អន្តរជាតិ
វៀតណាម ទទូច​ឲ្យ​ឥណ្ឌូណេស៊ី​ដោះលែង​ជនជាតិ​ខ្លួន​១២​នាក់​ជាបន្ទាន់​
03, May 2019 , 8:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ក្រសួងការបរទេស​វៀ​ត​ណា​ម នៅ​ថ្ងៃទី​១ ខែឧសភា បាន​ផ្ញើ​កំណត់​ទូត​មួយច្បាប់​ទៅកាន់​ស្ថានទូត​ឥណ្ឌូណេស៊ី ជុំវិញ​ការប្រើប្រាស់​កម្លាំង​ពី​សំណាក់​យោធា​ឥណ្ឌូណេស៊ី​ទៅលើ​អ្នកនេសាទ​វៀតណាម​កាល​ពី​សប្ដាហ៍​មុន​។ ក្នុង​ហេតុការណ៍​នោះ ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ ត្រូវបាន​ឥណ្ឌូណេស៊ី​ចាប់ខ្លួន ហើយ​ទូក​នេសាទ​វៀតណាម​មួយគ្រឿង​បាន​លិច​។ ក្រុង​ហាណូយ​បាន​ទទូច​ឲ្យ​ក្រុង​ហ្សា​ការ​តា​ដោះលែង​ជនជាតិ​ខ្លួន​ជាបន្ទាន់​។​

 
​ហេតុការណ៍​ប៉ះទង្គិច​រវាងទូក​នេសាទ​វៀតណាម និង​ទូក​ល្បាត​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី កើតឡើង​នៅ​ថ្ងៃទី​២៧ ខែមេសា ក្នុង​ដែនទឹក​ដែល​ភាគី​ទាំងពីរ​អះអាងថា ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។ ក្នុង​កំណត់​ទូត​ផ្ញើ​ទៅកាន់​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​រដ្ឋធានី​ហាណូយ ក្រសួងការបរទេស​វៀ​ត​ណា​ម​អះអាងថា អ្នកនេសាទ​របស់ខ្លួន​ចំនួន​១៤​នាក់ កំពុង​ប្រក​បរបរ​ក្នុង​ដែនទឹក​វៀតណាម មុននឹង​នាវា​ល្បាត​ឥណ្ឌូណេស៊ី​ចាប់​ឃាត់ ហើយ​អូស​សណ្ដោង​ពីក្រោយ​។​
 
​សកម្មភាព​របស់​កង​ល្បាត​ឥណ្ឌូណេស៊ី ធ្វើ​ឲ្យ​ទូក​វៀតណាម​លិច​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងការបរទេស​វៀត​ណា​ម​មុននឹង​បន្តថា កង​ឆ្មាំ​សមុទ្រ​វៀតណាម​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្បែរ​នោះ បាន​អន្តរាគមន៍ និង​ជួយសង្គ្រោះ​អ្នកនេសាទ​ពីរ​នាក់ ឯ​១២​នាក់​ទៀត ត្រូវបាន​ឆ្មាំ​ឥណ្ឌូណេស៊ី​នាំចូល​ដែនទឹក​របស់ខ្លួន​។ ទីក្រុង​ហាណូយ បានបង្ហាញ​ក្ដីបារម្ភ​ជាខ្លាំង​ចំពោះ​ទង្វើ​ហិង្សា​របស់​កង​ឆ្មាំ​ការពារ​របស់​ឥណ្ឌូណេស៊ី​។​
 
 
​បើតាម​លិខិត​ដែល​ផ្សាយ​ដោយ​គេហទំព័រ​ព័ត៌មាន VN Express ក្រសួងការបរទេស​វៀ​ត​ណា​ម​រិះគន់​ឥណ្ឌូណេស៊ី​ដោយ​ប្រើពាក្យ​ធ្ងន់ៗ​ជាច្រើន​។ វៀតណាម​បាន​ចោទ​ឥណ្ឌូណេស៊ី​ដែល​ត្រូវបាន​ចាត់ទុក​បងធំ​អាស៊ាន​ថា បំពាន​អធិបតេយ្យ​របស់ខ្លួន និង​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ មិន​ស្របតាម​ចំណងមិត្តភាព​ប្រពៃណី និង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ទ្វេភាគី ព្រមទាំង​មិន​ស្របតាម​សាមគ្គីភាព​របស់​អាស៊ាន​ទៀតផង​។ 
 
​ទន្ទឹមនឹង​ពាក្យរិះគន់​ខ្លាំង ក្រុង​ហាណូយ​បាន​ប្រាប់​ឲ្យ​ក្រុង​ហ្សា​ការ​តា​គោរព​ឲ្យ​ខ្ជាប់ខ្ជួន​អនុ​ញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដែល​ប្រទេស​ទាំងពីរ​ជា​សមាជិក​ដូចគ្នា​។ អ្វីដែល​សំខាន់​នោះ កំណត់​ទូត​របស់​ក្រសួងការបរទេស​វៀត​ណា​ម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ចេញ​បញ្ជា​ឲ្យ​កងទ័ព​ខ្លួន​ឈប់​ធ្វើ​សកម្មភាព​ដូច​ហេតុការណ៍​ថ្ងៃទី​២៧ មេសា​, ត្រូវ​ដោះលែង​អ្នកនេសាទ​វៀតណាម​ជាបន្ទាន់​, សង​ការខូចខាត​សម្រាប់​អ្នកនេសាទ​វៀតណាម​ដែល​បាន​បាត់បង់​ទូក​ផង​។​
 
​នេះ​ជា​លើក​ទី​ពីរ​ដែល​វៀតណាម​ផ្ញើ​កំណត់​ទូត​ទៅកាន់​ឥណ្ឌូណេស៊ី ក្រោយ​លិខិត​លើកទីមួយ​គ្មាន​ការឆ្លើយតប​អ្វី​ពី​ក្រុង​ហ្សា​ការ​តា​។ កាលពី​ឆ្នាំ​២០១៨ ឥណ្ឌូណេស៊ី បាន​កម្ទេច​ទូក​នេសាទ​វៀតណាម​ដល់​ទៅ​៨៦​ទូក ដោយ​ចោទថា នេសាទ​ក្នុង​ដែនទឹក​របស់ខ្លួន​។ វៀតណាម​ឯណេះ ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយ​តែង​ប្រាប់​ឲ្យ​ឥណ្ឌូណេស៊ី​បន្ធូរដៃ​បន្តិច ចៀសវាង​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​៕ 
 

Tag:
 វៀតណាម​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com