អន្តរជាតិ
ចិន បញ្ចុះ​ថ្លៃ​ចំណាយ​លើ​គម្រោង​ផ្លូវដែក​ជាមួយ​ថៃ ១០០​លាន​ដុល្លារ​
01, May 2019 , 8:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ថៃ ទទួលជោគជ័យ​ក្នុង​ការចរចា​បញ្ចុះតម្លៃ​ចំនួន ៣,២​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង​១០០​លាន​ដុល្លារ លើ​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​រវាង​ចិន និង​ថៃ ដែល​ត​ភ្ជាប់​រដ្ឋធានី​បាងកក និង​ខេត្ត​នគររាជ​សីមា​។ ស្ថិតក្នុង​ដំណាក់កាល​ទីមួយ​នៃ​ការសាងសង់​ផ្លូវដែក​ប្រវែង​៦០៧​គីឡូម៉ែត្រ ថៃ នឹង​បន្ត​សាងសង់​ពី​ខេត្ត​នគររាជ​សីមា​ទៅកាន់​ខេត្ត ណង​ខៃ ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ដើម្បី​ត​ភ្ជាប់​ទៅកាន់​ទីក្រុង​គន់​មិញ ខេត្ត​យូ​ណាន ភាគ​និរតី​នៃ​ប្រទេស​ចិន ដោយ​កាត់​តាម​ឡាវ​។

 
​ការបញ្ចុះ​តម្លៃ​នេះ ត្រូវបាន​យល់ស្រប​អំឡុង​កិច្ចពិភាក្សា​នៅ​វេទិកា​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ នា​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន កាលពី​សប្តាហ៍​មុន​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ លោក Arkhom Termpittayapaisith នៅ​ថ្ងៃទី​៣០ មេសា  ដោយ​បន្ថែមថា ភាគី​ថៃ និង​ចិន យល់ព្រម​តួលេខ​ចុងក្រោយ ៥០,៦​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង ១,៥៨​ពាន់​លាន​ដុល្លារ​សម្រាប់​ផ្នែក​ទីមួយ​នៃ​គម្រោង​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ «​កិច្ចសន្យា 2.3» រវាង​ចិន និង​ថៃ សំដៅលើ​កិច្ចព្រមព្រៀង​ចំនួន​១៤ ដែល​រាប់បញ្ចូល ការចំណាយ​លើ​ការសាងសង់​ផ្លូវដែក ទិញ​ប្រព័ន្ធ​អគ្គិសនី គ្រឿង​ម៉ាស៊ីន និង​ទូរថភ្លើង ក៏ដូចជា ការហ្វឹកហាត់​បុគ្គលិក​ផងដែរ​។ លាតសន្ធឹង​ចម្ងាយ​ប្រមាណ​២៥២​គីឡូម៉ែត្រ ការសាងសង់​ផ្លូវ​ពី​ទីក្រុង​បាងកក ទៅកាន់​ខេត្ត​នគររាជ​សីមា​នេះ ត្រូវការ​ទុនវិនិយោគ​សរុប​ដល់​ទៅ​ជាង ១៧៩ ពាន់​លាន​បាត ឬ​ស្មើនឹង ៥,៥៩​ពាន់​លាន​ដុល្លារ​។ 
 
​យោងតាម​របាយការណ៍​ពី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ ៨០ ភាគរយ​នៃ​កម្ចី​ទាំងនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ទម្រង់​ជា​លុយ​បាត ខណៈ​ចិន​គ្រាន់តែ​ផ្តល់​ការហ្វឹកហាត់​ផ្នែក​បច្ចេកទេស​សម្រាប់​បុគ្គលិក ដែល​នឹង​បើក​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​នេះ​ប៉ុណ្ណោះ​។ ការសាងសង់​សម្រាប់​ដំណាក់កាល​នេះ សម្រេច​រួចរាល់​ប្រមាណ​៥០​ភាគរយ​ហើយ ដោយ​ចាប់ផ្តើម​កាលពី​ចុងឆ្នាំ​២០១៧​មក​។​
 
 
​តាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក​រដ្ឋមន្ត្រី Arkhom បាន​បញ្ជាក់ថា ថៃ គ្រោង​ស្នើ​កម្ចី​ចំនួន ៣៨,២​ពាន់​លាន​បាត​ពី​ចិន ដែល​ស្មើនឹង ៨៥​ភាគរយ​នៃ​ការចំណាយ​វិនិយោគ​ក្នុង​កិច្ចសន្យា 2.3 ។ របាយការណ៍មួយចំនួន ចុះផ្សាយ​ថា ចិន​រៀបចំ​ផ្តល់​កម្ចី​ជាមួយ​អត្រា​ការប្រាក់ ៣​ភាគរយ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេស​ថៃ កំពុង​សាងសង់​ផ្លូវ​ប្រវែង ៦០៧​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​រាជធានី បាងកក ទៅកាន់​ខេត្ត​ណង​ខៃ ភាគ​ឦសាន​នៃ​ប្រទេស​ថៃ និង​ស្ថិត​តាម​បណ្តោយ​ទន្លេមេគង្គ​។ បន្ត​ពី​ដំណាក់កាល​ទីមួយ​ពី​រដ្ឋធានី​បាងកក​ទៅកាន់​ខេត្ត​នគររាជ​សីមា ដំណាក់កាល​ទី​ពីរ​នៃ​ផ្លូវដែក​ដ៏​វែង​នេះ​វិញ ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​ចំណាយ​អស់ ២១១ ពាន់​លាន​បាត ឬ​ស្មើនឹង ៦,៥៩ ពាន់​លាន​ដុល្លារ​។ វា​មាន​ប្រវែង ៣៥៥​គីឡូម៉ែត្រ​។ 
 
​លាតសន្ធឹង​ពី​ខេត្ត​នគររាជ​សីមា ទៅកាន់ ខេត្ត​ណង​ខៃ ផ្លូវ​នេះ រំពឹង​នឹងត្រូវ​ផ្គត់ផ្គង់​លុយ​ប្រមាណ ៨៥​ភាគរយ​ពី​កម្ចី​អន្តរជាតិ និង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់ នា​ឆ្នាំ​២០២៣​។ វា​នឹង​បូកសរុប​ខ្ទង់ចំណាយ​លើផ្លូវ​ដែក​ល្បឿន​លឿន​របស់​ថៃ ដល់​ចំនួន ៣៩០​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង ១២,១៨​ពាន់​លាន​ដុល្លារ​៕ 

Tag:
 ចិន​
  ថៃ​
  គម្រោង​ផ្លូវដែក​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com