កីឡាអន្តរជាតិ
អន្តរជាតិ
Salford City របស់​មហាសេដ្ឋី​សិង្ហ​បុរី និង​វីរបុរស Man Utd ឡើង​លេង League Two
12, May 2019 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
Salford City ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​មែន​ឆេ​ស្ទ័​រ បាន​ឡើង​ទៅលេង League Two ក្របខណ្ឌ​លំដាប់​ទី​បួន​នៃ​បាល់ទាត់​អង់គ្លេស​។ ក្រុម​ដែលមាន​មហាសេដ្ឋី​សិង្ហ​បុរី Peter Lim និង​វីរបុរស Manchester United ៦​រូប​ជា​ម្ចាស់​នោះ បាន​យកឈ្នះ A.F.C. Fylde ៣-០ នា​ការប្រកួត Play-off នៃ​ក្របខណ្ឌ National League​។​


 
Emmanuel Dieseruvwe បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​តង់​ទីមួយ ហើយ Carl Piergianni និង Ibou Touray បន្ថែម​ម្នាក់​១​គ្រាប់​នៅ​តង់​ទី​ពីរ ដើម្បី​នាំ​ភាព​រីករាយ​សម្រាប់​ក្រុម​អ្នកគាំទ្រ Salford City នៅ​កីឡដ្ឋាន Wembly កាលពី​ថ្ងៃទី​១២ ខែឧសភា​។​
 
​មាន​កីឡដ្ឋាន​ឈ្មោះ Moor Lane ក្រុម Salford City ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤០ ហើយ​នៅ​ឆ្នាំ​២០១៤ មហាសេដ្ឋី​ដូងប្រេង និង​ថ្នាំពេទ្យ​សិង្ហ​បុរី លោក Peter Lim បាន​ទិញ​ក្លិប​មួយ​នេះ ជាមួយ​វីរបុរស​ក្លិប Manchester United ៥​នាក់ គឺ Ryan Giggs, Gary Neville, Phil Neville, Paul Scholes និង Nicky Butt​។ កីឡាករ​ទាំង​៥​នាក់ មាន​ភាគហ៊ុន​ម្នាក់ៗ​ចំនួន​១០​ភាគរយ​។ បច្ចុប្បន្ន លោក Peter Lim មាន​ភាគហ៊ុន​៤០​ភាគរយ បន្ទាប់ពី​លក់​១០​ភាគរយ​ឲ្យ David Beckham កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។​

 
 
Salford City ដែលមាន​លោក Graham Alexander ជា​គ្រូបង្វឹក​ទើប​ឡើង​លេង​ក្របខណ្ឌ League Two ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ គេ​រំពឹងថា ក្លិប​នឹង​បោះជំហាន​មួយ​បន្ថែមទៀត ដោយសារ​ម្ចាស់​ភាគហ៊ុន​ដែលជា​អតីត​ក្រុមយុវជន​ជំនាន់​ឆ្នាំ​៩២ (Class of '92) របស់ Manchester United៕

Tag:
 League Two
© រក្សាសិទ្ធិដោយ thmeythmey.com