ជាតិ
សង្គមជាតិ
លោក ខៀវ កាញារីទ្ធ ៖ ប្រភពព័ត៌មាន​នៅ​កម្ពុជា​កាន់តែច្រើន ប៉ុន្តែ​មនុស្ស​មិនទាន់​ចេះ​ថ្លឹងថ្លែង​
02, Jun 2019 , 4:30 pm        
រូបភាព
ភ្នំពេញ​៖ ខណៈដែល​ប្រភពព័ត៌មាន​នៅ​កម្ពុជា​កាន់តែច្រើន និង​សម្បូរបែប​នោះ បែរជា​ប្រជាពលរដ្ឋ​នៅ​មិនទាន់​ចេះ​តាមដាន​ព័ត៌មាន ដើម្បី​យកទៅ​ពិចារណា​ថ្លឹងថ្លែង ឲ្យ​ទាន់សភាពការណ៍​នៅឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​






 
​លោក ខៀវ កាញារីទ្ធ ដែល​បានកត់សម្គាល់​ពី​ការយល់ដឹង​ផ្នែក​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​នោះ បាន​និយាយថា កាលណា​ប្រភពព័ត៌មាន​សម្បូរបែប​នោះ វា​សមតែ​ជា​ជម្រើស​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ ក្នុងការ​តាមដាន និង​យល់ដឹង​ពី​បញ្ហា​សង្គម តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​។ ប៉ុន្តែ​ជាក់ស្ដែង​វា​មិន​ដូច្នោះ​ទេ​។​
 
​ត្រង់ចំណុច​នេះ​លោក ខៀវ កាញារីទ្ធ បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​កម្ពុជា មិនទាន់​ចេះ​ពិចារណា និង​ថ្លឹងថ្លែង​បញ្ហា​សង្គម​តាមរយៈ​ព័ត៌មាន​ឡើយ ពោលគឺ​ពួកគេ​ចូលចិត្ត​ស្ដាប់ និង​តាមដាន​ប្រភពព័ត៌មាន​ណា ដែល​រិះគន់ និង​បន្ដុះបង្អាប់​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​
 
​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី តួនាទី​របស់​អ្នកសារព័ត៌មាន នា​រសៀល​ថ្ងៃទី​១ មិថុនា ក្នុង​ខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ពី​ដើម​យើង​គិតថា កាលណា​ប្រភពព័ត៌មាន​ច្រើន​មនុស្ស​អាចធ្វើ​ការជ្រើសរើស​បាន មនុស្ស​អាចបែងចែក​ខុស​និង​ត្រូវ​វា​បាន​។ ពី​ដើម​យើង​ដើររក​ព័ត៌មាន ប៉ុន្តែ​ឥឡូវនេះ​ព័ត៌មាន​ដើរមក​រក​យើង​ដល់​ក្នុង​មុង បើក​មុង​ចូល​មករក​យើង​ហ្មង​។ ប៉ុន្តែ​យើង​គិតថា បើសិនជា​ព័ត៌មាន​ច្រើន មនុស្ស​អាច​ដឹងថា អា​មួយ​នេះ មួយ​នោះ​ខុស​។ តាមពិត​មិនមែន​ទេ​។ ព័ត៌មាន​កាន់តែច្រើន​កាលណា មនុស្ស​រើស​តែ​អា​មួយណា ដែល​គាត់​ពេញចិត្ត បានន័យថា បើ​គាត់​ចូលចិត្ត​ជូរ គាត់​រើស​តែ​ម្ហូប​ជូរ​មក ចូលចិត្ត​ហិ​រ គាត់​រើស​តែ​អា​ហិ​រម​ក​។ អ៊ីចឹង​ព័ត៌មាន​ច្រើន​កាលណា គាត់​រើស បើសិនជា​គាត់​ស្អប់​រដ្ឋាភិបាល ស្អប់​ចៅហ្វាយស្រុក​ហ្នឹង គាត់​រើស​តែ​ព័ត៌មាន​ណា​ដែល​និយាយ​អាក្រក់​ពី​ចៅហ្វាយស្រុក​ហ្នឹង អា​(​ចំណុច​)​ល្អ គាត់​បោះចោល​ហ្មង​»​។​
 
​លោក ខៀវ កាញារីទ្ធ ស្នើ​ឲ្យ​ពលរដ្ឋ ដែល​ចេះ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​បច្ចេកវិទ្យា តាម​ទាន់សភាពការណ៍​បច្ចុប្បន្ន នាំគ្នា​គិត និង​វិភាគ​ពី​បញ្ហា​សង្គម តាមរយៈ​ការតាមដាន​ប្រភពព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​វាយតម្លៃ​លើ​ស្ថានការណ៍​ជាក់ស្ដែង​។​
 
​ជាមួយគ្នានេះ​លោក ខៀវ កាញារីទ្ធ ក៏​ស្នើ​ឲ្យ​អង្គភាព និង​រដ្ឋបាលខេត្ត​នីមួយៗ មាន​មន្ត្រី​អ្នកនាំពាក្យ ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកកាសែត ក្នុងការ​ផ្ដល់ព័ត៌មាន​ត្រឹមត្រូវ តាមរយៈ​ការបង្ហាញ​ភស្តុតាង និង​តួលេខ​ពិតប្រាកដ ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ ទទួលបាន​ព័ត៌មាន​ពិត សម្រាប់​ចុះផ្សាយ​ដល់​សាធារណជន​។ ជាពិសេស​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​ការចុះផ្សាយ​ខុស​ការពិត ដែល​នាំ​ឲ្យ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​រដ្ឋាភិបាល​៕

Tag:
 ខៀវ កាញារីទ្ធ
  ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com