សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សង្គ្រាម​ពាណិជ្ជកម្ម បង្កើន​ការនាំចេញ​វៀតណាម​ទៅ​អាមេរិក តែ​បង្ខំ​រោងចក្រ​នៅ​ចិន​ប្តូរ​ទីតាំង​
29, May 2019 , 9:19 pm        
រូបភាព
ប្រភពរូប៖​ AFP
ប្រភពរូប៖​ AFP
ដោយ:
​ការនាំ​ចូល​របស់​អាមេរិក​ពី​ប្រទេស​វៀតណាម កើនឡើង​យ៉ាងគំហុក ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​២០១៩​នេះ ខណៈ​រោងចក្រ​ជាច្រើន ចាប់ផ្តើម​ផ្លាស់ប្តូរ​សង្វាក់​ផលិតកម្ម​ខ្លួន​ចេញពី​ប្រទេស​ចិន​។ ការផ្លាស់ប្តូរ​នេះដែរ គឺ​បណ្តាលមកពី​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ផ្ទុះឡើង ចាប់តាំងពី​ដើមឆ្នាំ​២០១៨​មកម្ល៉េះ​។

 
​ការនាំចេញ​របស់​វៀត​ណា​ម​ទៅកាន់​ទីផ្សារ​អាមេរិក បាន​ហក់​ឡើង​ចំនួន ៤០,២​ភាគរយ ក្នុង​៣​ខែ​ដើមឆ្នាំ​២០១៩​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ​។ សម្រាប់​តួលេខ​នេះ វៀតណាម អាច​ផ្តួល​ចក្រភព​អង់គ្លេស ដែលជា​ប្រទេស​នាំចេញ​លំដាប់​ទី​៧​ទៅកាន់​ទីផ្សារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​ការ ផ្សាយ​របស់​ទូរទស្សន៍ Bloomberg ។ ចំណែក​ការនាំ​ចូល​ពី​ប្រទេស​ចិន បាន​ថយចុះ ១៣,៩​ភាគរយ​។ 
 
​យោងតាម​ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​អាមេរិក ក្នុង​ឆ្នាំ​២០១៨ វៀតណាម បាន​នាំចេញ​សម្ភារ​អេឡិចត្រូនិក​ច្រើន​បំផុត​ទៅកាន់​ទីផ្សារ​រប​ស់​សហរដ្ឋអាមេរិក ដែល​ស្មើនឹង ១១​ពាន់​លាន​ដុល្លារ  ខណៈ​ផលិតផល​សំលៀកបំពាក់ ស្មើនឹង ៧,២​ពាន់​លាន​ដុល្លារ និង ៦,២​ពាន់​លាន​ដុល្លារ​សម្រាប់​ផលិតផល​ស្បែកជើង​។ 
 
​ជុំវិញ​ការកើនឡើង​ភាព​តានតឹង​រវាង​ក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន រដ្ឋបាល​លោក ត្រាំ បានបញ្ជាក់​ឲ្យ​ដឹងថា ការដំឡើង​ពន្ធ នឹង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​នានា​ដែលមាន​រោងចក្រ​ក្នុងប្រទេស​ចិន ពិចារណា​ផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​បណ្តា​ប្រទេស​ក្បែរ​ខាង​។ យោងតាម​ទស្សនា​វ​ដ្តី Newsweek រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អាមេរិក លោក Steven Mnuchin ព្យាករ​ថា ជំនួញ​ជាច្រើន នឹងត្រូវ​រើ​ទី​តាំងពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​។ 
 
​តួយ៉ាង សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា វៀតណាម​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ក្លៀវក្លា អាចជា​ទិសដៅ​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី​។ 
 
 
​សូមបញ្ជាក់ថា កម្តៅ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម បាន​ឆាបឆេះ​ឡើងវិញ​កាលពីដើម​ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ ក្រោយពី​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដំឡើង​ពន្ធ​នាំចូល​២៥​ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ​៕ 
 

Tag:
 វៀតណាម​
  សហរដ្ឋអាមេរិក​
  សេដ្ឋកិច្ច​អន្តរជាតិ​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com