ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ នំបញ្ចុករាប់ពាន់តោន នឹងត្រូវបញ្ចេញ នៅថ្ងៃ៩មិថុនា
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្និដ្ឋានថា អ្នកលក់នំបញ្ចុកគ្រប់កន្លែងនៅកម្ពុជា នឹងលក់ចេញដល់ទៅរាប់ពាន់តោន នៅថ្ងៃទី៩ ខែមិថុនា ព្រោះថ្ងៃនោះ គឺប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមហូបនំបញ្ចុក ដើម្បីបង្ហាញពីសាមគ្គីជាតិ។
«មិនមែនរាប់រយតោនទេ ខ្ញុំគិតថា អាចនឹងចូលដល់រាប់ពាន់តោនឯណោះ បើហូបនំបញ្ចុកមួយប្រទេសនោះ»។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា។
យ៉ាងណា សម្តេនាយករដ្ឋមន្ត្រី បានតឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន ដោយខ្លាចពុលនំបញ្ចុក ព្រោះកន្លងមក ធ្លាប់មានករណីនេះកើតឡើង។ សម្តេចនាយក ជំរុញឲ្យប្រជាពលរដ្ឋតាមមូលដ្ឋាន ធ្វើនំបញ្ចុកដោយខ្លួនឯង ជាជាងទិញពីគេ ដើម្បីធានាអនាម័យ។
លើសពីនេះ ប្រមុខរដ្ឋាភិបាល ប្រាប់មន្ត្រីរាជការ និង មន្ត្រីគណបក្សកាន់អំណាចរបស់ខ្លួន កុំឲ្យប្រកាន់ឬរើសអើងអ្នកគាំទ្រគណបក្សអ្នកទៃ។ ប្រមុខរដ្ឋាភិបាល និយាយបែបនេះថា «បើគេ ចង់មកហូបជាមួយយើង យើងឲ្យគេមកហូបជាមួយទៅ ហើយបើគេ ហៅយើង យើងទៅហូបជាមួយគេដែរទៅ»។
ក្រៅពីយល់ថាដើម្បីសាមគ្គីនិងឯកភាពជាតិ មេដឹកនាំកម្ពុជា នៅគិតថា ការបំផុសបំផុលឲ្យហូបនំបញ្ចុកទូទាំងប្រទេសនេះ គឺដើម្បីជំរុញការប្រើប្រាស់និងទិញផលិតផលក្នុងស្រុក។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល ប្រកាសថា ការហូបនំបញ្ចុកនេះ មិនអាចឈានទៅដល់ការចរចានយោបាយជាមួយអតីតអ្នកប្រឆាំងឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com