អគ្គិសនី Kaliwa ។ មួយវិញទៀត​នោះ គណៈប្រតិភូ​ទាំងនេះ ក៏​នឹង​ព​ន្លឿ​ន​ការផ្តល់​កម្ចី​ទំហំ​ទឹកប្រាក់​៦២​លាន​ដុល្លារ​ពី​ធនាគារ​ចិន​ដដែល​នេះ ក្នុង​គោលបំណង​កសាង​គម្រោង​ប្រព័ន្ធធារាសាស្ត្រ Chico River Pump ដែល​ស្ថិតក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ហុងកុង South China Morning Post រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្វីលីពីន លោក Carlos Dominguez បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ទំនប់​វា​រី​អគ្គិសនី Kaliwa គឺជា​ដំណោះស្រាយ​តែមួយគត់​សម្រាប់​បញ្ហា​កង្វះ​ទឹក​របស់​ទីក្រុង​ម៉ានីល​។ លោក​ថា ធនាគារ​ចិន​ដែល​ផ្តល់​កម្ចី​សម្រាប់​ផ្គត់ផ្គង់​ទំនប់​វា​រី​អគ្គិសនី​នេះ ក៏​នឹង​ផ្តល់​លក្ខ​ខ័​ណ្ឌ​កម្ចី ជាពិសេស​ភាគរយ​នៃ​ការប្រាក់​យ៉ាង​សមរម្យ​សម្រាប់​ភាគី​ហ្វីលីពីន​ផងដែរ​។ ទន្ទឹមនឹង​គ្នា​នេះ លោក​រដ្ឋមន្ត្រី Dominguez ក៏បាន​ទទូច​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ទាំងពីរ​នេះ ចាប់ផ្តើម​ប្រតិបត្តិ​ការសាងសង់​ឲ្យ​កាន់តែ​លឿន​បំផុត​៕
 

Tag:
 ហ្វីលីពីន​
  ចិន​
  ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com