លោក សម រង្ស៊ី ហៅ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ថា «​ក្លែងក្លាយ​»
ជាតិ
បោះឆ្នោត
លោក សម រង្ស៊ី ហៅ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ថា «​ក្លែងក្លាយ​»
26, May 2019 , 11:02 am        
រូបភាព
រូបពីគ.ជ.ប.
រូបពីគ.ជ.ប.
ដោយ: ថ្មីៗ
​ពី​ក្រៅប្រទេស លោក សម រង្ស៊ី ចាត់ទុក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (​បោះឆ្នោតក្រុមប្រឹក្សា​) អាណត្តិទី៣ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ​។


 
​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ បន្តថា វា ជា​លើក​ទី​៣​ហើយ ដែល​កម្ពុជា រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ បន្ទាប់ពី​អតីត​គណបក្សប្រឆាំង ត្រូវបាន​រំលាយចោល​កាលពី​ចុងឆ្នាំ​២០១៧​។ លោក រម្លឹកថា ការបោះឆ្នោត​ក្លែងក្លាយ​លើក​ទី​១ គឺ​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃ ២៥ កុម្ភៈ ២០១៨ ហើយ​ការបោះឆ្នោត​ក្លែងក្លាយ​លើក​ទី​២ គឺ​ការបោះឆ្នោត​តំណាងរាស្ត្រ នៅ​ថ្ងៃ ២៩ កក្កដា ២០១៨​។ 
 
​លោក អះអាងថា ការបោះឆ្នោត​ក្លែងក្លាយ​ទាំងនោះ គឺ​នាំមក​នូវ​ប្រព័ន្ធ​ឯក​បក្ស​នៅ​កម្ពុជា​។ តាមរយៈ​សារ​លើ​បណ្តាញ​សង្គម លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ការបោះឆ្នោត​ក្លែងក្លាយ​ទាំង​៣​លើក​នោះ ធ្វើ​ឲ្យ​គណបក្សកាន់អំណាច ទទួលបាន​កៅអី​១០០​ភាគរយ នៅ​គ្រប់​ស្ថាប័នរដ្ឋ ពី​ថ្នាក់ជាតិ ដល់​ថ្នាក់មូលដ្ឋាន​»​។​

អត្ថបទទាក់ទង

 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បកស្រាយថា គ.ជ.ប. ធ្វើទៅតាមច្បាប់ ពោលគឺការបោះឆ្នោតក្រុមប្រឹក្សានេះ ត្រូវរៀបចំឡើងជារៀងរាល់៥ឆ្នាំម្តង ដោយមិនអាចអាក់ខានឡើយ។ លោក បន្តថា ការបោះឆ្នោតត្រឹមត្រូវនិងមានលក្ខណៈប្រជាធិបតេយ្យ គឺមិនអាស្រ័យលើគណបក្សណាចូលរួម ឬគណបក្សណាមិនចូលរួមនោះទេ។ 

អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា «គាត់និយាយហ្នឹង គឺមិនផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋទេ។ វា គ្រាន់តែជាភាសារបស់អ្នកនយោបាយប៉ុណ្ណោះ»។ 

បើតាមអ្នកនាំពាខាងលើ គិតត្រឹមម៉ោង៩ព្រឹកនេះ អ្នកទៅបោះឆ្នោតជាង៦០ភាគរយហើយ ដែលបានទៅបោះឆ្នោត។ អ្នកនាំពាក្យ​ អះអាងថា ការរាប់សន្លឹកឆ្នោតបឋម នឹងចាប់ផ្តើមពីម៉ោង៣រសៀលទៅ។ អង្គបោះឆ្នោត (អ្នកបោះឆ្នោត) គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ 

មានគណបក្ស​៧ គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច គណបក្ស​ខែ្មរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ ដែលបាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សានេះ៕ 

Tag:
 បោះឆ្នោត​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម