អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថាក់ស៊ីន​៖ បោះឆ្នោត​នៅ​ថៃ​គ្រាន់តែ​ជាការ​រៀបចំ​ទុក​មុន​ដើម្បី​ឲ្យ​របប​សឹក​រក្សា​អំណាច​ប៉ុណ្ណោះ​
26, Mar 2019 , 1:36 pm        
រូបភាព
លោក ថាក់ស៊ីន ស្ថិតនៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP ថ្ងៃទី ២៥ ខែមីនា
លោក ថាក់ស៊ីន ស្ថិតនៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP ថ្ងៃទី ២៥ ខែមីនា
អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ចាត់ទុកថា ការបោះឆ្នោត​សកល​នៅ​ថៃ​គ្មាន​យុត្តិធម៌ និង​ត្រឹមត្រូវ​ឡើយ ហើយ​វា​គ្រាន់តែ​ជាការ​រៀបចំ​ទុក​មុន​ដើម្បី​ឲ្យ​ក្រុម​យោធា​រក្សា​អំណាច​របស់ខ្លួន​ប៉ុណ្ណោះ​។ លោក​ប្រកាសថា ថៃ​សក្តិសម​នឹងមាន​រដ្ឋាភិបាល​ដែល​ល្អ​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស មិនមែន​ឆ្លុះបញ្ចាំង​ឆន្ទៈ​របស់​របប​សឹក​ឡើយ​។ 



​ក្នុង​អត្ថបទ Op-Ed មួយ​ចុះផ្សាយ​នៅលើ​សារព័ត៌មាន New York Times ថ្ងៃ ២៥ ខែមីនា លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​បាន​ចោទប្រកាន់​ត្រង់ៗ​ថា ការបោះឆ្នោត​ថ្ងៃ ២៤ ខែមីនា​កន្លងទៅនេះ​ជាការ​រៀបចំឡើង​ដើម្បី​រក្សា​អំណាច​របស់​ក្រុម​យោធា​សុទ្ធសាធ ហើយ​វា​គ្មាន​ភាពយុត្តិធម៌ និង​មិន​ត្រឹមត្រូវ​ឡើយ​។   

​ពី​ទីក្រុង​ហុងកុង អតីត​មេដឹកនាំ​ថៃ​រូបនេះ​បញ្ជាក់ថា លោក​ដឹង​ជាមុន​ថា របប​សឹក​មាន​មហិច្ឆតា​បន្ត​កាន់អំណាច​ដឹកនាំ​ប្រទេស ប៉ុន្តែ​លោក​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​ដែល​របប​សឹក​ថៃ​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន​លើសពី​អ្វីដែល​លោក​ធ្លាប់​គិត​ឲ្យ​តែ​បាន​រក្សា​អំណាច​របស់ខ្លួន​។

ជុំវិញ​មហិច្ឆតា​រក្សា​អំណាច​របស់​ក្រុម​យោធា លោក ថាក់ស៊ីន បាន​រៀបរាប់ថា កន្លងមក​របប​សឹក​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​អ្នក​តែងតាំង​គណៈកម្មការ​បោះ​ឆ្នោត និង​បន្ត​លូកដៃ​ចូល​ជ្រៀតជ្រែក​ពេញទំហឹង​ក្នុង​ស្ថាប័ន​ដែល​ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ដោយ​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ​នោះ​។

អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវបាន​គេ​ទម្លាក់​ពី​តំណែង​ក្នុង​ចលនា​រដ្ឋប្រហារ​ឆ្នាំ ២០០៦ រូបនេះ លើកឡើង​ពី​ការពន្យារពេល​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​ម្តង​ជា​ពីរដង​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ថៃ ដែល​បង្ហាញ​ពី​ការភ័យខ្លាច​របស់​ក្រុម​យោធា​។ គណៈកម្មការ​នេះ​ពន្យារពេល​ប្រកាស​លទ្ធផល​នៅ​យប់​ថ្ងៃអាទិត្យ និង​បន្ត​រហូតមកដល់​រសៀល​ថ្ងៃ​ចន្ទ ស្ថាប័ន​នេះ ពន្យារពេល​ជាថ្មីទៀត​។ អតីត​មេដឹកនាំ​ថៃ​ខាងលើ​អះអាងថា រឿង​ដូច្នេះ​មិនគួរ​កើតមានឡើង​ក្នុង​បរិបទ​នយោបាយ​សម័យ​ទំនើប​នេះ​។

