អន្តរជាតិ
បន្ទាប់ពី​ថៃ ផ្សារ​ទំនើប​វៀតណាម​ម​ផ្តើម​ប្រើ​ស្លឹកចេក​ជំនួស​ប្លា​ស្ទិ​ក​ដើម្បី​វេច​ខ្ចប់​ទំនិញ
03, Apr 2019 , 9:39 pm        
រូបភាព
រូបថត៖ VnExpress
រូបថត៖ VnExpress
ដោយ:
​ផ្សារ​ទំនើប​មួយចំនួន​នៅ​ប្រទេស​វៀតណាម បានចាប់ផ្តើម​ប្រើប្រាស់​ស្លឹកចេក​ដើម្បី​វេច​ខ្ចប់​ផលិតផល​ខ្លួន​។ គំនិត​ផ្តួចផ្តើម​នេះ មាន​គោលដៅ​ចូលរួម​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​។

 
​ប្រជាជន​វៀតណាម​ភ្ញាក់ផ្អើល ក្រោយពី​ផ្សារ​ទំនើប​មួយ​ឈ្មោះថា Lotte Mart ដែល​ស្ថិតក្នុង​ទីក្រុង​ហូជីមិញ កាលពី​ថ្មីៗ​នេះ បានចាប់ផ្តើម​យក​ស្លឹកចេក​មក​វេច​ខ្ចប់​ផលិតផល​របស់ខ្លួន​។ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Vietnam Express តំណាង​ម្នាក់​មកពី​ឧស្សាហកម្ម​ផ្សារ​ទំនើប បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​កំពុង​សាកល្បង​គំនិត​ថ្មី​មួយ ដោយ​ប្រើប្រាស់​ស្លឹកចេក​ដើម្បី​វេច​ខ្ចប់​បន្លែ ជំនួស​ឲ្យ​ប្លា​ស្ទិ​ក​។ 
 
​បើតាម​តំណាង​ដដែល​នេះ ក្រុមហ៊ុន​ក៏​នឹង​ពង្រីក​ការអនុវត្ត​គំនិត​នេះ​ទៅកាន់​គ្រប់​ផ្សារ​ទំនើប​នៅ​ទូទាំងប្រទេស​តែម្តង​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​បង្កើន​ការប្រើប្រាស់​ផលិតផល ដែល​ល្អ​សម្រាប់​បរិស្ថាន​។ ការ​វេច​ខ្ចប់​ដោយ​ប្រើ​ស្លឹកចេក​នេះ មិន​ធ្វើឡើង​តែ​សម្រាប់​បន្លែ និង​ផ្លែឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​សាច់​ស្រស់ៗ​ផងដែរ​។​
 
​ប្រជាជន​នៅ​តំបន់​នោះ បង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​លើ​គំនិត​ដ៏​ឈ្លាសវៃ​នេះ ហើយ​ពេញ​ចិត្តនឹង​ទិញ​ផលិតផល​ដែល​វេច​ខ្ចប់​ដោយ​ស្លឹកចេក​នេះ​ក្នុង​បរិមាណ​ច្រើន​។ ពួកគេ​យល់ឃើញថា គំនិត​ផ្តួចផ្តើម​នេះ នឹង​ជួយ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​មានការ​ប្រុងប្រយ័ត្ន​ពី​ផលប៉ះពាល់​របស់​ប្លា​ស្ទិ​ក និង​រួមគ្នា​ការពារ​បរិស្ថាន​។ 
 
 
​បើតាម​សារព័ត៌មាន Vietnam Express ក្រុមហ៊ុន​ដ៏​ធំ​មួយ​ឈ្មោះថា Saigon Co.op ដែល​គ្រប់គ្រង​ហាង​ទំនិញ​ជាច្រើន​ក្នុង​ទីក្រុង​ហូជីមិញ ក៏​ចាប់ផ្តើម​ប្រើប្រាស់​ស្លឹកចេក​ដើម្បី​វេច​ខ្ចប់​ផលិតផល​តាម​ហាង​ទំនិញ​មួយចំនួន​របស់ខ្លួន​ផងដែរ​។ ភាគច្រើន​នៃ​ទី​តាំងហាង​ទាំងនោះ ស្ថិតនៅ​តំបន់​ភាគ​ខាត​កើត​នៃ​ទីក្រុង​ហូជីមិញ​។  
 
​ក្រៅពីនេះ ឧស្សាហកម្ម​ផ្សារ​ទំនើប​ដ៏​ធំ​មួយទៀត​ប្រចាំ​ទីក្រុង​ហាណូយ ឈ្មោះថា The Big C ក៏​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​ផងដែរ កាលពី​ថ្ងៃទី​១ ខែមេសា ព្រមទាំង​មានបំណង​ពង្រីក​ការអនុវត្ត​ខ្លួន​នៅ​បណ្តា​ផ្សារ​ទំនើប​ក្នុង​តំបន់​ភាគ​កណ្តាល និង​ភាគ​ខាងកើត​នា​ប៉ុន្មាន​ឆាប់ៗ​ខាងមុខ​។ 
 
​អ្វីដែល​ពិសេស​នោះ ផ្សារ​ទំនើប​ទាំងនោះ ក៏​ផ្តល់នូវ​ផលិតផល​ដែល​ល្អ​សម្រាប់​បរិស្ថាន​ផ្សេងៗ​ទៀតផង​ដែរ ក្នុងនោះ​រួមមាន បំពង់​បឺត​ក្រដាស និង​ប្រអប់​អាហារ​ធ្វើ​ពី​កាក​អំពៅ​។ ស៊ុត​ត្រូវបាន​វេច​ខ្ចប់​ក្នុង​ប្រអប់​ក្រដាស ជំនួស​ឲ្យ​ប្លា​ស្ទិ​ក​។ ផ្សារ​ទំនើប​ខ្លះ ក៏​ចែក​ថង់​ដាក់​ទំនិញ ដែល​ត្រូវបាន​ផលិតឡើង​ពី​ម្សៅពោត​ទៀតផង​។​
 
​សូមបញ្ជាក់ថា ការអនុវត្ត​បែបនេះ ធ្វើឡើង​ក្រោយពី​មាន​របាយកាណ៍​មួយ​បង្ហាញថា បរិមាណ​នៃ​សំណល់​ប្លា​ស្ទិ​ក​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវ​ផលិត​ដោយ​ប្រជាជន​វៀតណាម​។ ប្រទេស​វៀតណាម​បោះចោល​សំរាម​ប្លា​ស្ទិ​ក​ប្រមាណ ២៥០០​តោន​ក្នុង​មួយថ្ងៃ​។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​។ 
 
​ម្យ៉ាងវិញទៀត វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​បួន​នៅ​ទូទាំង​សកលលោក ជា​ប្រទេស​បោះចោល​សំរាម​ប្លា​ស្ទិ​ក​ច្រើន​បំផុត​ចូលទៅក្នុង​មហាសមុទ្រ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​ភ្នាក់ងារ​ទទួលបន្ទុក​ក​ម្ម​វិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ (U​NEP) ។ បច្ចុប្បន្ននេះ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​មួយចំនួន បាន​លើកទឹកចិត្ត​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដោយ​ផ្តល់​ឲ្យ​អតិ​ថ​ជន​នូវ​បំពង់​បឺត ដែល​អាច​កែច្នៃ​ឡើងវិញ ឬ​ល្អ​សម្រាប់​បរិស្ថាន​៕

Tag:
 វៀតណាម​
  ស្លឹកចេក​
  ប្លា​ស្ទិ​ក
 ​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com