កីឡាអន្តរជាតិ
អន្តរជាតិ
បារម្ភពីសន្តិសុខខ្លួន Mkhitaryan មិនទៅជួយ Arsenal វគ្គផ្តាច់ព្រ័ត្រ Europa League នៅអាស៊ែបៃហ្សង់
× ដោយសារបញ្ហាសន្តិសុខ និងសុវត្ថិភាពខ្សែបម្រើ Henrikh Mkhitaryan នឹងមិនបានចូលរួមជាមួយ Arsenal ដើម្បីតតាំងជាមួយ Chelsea ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន UEFA Europa League នៅថ្ងៃទី២៩ ខែឧសភានេះឡើយ។ នេះបើតាមការប្រកាសរបស់ក្លិប Arsenal។
ខ្សែបម្រើសញ្ជាតិអាមេនីវ័យ៣០ឆ្នាំ រអានឹងសុវត្ថិភាពខ្លួននៅលើទឹកដី អាស៊ែបៃហ្សង់ជាទីដែលក្រុមអង់គ្លេសទាំងពីរត្រូវប្រជែងគ្នាក្នុងពហុកីឡដ្ឋានអូឡាំពិកនាក្រុងបាគូ។ អាមេនី និង អាស៊ែបៃហ្សង់មានបញ្ហាតានតឹងផ្នែកនយោបាយធ្ងន់ធ្ងររហូតដល់សព្វថ្ងៃជុំវិញការឈ្លានពានទឹកដីគ្នាដោយប្រទេសទាំងពីរមិនអនុញ្ញាតឲ្យមានប្រជាជនខាងណាចូលទឹកដីខ្លួនឡើយ។
«ដោយបានពិចារណាលើលក្ខខណ្ឌជាច្រើន យើងត្រូវសម្រេចចិត្តដ៏លំបាកមួយសម្រាប់ខ្ញុំ គឺមិនអាចធ្វើដំណើរជាមួយ Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ឡើយ។ នេះជាការប្រកួតដែលមិនមានញឹកញាប់នោះទេ ហើយខ្ញុំពិតជាសោកស្តាយ និងឈឺចាប់ណាស់»។ Mkhitaryan រៀបរាប់ដូច្នេះ។
ជុំវិញស្ថានភាពនេះដែរ ខាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA ក៏បង្ហាញក្តីបារម្ភយ៉ាងខ្លាំងដូចគ្នា និងថែមទាំងបានពិភាក្សាជាមួយអតីតសមាជិកក្រុម Man Utd នេះទៀតផង។
«យើងបានពិនិត្យយ៉ាងល្អិតល្អន់អំពីជម្រើសជាច្រើនសម្រាប់ Mkhitaryan ក្នុងជម្រើសរបស់ Arsenal ប៉ុន្តែបន្ទាប់ពីពិភាក្សាជាមួយ Mkhitaryan និងក្រុមគ្រួសាររបស់គាត់ យើងបានយល់ព្រមរួមគ្នាថា គាត់នឹងមិនទៅចូលរួមការប្រកួតនេះទេ។ យើងពិតជាសោកស្តាយដែលកីឡាករម្នាក់នឹងខកខានក្នុងជំនួបផ្តាច់ព្រ័ត្រអឺរ៉ុបដ៏សំខាន់មួយក្នុងកាលៈទេសៈបែបនេះ ព្រោះវាជារឿងមួយដែលកម្រកើតមានក្នុងអាជីពរបស់កីឡាករបាល់ទាត់ណាស់»។
ម្យ៉ាងវិញទៀត UEFA បានឆ្លើយតបទៅខាងភាគី Arsenal ថាស្ថាប័នខ្លួននឹងធានាសុវត្ថិភាពរបស់ Mkhitaryan នៅទឹកដីអាស៊ែបៃហ្សង់ដោយមានការការពារពីសំណាក់អាជ្ញាធរប្រទេសនេះក្នុងកម្រិតខ្ពស់បំផុត។ ប៉ុន្តែយ៉ាងណា សាមីខ្លួននៅតែមានការភ័យខ្លាច ហើយសម្រេចមិនចូលរួមដដែល។
សហព័ន្ធកីឡាបាល់ទាត់អាស៊ែបៃហ្សង់ (AFFA) ក៏សម្តែងការខកចិត្តដូចគ្នាជុំវិញការអាក់ខានធ្វើដំណើររបស់ Mkhitaryan មកកាន់ទឹកដីខ្លួន ខណៈពួកគេបានផ្ដល់ទិដ្ឋាការសម្រាប់កីឡាករអាមេនីដែរនោះ៕
Tag:
បាល់ទាត់
Henrikh Mkhitaryan
UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com