Huawei Technologies Co. Ltd. គឺជាក្រុមហ៊ុនផលិតសម្ភារទូរគមនាគមន៍ និងផលិតផលអេឡិចត្រូនិកចម្រុះជាតិសាសន៍មួយរបស់ចិន។ ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងនៃប្រទេសចិន។ ជាមួយចំណូលជាង១០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Huawei ត្រូវចាត់ទុកជា ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារគមនាគមន៍ឈានមុខមួយក្នុងពិភពលោក។
ក្រុមហ៊ុន Huawei បានបង្កើតឡើងក្នុងឆ្នាំ១៩៨៧ ដោយលោក Ren Zhengfei ដែលជាអតីតមន្ត្រីវិស្វករក្នុងកងទ័ពរំដោះប្រជាជនចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនយក្សចិននេះ មានបុគ្គលិកបម្រើការ ប្រមាណ ១៨ម៉ឺននាក់ ក្នុងនោះជាង ៧៦០០០ នាក់ ចូលរួមក្នុងកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍។
Huawei មានទីតាំងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ប្រមាណ ១៤ទីតាំង នៅជុំវិញពិភពលោក រួមមាន ចក្រភពអង់គ្លេស ប៉ាគីស្ថាន កាណាដា តួកគី រុស្ស៊ី និងស៊ុយអែត ជាដើម។ ហើយគិតត្រឹមឆ្នាំ ២០១៧ ក្រុមហ៊ុន បានចាក់បញ្ចូលលុយវិនិយោគចំនួន ១៣,៨ពាន់លានដុល្លារលើផ្នែក R&D នេះ ។
ផលិតផល និងសេវាកម្មទូរគមនាគមន៍-អេឡិចត្រូនិក របស់ក្រុមហ៊ុននេះ ត្រូវបានលក់ក្នុងបណ្តាប្រទេសជាង ១៧០ប្រទេស នៅពាសពេញពិភពលោក ។ ក្នុងខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន Huawei ត្រូវបានរាយការណ៍ថា រកចំណូលបានដល់ទៅជាង ១០៨,៨ពាន់លានដុល្លារ ដែលកើនឡើង ២១ភាគរយ បើធៀបនឹង ឆ្នាំ២០១៧។ ក្នុងឆ្នាំដដែលនេះ ក្រុមហ៊ុន Huawei ក៏បានកាច់បំបាក់ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនផលិតទូរសព្ទឆ្លាតវៃធំបំផុតលំដាប់ទី២ តាមពីក្រោយ ក្រុមហ៊ុន Samsung ។
រយៈពេល៣២ឆ្នាំ ក្រោយការបង្កើត ក្រុមហ៊ុនយក្សចិននេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាអ្នកផ្គត់ផ្គង់បណ្តាញបច្ចេកវិទ្យា 5G ឈានមុខគេក្នុងពិភពលោក។ គិតមកត្រឹមខែមីនា ឆ្នាំ២០១៩នេះ ប្រទេសចំនួន ៤០ហើយ បានធ្វើកិច្ចសន្យាពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន Huawei ដើម្បីកសាង និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជំនាន់ទីប្រាំ (5G) ។
ទោះបីជាទទួលបានជោគជ័យនៅក្នុងទីផ្សារអន្តរជាតិជាច្រើន Huawei ក៏កំពុងប្រឈមមុខបញ្ហាក្នុងការជ្រៀតចូលក្នុងទីផ្សារក្នុងប្រទេសខ្លះផងដែរ។ កន្លងទៅ រដ្ឋបាលអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនចិននេះថាពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យា ដោយលើកឡើងថា ក្រុមហ៊ុន Huawei ប្រើប្រាស់មធ្យោបាយ «ទ្វារក្រោយ» ដែលអាចឃ្លាំមើល ឬធ្វើចារកម្មមកលើអ្នកប្រើប្រាស់ ដើម្បីផ្តល់ទិន្នន័យឲ្យរដ្ឋាភិបាលចិន។ ខ្លួន ក៏បានព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តខ្លួន កុំអនុញ្ញាតឲ្យចិនពាក់ព័ន្ធនឹងការអភិវឌ្ឍបណ្តាញទូរសព្ទ 5G ដោយព្រមានថា ការធ្វើបែបនេះ នឹងបង្កឲ្យការចែករំលែកព័ត៌មានរវាងពួកគេនិងសហរដ្ឋអាមេរិកប្រឈមមុខភាពតឹងតែង។
ជាឧទាហរណ៍ស្រាប់ កាលពីដើមឆ្នាំ២០១៩នេះ រដ្ឋបាលក្រុងវ៉ាស៊ីនតោន ក៏បានសម្រេចដាក់បម្រាមលើភ្នាក់ងាររដ្ឋាភិបាលសហព័ទ្ធទាំងអស់ រួមមាន FBI និង CIA ជាដើម ពីការប្រើប្រាស់សម្ភារបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei ។
លើសពីនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែឧសភា បានប្រកាសអាសន្នជាតិលើវិស័យគមនាគមន៍ ដោយហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងអស់ពីការប្រើប្រាស់សម្ភារគមនាគមន៍បរទេសនានា ដែលរដ្ឋបាលលោកចាត់ទុកថា បង្កជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ចំណាត់ការថ្មីនេះ ទំនងជាសំដៅលើក្រុមហ៊ុនយក្សចិន Huawei ដែលក្រុងវ៉ាស៊ីនតោនបានរិះគន់ជាញឹកញាប់ពាក់ព័ន្ធនឹងហានិភ័យនៃការធ្វើចារកម្ម។
៤ថ្ងៃប៉ុណ្ណោះក្រោយបទបញ្ជានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានកាត់ផ្តាច់អាជីវកម្មមួយចំនួន ជាមួយក្រុមហ៊ុនទូរសព្ទចិន Huawei ជាពិសេស ផ្នែកនៃការដំឡើងកម្មវិធីសំខាន់មួយចំនួនក្នុងប្រព័ន្ធប្រតិបត្តិការ Android ។ គេព្យាករថា អនាគតនៃទូរសព្ទឆ្លាតវៃរបស់ក្រុមហ៊ុនចិន Huawei ជំនាន់ថ្មី ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android នឹងបាត់បង់សេវាកម្មពេញនិយមមួយចំនួន រួមមាន Google Play Store, Gmail, Chrome browserនិង YouTube ជាដើម។
យ៉ាងណាមិញ រឿងហេតុនៅពុំទាន់ចប់។ ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី២០ ខែឧសភា បានសម្រេចពន្យារពេលការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei សម្រាប់រយៈពេល ៩០ថ្ងៃ ដោយលើកហេតុផលថា ការអនុគ្រោះនេះ មានគោលដៅកាត់បន្ថយផលប៉ះពាល់ភ្លាមៗពេក លើក្រុមហ៊ុនផ្គត់ផ្គង់របស់អាមេរិក។ តួយ៉ាង ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានលក់ផ្នែក Hardware ដូចជា Chip ជាដើម ទៅឲ្យក្រុមហ៊ុនទូរសព្ទ Huawei ដែលប៉ាន់ស្មានជាទឹកប្រាក់ចំនួន ១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨៕