អន្តរជាតិ
លោក James Cameron សាទរ​រឿង Avengers ក្រោយ​ទម្លាក់​តំណែង​រឿង Titanic
10, May 2019 , 4:12 pm        
រូបភាព
 រូបថត លោក James Cameron  នៅពេលដឹកនាំរឿង Titanic (ប្រភពរូប៖ Pramount Picture)
រូបថត លោក James Cameron នៅពេលដឹកនាំរឿង Titanic (ប្រភពរូប៖ Pramount Picture)
ដោយ:
​លោក James Cameron ដែលជា​អ្នកដឹកនាំ​រឿង Avatar និង Titanic បានចេញ​សារ​អបអរសាទរ​ចំពោះ​ភាពជោគជ័យ​របស់​ភាព​យន្ត Avengers: Endgame របស់​ផលិតកម្ម Marvel Studio ។ ការសរសើរ​បែបនេះ បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​រឿង Endgame បាន​ដណ្តើម​តំណែង​រឿង Titanic របស់លោក និង​ក្លាយជា​រឿង​រក​ចំណូល​ច្រើន​បំផុត​លំដាប់​ទី​២​។​

 
២​សប្តាហ៍​ក្រោយ​ផ្តើម​ចាក់​បញ្ចាំង​នៅតាម​រោងកុន​នៅ​ទូទាំង​ពិភពលោក ភាពយន្ត​របស់​ចក្រវាល Marvel ដែល​ដឹកនាំ​រឿង​ដោយ​ផលិតករ​បងប្អូន The Russo Brothers ក្រោម​ចំណងជើង​ថា Avengers: Endgame បាន​ផ្តួល​រឿង Titanic ក្លាយជា​ភាពយន្ត​រក​ចំណូល​ច្រើន​បំផុត​លំដាប់​ទី​២​។ បើតាម​អ្នកជំនាញ​ក្នុង​វិស័យ​ភាពយន្ត Hollywood ភាពយន្ត​នេះ ក៏​ត្រៀម​ឈោង​ចាប់​តំណែង​កំពូល​លេខ​មួយ​ផងដែរ​។​
 
​រឿង Titanic ដែល​បាន​ចាក់​បញ្ចាំង​កាលពី​ឆ្នាំ​១៩៩៧​នោះ រកចំណូលបាន​២,១៨​ពាន់​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​នៅ​ទូទាំង​ពិភពលោក​។ ហើយ​វា​បាន​គ្រង​តំណែង​នេះ​អស់​ជាច្រើន​ឆ្នាំ​មកហើយ បន្ទាប់ពី Avatar​។ ប៉ុន្តែ​ទើបតែ​មកដល់​ដើម​សប្តាហ៍​នេះ រឿង Avengers: Endgame បា​នរក​ចំណូល​លើស​រឿង Titanic ជាមួយ​ចំណូល​២,២៧​ពាន់​លាន​ដុល្លារ (​គិត​ត្រឹម​ថ្ងៃ​៩ ខែឧសភា​)​។​


រូបថត លោក James Cameron  នៅពេលដឹកនាំរឿង Avatar (ប្រភពរូប៖ Pramount Picture)
 
​ទោះបីជា​បែបនេះ​ក្តី ភាពយន្ត​ដែល​រក​ចំណូល​ខ្ពស់​ជាងគេ​បំផុត​នោះ​គឺ​នៅតែ​ភាពយន្ត Avatar ។ ភាពយន្ត​បែប​ប្រឌិត​បែប​វិទ្យាសាស្ត្រ​នេះ បាន​ចាក់​បញ្ចាំង​កាលពី​ឆ្នាំ ២០០៩ ដោយ​រកចំណូលបាន ២,៧៨​ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។ ទាំង​រឿង Titanic និង Avatar សុទ្ធតែជា​ស្នាដៃ​ដឹកនាំ​របស់លោក James Cameron ។​
 
​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃទី​៩ ខែឧសភា លោក Cameron សរសេរ​បែបនេះ​ថា​៖« ផ្ទាំង​ទឹកកក​ក្រោម​សមុទ្រ (Iceberg) មួយ​ដុំ​បាន​ពន្លិច​នាវា Titanic ។ តែ​ឥឡូវនេះ ភាពយន្ត Avengers បាន​ពន្លិច​ភាពយន្ត Titanic ខ្ញុំ​»​។ បន្ថែម​ពី​សំណេរ​បែបនេះ  អ្នកដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​រូបនេះ ក៏បាន​បង្ហោះ​រូបភាព​ដ៏​មាន​អត្ថន័យ​មួយ ដែល​បង្ហាញ​ពី រូបតំណាង​ក្រុម Avengers បុក​នាវា Titanic ផងដែរ​។ 
 
 
 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ គេ​នៅ​រង់ចាំ​មើលថា តើ​វគ្គ  Endgame របស់​ផលិតកម្ម Marvel អាច​ដណ្តើម​តំណែង​ពី Avatar និង​ឡើង​គ្រង​ជា​ភាពយន្ត​ដែល​រក​ចំណូល​ច្រើន​បំផុត​បាន​ឬ​យ៉ាងណា​នោះ​? កាលពី​ថ្មីៗ​នេះ អ្នកជំនាញ​ក្នុង​វិស័យ​ភាពយន្ត​រំពឹងថា ភាពយន្ត​ដែល​ដកស្រង់​ចេញពី​សៀវភៅ​រូប​ត្លុក​ប្រភេទ​វីរបុរស​នេះ នឹង​អាច​រក​ចំណូល​ដល់ ៣​ពាន់​លាន​ដុល្លារ ដោយ​ការលក់​សំបុត្រ​នៅ​ទូទាំង​សកលលោក​៕
 

Tag:
 James Cameron
  Avengers:Endgame
  Titanic
  Avatar
© រក្សាសិទ្ធិដោយ thmeythmey.com