ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ជាតិចិន​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​លុយ​គ្មាន​ប្រភព​ច្បាស់លាស់​ជិត​១​លាន​ដុល្លារ​
30, May 2019 , 10:17 am        
រូបភាព
​ភ្នំពេញ​៖ ជន​ជាតិចិន​ម្នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​លុយ​គ្មាន​ប្រភព​ច្បាស់លាស់​ជិត​១​លាន​ដុល្លារ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ឧសភា​។​

 
​លោក កែវ វណ្ណ​ថន អគ្គនាយករង​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​ឈានទៅ​ឃាត់ខ្លួន​ជនជាតិ​ចិន​នេះ ដោយសារ​សមត្ថកិច្ច​ស​ង្ស័​យ​ថា​ប្រាក់​ទាំងនោះ ជា​លុយកខ្វក់ សម្រាប់​យកមក​ចរាច​រណ៍​ប្រើប្រាស់​(​លាង​សម្អាត​ប្រាក់​)​នៅ​កម្ពុជា​។ ដោយសារ​សង្ស័យ​បែបនេះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​រូបនោះ ដោយ​ដកហូត​បាន​ប្រាក់ ៨៨៥,០០០ ដុល្លារ​។​
 
​តាមរយៈ​ចម្លើយសារភាព​ប្រាប់​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ LIAO JINGQING នេះ បាន​រៀបរាប់ថា ប្រាក់​ទាំងនេះ គឺ​រូបគេ​យក​មកពី​ទីក្រុង​ហុងកុង នៃ​ប្រទេស​ចិន ដើម្បី​បោះទុន​វិនិយោគ​លើ​ផ្នែក​ដេ​គ័​រ នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ចម្លើយ​របស់​ជនសង្ស័យ​នេះ ហាក់​មិន​ដូច​ការស៊ើបអង្កេត​រប​ស់​សមត្ថកិច្ច​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ វណ្ណ​ថន​។​
 
​អគ្គនាយករង​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​(​ជនសង្ស័យ​) ឆ្លើយ​មិន​ច្បា​ស់សោះ គាត់​ថា លុយ​នោះ​យក​មកពី​ហុងកុង ប៉ុន្តែ​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ មិន​ដូច​ចម្លើយ​គាត់​។ លុយ​គាត់​នេះ វា​គ្មាន​ប្រភព​ច្បាស់លាស់​ទេ​។ ហើយ​ឥឡូវ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​គាត់ ដើម្បី​សាកសួរ​ចម្លើយ​បន្ថែម​»​។ 
 


​បើតាម​លោក កែវ វណ្ណ​ថន ប្រាក់​ជិត​១​លាន​ដុល្លារ​នេះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក​ក​ទុក​សិន ដើម្បី​ស្រាវជ្រាវ​ប្រភព​ច្បាស់លាស់​។ ហើយ​បើ​គ្មាន​ប្រភព​ត្រឹមត្រូវ​ទេ ករណី​ប្រាក់​ទាំងនេះ នឹង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​
 
​កាលពី​ថ្ងៃទី​២៣ មេសា កន្លងមក សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ដោយ​ដកហូត​ប្រាក់​៣,៥ លាន​ដុល្លារ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ផងដែរ​។ ប្រាក់​ទាំងនោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​តម្កល់ទុក​នៅ​ធនាគារជាតិ​កម្ពុជា​ជាប​ណ្ណោះ​អាសន្ន​សិន ដើម្បី​ធ្វើជា​វត្ថុតាង​ក្នុង​សំណុំ​រឿងនេះ​៕

Tag:
 ​មហាផ្ទៃ​
  អន្តោប្រវេសន៍​
  ចិន​
  សម្អាត​ប្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com