អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ ស្លាប់​៦​នាក់ និង​របួស​២០០​នាក់ ក្នុង​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​
22, May 2019 , 8:59 pm        
រូបភាព
ប្រភពរូប៖  AFP
ប្រភពរូប៖  AFP
ដោយ:
​មនុស្ស​៦​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេងទៀត​រងរបួស ក្រោយពី​ផ្ទុះ​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងសន្តិសុខ និង​អ្នកធ្វើ​បាត​កម្ម នៅ​រដ្ឋធានី​ហ្សា​ការ​តា​។ ការធ្វើ​បាត​កម្មនេះ ធ្វើឡើង​ក្រោយពី​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ឥណ្ឌូណេស៊ី បង្ហាញថា លោក ចូ​កូ វី​ដូ​ដូ នៅតែ​រក្សា​តំណែង​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​ពីរ​ដដែល​។​

 
​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក អ្នកនាំពាក្យ​ប៉ូលីស​ជាតិ​ឥណ្ឌូណេស៊ី Dedi Prasetyo បញ្ជាក់​ឲ្យ​ដឹងថា បាតុកម្ម​ជាច្រើន​ទីតាំង ដែល​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​បេក្ខភាព​ប្រធានាធិបតី​ចាញ់ឆ្នោត បាន​ប្រែក្លាយជា​ហិង្សា កាលពី​យប់​ថ្ងៃ​អង្គារ​ទី ២១ ឧសភា និង​បានអូសបន្លាយ​ពេញ​មួយ​យប់​។ ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ឥណ្ឌូនេស៊ី បាន​ឃាត់ខ្លួន​បាតុករ​ចំនួន ២០​នាក់​។ 
 
​លោក​អភិបាលក្រុង​ហ្សា​ការ​តា Anies Baswedan លើកឡើងថា មនុស្ស ៦​នាក់ បាន​បាត់​បង់ជីវិត និង​២០០​នាក់​ផ្សេងទៀត រងរបួស ក្នុង​អំពើហិង្សា​នេះ​។ ទន្ទឹមនឹង​គ្នា​នេះដែរ មន្ត្រី​រូបនេះ បាន​និយាយថា ខាង​មន្ទីរពេទ្យ កំពុង​ពិនិត្យ​រក​មូលហេតុ​នៃ​ការស្លាប់​។ 
 
​តាមរយៈ​ទូរទស្សន៍​ក្នុងស្រុក​ឥណ្ឌូណេស៊ី Kompas TV  ក្រុម​អ្នក​បាតុករ បាន​ចោទ​ដុំថ្ម និង​ដុត​កម្ទេច​រថយន្ត​របស់​សមត្ថកិច្ច​។ បុរស​ម្នាក់​ត្រូវបាន​រាយការណ៍​ថា ស្លាប់​ភ្លាមៗ ក្រោយ​ត្រូវរបួស​ចំ​ដៃ​ដោយសារ​គ្រាប់កាំភ្លើង​។ 
 
​យ៉ាងណាមិញ មន្ត្រី​អ្នកនាំពាក្យ​ប៉ូលីស​ជាតិ​ឥណ្ឌូណេស៊ី បាន​អះអាងថា កងកម្លាំង​រក្សា​សន្តិសុខ ពុំបាន​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត​ក្នុង​បេសកម្ម​ប​ង្គ្រា​ប​បាតុកម្ម​នេះឡើយ​។ លោក​បកស្រាយ​ថា កងកម្លាំង​សន្តិសុខ បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាំភ្លើង​បាញ់​ទឹក​ទៅលើ​ក្រុមបាតុករ​ដែល​បាន​គប់​ដុំថ្ម​មកលើ​ពួកគេ​។ 
 
 
​សូមបញ្ជាក់ថា បាតុកម្ម​នៅ​ទីក្រុង​ហ្សា​ការ​តា​នេះ បាន​ផ្ទុះឡើង ក្រោយពី​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជា​ផ្លូវការ បាន​បង្ហាញថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ ជាប់ឆ្នោត​បន្ត​អាណត្តិ​ទី​ពីរ ៥​ឆ្នាំ​ទៀត ជាមួយ​សំឡេងគាំទ្រ ៥៥,៥​ភាគរយ​។ យ៉ាងណាមិញ គូប្រជែង​របស់លោក ចូ​កូ​វី លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ បាន​បដិសេធ​លទ្ធផល​បោះឆ្នោត​នេះ ដោយ​ចោទប្រកាន់ថា ការបោះឆ្នោត ហ៊ុមព័ទ្ធ​ដោយ​ការ​កិបកេង​សន្លឹកឆ្នោត​៕

Tag:
 ឥណ្ឌូណេស៊ី​
  បាតុកម្ម​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com