កីឡាអន្តរជាតិ
អន្តរជាតិ
​ដោយ​គ្មាន​គូប្រជែង លោក Infantino ជាប់ឆ្នោត​ធ្វើ​ប្រធាន FIFA ដល់​ឆ្នាំ​២០២៣
06, Jun 2019 , 3:37 pm        
រូបភាព
​លោក Gianni Infantino បាន​ជាប់ឆ្នោត​ធ្វើ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) អាណត្តិ​ទី​២​ដោយ​គ្មាន​ការជំទាស់ នៅឯ​សមាជ FIFA លើក​ទី​៦៩ ក្នុង​ក្រុងប៉ារីស ប្រទេស​បារាំង នា​ថ្ងៃទី​៥ ខែមិថុនា​។ Infantino នឹង​បន្ត​កាន់តំណែង​នេះ​រហូតដល់​ឆ្នាំ ២០២៣ ចាប់តាំងពី​លោក​ឡើង​ដឹកនាំ​ដំបូង​នៅ​ឆ្នាំ​២០១៦ ជំនួស​លោក Sepp Blatter​។​


 
​បុរស​ញ្ជា​តិ​ស្វ៊ី​ស វ័យ​៤៩​រូបនេះ​បាន​ក្លាយជា​ប្រធាន FIFA ទី​៩ ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ពោល​គឺមាន​រយៈពេល​៣​ឆ្នាំ​និង​៩៦​ថ្ងៃ​មកហើយ គិត​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា​នេះ​។ សមាជិក​របស់ FIFA ទាំង​២១១ ក៏​យល់ព្រម​ឲ្យ​លោក Infantino នៅ​បន្ត​ដឹកនាំ​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់​ពិភពលោក​នេះ​មួយ​អាណត្តិ​ទៀត​ដែលមាន​រយៈពេល​៤​ឆ្នាំ​។ 


 
​លោក Infantino ដែលជា​អតីត​មេធាវី នឹងមាន​ពេល​រហូតដល់​ឆ្នាំ​២០២៣ ដើម្បី​អនុវត្ត​ផែនការ​ដ៏​ធំ​របស់ខ្លួន​សម្រាប់​វិស័យ​កីឡាបាល់ទាត់ ខណៈ​ដែលមាន​ការមិន​ពេញចិត្ត​ខ្លះៗ នា​ការដឹកនាំ​ក្នុង​អាណត្តិ​ទី​១​របស់លោក​។ នៅឯ​សមាជ FIFA ក្នុង​ក្រុងប៉ារីស​លោក Infantino បាន​ប្រាប់​សមាជិក​ទាំង​២១១​របស់ខ្លួន​ថា​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ FIFA បានប្រែក្លាយ​ពី​ស្ថាន​ប័ន​ដែលមាន​ភាព​រញ៉េរញ៉ៃ ទៅជា​អង្គភាព​ដែល​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ឲ្យ​ល្អប្រសើរ​វិញ​។​
 
​ស្ថាប័ន​កំពូល​របស់ FIFA ក៏បាន​អនុម័ត​របាយ​ការណ៍​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ ២០១៨ ក៏ដូចជា​ថវិកា​លម្អិត​សម្រាប់​ឆ្នាំ​២០២០​ដែលមាន​ចំនួន​ទឹកប្រាក់ ៨១០​លាន​ដុល្លារ​អាមេរិក ដើម្បី​វិនិយោគ​លើ​វិស័យ​កីឡាបាល់ទាត់​ទូទាំង​ពិភពលោក​។​
 
​សមាជ FIFA លើក​ទី ៧០ នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី នា​ខែឧសភា ឆ្នាំ​២០២០៕

Tag:
 បាល់ទាត់​
  FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com