ជាតិ
សម្តេច ហ៊ុន សែន នឹងទទួលគោរមងារ «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីចិន
× ភ្នំពេញ៖ សាកលវិទ្យាល័យប៉េកាំង នឹងផ្តល់គោរមងារជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការប្រគល់គោរមងារនេះ នឹងធ្វើឡើងក្នុងអំឡុងពេលដែលសម្តេចនាយករដ្ឋមន្ត្រី ទៅចូលរួមក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២0១៩។
សេចក្តីប្រកាសព័ត៌របស់ក្រសួងការបរទេស បានឲ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាសំខាន់មួយ នៅក្នុងពិធីជួបជាមួយនិស្សិតនិងសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យប៉េកាំង។ ក្នុងដំណើរទស្សនកិច្ចនោះ សម្ដេច ហ៊ុន សែន ក៏នឹងជួបពិភាក្សាជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ក្រៅពីជួបពិភាក្សានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ក៏នឹងមានការចុះហត្ថលេខាលើជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk) របស់ថៃ។ បើយោងតាមឯកសារកំណត់ត្រាជីវប្រវត្តិសង្ខេបរបស់សម្តេច ដោយមិនគិតពីការទទួលបានគោរមងារ ពានរង្វាន់ និងមេដាយ ពីក្របខណ្ឌអន្តរជាតិផ្សេងទៀត ប្រមុខរដ្ឋាភិបាល ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសចំនួន១៤ ចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩នេះ៕
Tag:
ហ៊ុន សែន
ចិន
ទំនាក់ទំនងអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com