មនុស្សសរុប ៣៤៨នាក់បានស្លាប់ និង ៣១៧៦ នាក់ផ្សេងទៀត រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣០៦៨ករណី អំឡុង៦ថ្ងៃដំបូងរបស់អាទិត្យជើងកបនៃថ្ងៃសង្ក្រាន្ត (Seven Dangerous Days) ។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពផ្លូវថ្នល់ថៃ នៅថ្ងៃពុធទី១៧ មេសា។
ខេត្ត ឈៀងម៉ៃ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសថៃ កើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ បង្កឲ្យមនុស្សស្លាប់ដល់ ១១៩នាក់។ យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation ខេត្តចំនួនប្រាំ រួមមាន Trang, Phang Nga, Mae Hong Son, Sukhothai និង Angthong ត្រូវបានរាយការណ៍ថា ពុំមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឡើយ។
បើតាមប្រភពដដែល ក្នុងថ្ងៃអង្គារទី ១៦ មេសា មានករណីគ្រោះថ្នាក់ចរាចរណ៍ ៣៦៧លើក ដោយឆក់យកជីវិតមនុស្ស ៤២នាក់ និងរបួស៣៨១នាក់ផ្សេងទៀត។ សម្រាប់មូលហេតុនៃគ្រោះថ្នាក់នេះវិញ ការជិះលើសល្បឿនកំណត់ ស្មើនឹង ៣០ភាគរយ និងបើកបរដោយមានសារជាតិស្រវឹង ស្មើនឹង ២៨ភាគរយ។
នៅថ្ងៃអង្គារដដែលនេះ មន្ត្រីសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តប្រមាណ ៦៥ ៣៧៥នាក់ ដែលធ្វើការនៅប៉ុស្តិ៍ត្រួតពិនិត្យចំនួន ២០៤០ទីតាំងនៅទូទាំងប្រទេស បានគូសបញ្ជាក់ថា ពួកគេបានត្រួតពិនិត្យលើយានយន្តជាង១លានគ្រឿង ហើយជាលទ្ធផល អ្នកបើកបរទាំងរថយន្ត និងម៉ូតូចំនួន ២៣៩ ២៩៥នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសច្បាប់ចរាចរណ៍។ ភាគច្រើននៃករណីទាំងនោះ គឺពាក់ព័ន្ធនឹងការជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ចំនួន ៦៤ ៨២៩ករណី និងបើកបរដោយគ្មានបណ្ឌបើកបរចំនួន ៥៧ ០៨៧ករណី។
ដោយឡែក នៅក្នុងសន្និសីទព័ត៌មានមួយ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាព និងសណ្តាប់ធ្នាប់ថៃ (NCPO) លោកស្រី Sirichan Ngathong បានលើកឡើងថា អាជ្ញាធរថៃ បានរឹបអូសយានជំនិះចំនួន ៦៤៣៥ គ្រឿង ក្នុងនោះ ម៉ូតូ ៤៧៥២គ្រឿង និង រថយន្តទាំងធុនតូន និងធំ ១៦៨៣គ្រឿង ពីអ្នកបើកបរដែលមានផ្ទុកជាតិស្រវឹង អំឡុងថ្ងៃទី១១ ដល់ ១៦ ខែមេសា។
ក្នុងអំឡុងពេលនេះផងដែរ សមត្ថកិច្ចថៃ បានរកឃើញថា អ្នកបើកបរម៉ូតូ ១១៧ ១៣៤នាក់ និងអ្នកបើកបររថយន្ត ១៤៦ ០១៧ បានល្មើសច្បាប់ចរាចរណ៍ ហើយមកដល់ពេលនេះ ម្ចាស់ម៉ូតូ ១៣១ ៦៧៤នាក់ និងម្ចាស់រថយន្ត ៩១ ៤៩៩នាក់ ត្រូវព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ និងដំណើរការផ្លូវច្បាប់។
សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរថៃ បានកំណត់យករយៈពេល៧ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃ១១ មេសា ដល់ថ្ងៃ ១៧ មេសា សម្រាប់អនុវត្តច្បាប់តឹងរ៉ឹង រួមមាន ចោទប្រកាន់បទមនុស្សឃាតលើអ្នកបើកបរដោយមានផ្ទុកជាតិស្រវឹងជាដើម។ ការកំណត់ថ្ងៃបែបនេះ ធ្វើឡើងដោយសាររបាយការណ៍គ្រោះថ្នាក់ចរចារណ៍ជារៀងរាល់ឆ្នាំ បង្ហាញថា អ្នកស្លាប់ និងរបួសលើដងផ្លូវ ហក់ឡើងខ្ពស់ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី៕