ក្រៅពី​ការពន្យារពេល​ប្រកាស​លទ្ធផល លោក ថាក់ស៊ីន បានកត់សម្គាល់​ពី​ភាពមិនប្រក្រតី​ជាច្រើន​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថៃ​ក្នុង​ថ្ងៃ​បោះឆ្នោត រួមទាំង​ការទិញ​សន្លឹកឆ្នោត ដាច់​ភ្លើង​ពេល​រាប់​សន្លឹកឆ្នោត ចំនួន​សន្លឹកឆ្នោត​ច្រើន​លើស​ចំនួន​អ្នក​ទៅ​បោះ និង​លទ្ធផល​ដែល​គណៈកម្មការ​បញ្ចេញ​ខុសពី​របាយការណ៍​មន្ត្រី​បោះឆ្នោត​នៅតាម​ការិយាល័យ​ជាដើម​។ បញ្ហា​ទាំងនេះ​សុទ្ធតែជា​រឿង​ដែល​ប៉ះពាល់​ខ្លាំង​ដល់​លទ្ធផល​បោះឆ្នោត​។​

អត្ថបទទាក់ទង

​លើសពី​ភាពមិនប្រក្រតី បើតាម​អត្ថបទ Op-Ed របស់លោក ថាក់ស៊ីន របប​សឹក​បាន​កែប្រែ​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ដែល​ធ្វើ​ឲ្យ​បក្ស​ធំៗ​ដូចជា​បក្ស​ភឿ​ថៃ និង​បក្ស​ប្រជាធិបតេយ្យ​ចុះខ្សោយ​បាត់បង់​សំឡេងគាំទ្រ​។  

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ របប​សឹក​ក៏​ជា​អ្នកតាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​ឆ្នាំ ២០១៧ ឡើង​ដើម្បី​ផ្តល់​អំណាច​ឲ្យ​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ រួមជាមួយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា​ផ្ទាល់ ក្នុងការ​ចូលរួម​រើស​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល​។ ក្រោម​អំណាច​នៃ​រដ្ឋធម្មនុញ្ញ​នេះ គណបក្ស​កម្លាំង​ប្រជារាស្ត្រ​អាច​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ដោយ​មិនចាំបាច់​ត្រូវការ​សំឡេង​ភាគច្រើន​ដាច់ខាត​ឡើយ​។​

​យ៉ាងណាមិញ​លោក ថាក់ស៊ីន ជឿជាក់ថា គ្មាន​សំឡេង​ភាគច្រើន គណបក្ស​គាំទ្រ​យោធា​នឹង​ដឹកនាំ​រដ្ឋាភិបាល​ដែល​មិនមាន​ស្ថិរភាព​ឡើយ​។ លោក ថាក់ស៊ីន យល់ឃើញថា របប​សឹក​កំពុង​ត្រៀម​បំផ្លាញ​ប្រព័ន្ធ​ដឹកនាំ​ដែលមាន​បច្ចុប្បន្នដើម្បី​ការពារអំណាច​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​រូបលោក ថៃ​សក្តិសម​នឹងមាន​រដ្ឋាភិបាល​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​ទូទាំងប្រទេស​។
«​លើសពី​អ្វីៗ​ទាំងអស់ រាជាណាចក្រ​ថៃ​គួរតែមាន​រដ្ឋាភិបាល​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ មិនមែន​ឆន្ទៈ​របស់​របប​សឹក​ឡើយ​។ កាលៈទេសៈ​នេះ​ជា​ពេលវេលា​ដ៏​អាក្រក់ និង​សោកសៅ​សម្រាប់​ប្រទេស​របស់ខ្ញុំ​»​។ លោក ថាក់ស៊ីន សង្កត់ធ្ងន់​ដូច្នេះ​៕



Tag:
 ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​
  បោះឆ្នោត​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com