អតីតមន្ត្រីគណបក្សប្រឆាំង២៦នាក់ ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហៅទៅសួររួចហើយ ក្រោមការសង្ស័យថាពួកគេមានគំនិតប្រឆាំងនឹងសាលដីការបស់តុលាការកំពូល ដែលសម្រេចរំលាយអតីតគណបក្សរបស់ពួកគេ កាលពីចុងឆ្នាំ២០១៧។ ចំណែក៩នាក់ទៀត ស្ថាប័នអយ្យការ មិនទាន់ហៅនៅឡើយទេ។
លោក សំ សុគង់ មេធាវីការពារក្តី ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះថា លោក កំពុងរៀបចំឯកសារដើម្បីស្នើទៅព្រះរាជអាជ្ញាសុំឲ្យតម្កល់រឿងមិនចាត់ការចំពោះអ្នកទាំង២៦នាក់ ដែលត្រូវបានសាកសួររួច។ លោក បញ្ជាក់ថា «ខ្ញុំ នឹងដាក់សំណើក្នុងពេលឆាប់ៗនេះ»។
លោក បន្តថា ចំពោះកូនក្តីរបស់លោក៩នាក់ទៀត ត្រូវរង់ចាំឲ្យព្រះរាជអាជ្ញា ហៅទៅសាកសួរយកចម្លើយសិន ហើយបន្ទាប់មក ទើបលោក ពិចារណាពីការដាក់សំណើសុំឲ្យតម្កល់រឿងមិនចាត់ការ។
ក្រោយសាកសួររួច ព្រះរាជអាជ្ញា ត្រូវសម្រេចថា ចោទប្រកាន់ ហើយបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ឬក៏មិនចោទប្រកាន់ ហើយតម្កល់សំណុំរឿងមិនចាត់ការ។ នេះជាការពន្យល់របស់លោកមេធាវី។
លោកមេធាវី មានប្រសាសន៍ដូច្នេះថា «ការហូបនំបញ្ចុកទូទាំងប្រទេស នៅថ្ងៃទី៩មិថុនា គឺបង្ហាញពីស្ថានភាពល្អ ហើយក៏បញ្ជាក់ថា ការហូបនំបញ្ចុក មិនមែនជាបទល្មើសទេ អ៊ីចឹងកូនក្តីរបស់ខ្ញុំ ដែលហូបនំបញ្ចុកកន្លងមក ក៏មិនមានទោសដែរ។ ខ្ញុំ យល់ថា តុលាការ គួរពិចារណាទម្លាក់បទចោទចេញពីពួកគាត់»។
អតីតមន្ត្រីគណបក្សប្រឆាំងទាំង៣៥នាក់ខាងលើ ធ្លាប់ជួបជុំនិងពិសានំបញ្ចុកជាមួយគ្នា។ សមត្ថកិច្ច សង្ស័យថា ពួកគេ យកឱកាសនេះ ដើម្បីញុះញង់និងបង្កឲ្យមានការប្រឆាំងនឹងសាលាដីការបស់តុលាការកំពូល ហើយក៏ដើម្បីប្រមូលគ្នាចាំទទួលការវិលត្រឡប់របស់លោក សម រង្ស៊ី ដែរ។
ចំណាត់ការរបស់សមត្ថកិច្ច បានរងការរិះគន់ខ្លាំង ជាពិសេសពីសំណាក់ក្រុមអ្នកប្រឆាំង ដោយពួកគេ រិះគន់ថា សិទ្ធិសេរីភាពនៅកម្ពុជា កាន់តែត្រូវបានរឹតត្បិត ដោយគ្រាន់តែពិសានំបញ្ចុកជាមួយគ្នា ក៏មានទោស។ រឿងហូបនំបញ្ចុកនេះ បានសាយភាយបន្តិចម្តងៗ រហូតមានការអំពាវនាវពីអតីតថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស នៅក្រៅប្រទេស ចូលរួមពិសានំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩មិថុនា។
បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រកាសតាមក្រោយ ឲ្យសមាជិកគណបក្សកាន់អំណាចនិងមន្ត្រីរដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋទូទៅ ចូលរួមពិសានំបញ្ចុកនៅថ្ងៃនេះដែរ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ។ ប្រធានគណបក្សកាន់អំណាច បានហៅយុទ្ធសាស្ត្ររបស់ខ្លួន ដែលចាក់បណ្តោយតាមក្រុមអ្នកប្រឆាំងនេះថា មិនត្រឹមតែយកបន្លាជួសបន្លាប៉ុណ្ណោះទេ គឺយកពូថៅវ៉ៃបំបាក់បន្លាតែម្តង។
ក្រៅពីខេត្តបាត់ដំបង អតីតមន្ត្រីគណបក្សប្រឆាំងនៅតាមបណ្តាខេត្តផ្សេងទៀត ក៏រងចំណាត់ការដែរ ពីរឿងជួបជុំគ្នា។ នៅខេត្តកំពង់ធំ មានអតីតមន្ត្រីគណបក្សប្រឆាំង៣៥នាក់ដូចគ្នា ដែលសមត្ថកិច្ចហៅទៅសួរនាំ។ ប៉ុន្តែ ពួកគេ មិនទាន់ត្រូវបានបញ្ជូនទៅតុលាការនោះទេ។
ចំណាត់ការរបស់សមត្ថកិច្ចនិងតុលាការលើអតីតមន្ត្រីគណបក្សប្រឆាំង គឺកើតឡើងបន្ទាប់ពីលោក សម រង្ស៊ី និងសហការី ប្រកាសវិលមកកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ។ មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស បានដាក់ផែនការមកឲ្យមន្ត្រីរបស់ខ្លួននៅក្នុងស្រុក ឲ្យដើរប្រមូលអ្នកគាំទ្រ ដើម្បីចាំទទួលពួកគេ។ ហើយកន្លងមក ធ្លាប់មានអតីតមន្ត្រីគណបក្សមួយចំនួន បានចេញមុខប្រកាសថា ចាំស្វាគមន៍ការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកប្រឆាំងនៅក្នុងស្រុក ឲ្យឈប់ដើរប្រមូលគ្នីគ្នា។ ប្រមុខរដ្ឋាភិបាល ព្រមានពីការចាប់ដាក់ពន្ធនាគារ ប្រសិនបើពួកគេ នៅតែបន្តសកម្មភាពនេះ។
ថ្មីៗនេះ គឺថ្ងៃទី៨-ទី៩ ខែមិថុនា ក្រុមមេដឹកនាំខាងប្រឆាំង បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនជាលើកទី២ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីកំណត់ផែនការនៃការធ្វើមាតុភូមិរបស់លោក សម រង្ស៊ី។ ពួកគេ កំណត់ថា ការធ្វើមាតុនិវត្តនេះ នឹងកើតឡើងក្នុងឆ្នាំ២០១៩នេះ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឲ្យគណបក្សរបស់ពួកគេ រស់ឡើងវិញ និងទាមទារឲ្យដោះលែងលោក កឹម សុខា៕