ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីទាំង២៤ប្រទេសបានបញ្ចប់ការប្រកួតលើកទីពីរតាមពូលនីមួយៗពី A ដល់ F នៃពានរង្វាន់ពិភពលោក FIFA Women's World Cup ឆ្នាំ២០១៩ រួចរាល់ហើយ ដោយក្នុងនោះគេរកឃើញក្រុមចំនួន៨អាចឈានទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈកៅអីសម្រាប់៨ក្រុមទៀតត្រូវកាត់សេចក្តីនៅជំនួបចុងក្រោយ។
ម្ចាស់ផ្ទះបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ហូឡង់ កាណាដា ស៊ុយអែត និងម្ចាស់ជើងឯកចាស់អាមេរិក សុទ្ធតែបានឆ្លងផុតវគ្គចែកពូលរៀងខ្លួន ក្រោយប្រកួតឈ្នះទាំង២ប្រកួត។
មាន់គកបារាំងទទួលបាន៦ពិន្ទុនាំមុនគេក្នុងពូល A ស្របពេលដែលន័រវែស (៣ពិន្ទុ) និងនីហ្សេរីយ៉ា (៣ពិន្ទុ) ត្រូវដណ្តើមគ្នាយកលេខ២ឬលេខ៣ល្អបំផុតសម្រាប់ជំនួបចុងក្រោយ ខណៈដែលកូរ៉េខាងត្បូងហាលអាវ។ ជំនួបចុងក្រោយកូរ៉េខាងត្បូងប៉ះន័រវែស ហើយបារាំងជួបនីហ្សេរីយ៉ា។
ពូល B ឥន្ទ្រីដែកអាល្លឺម៉ង់មាន៦ពិន្ទុ នាំមុខអេស្ប៉ាញនិងចិនដែលមាន៣ពិន្ទុដូចគ្នា មានឱកាសក្នុងជំនួបចុងក្រោយដើម្បីដណ្តើមយកលេខ២ ឬលេខ៣ល្អបំផុត រីឯអាហ្រ្វិកខាងត្បូងនៅបាតតារាងមានសូន្យពិន្ទុអស់សិទ្ធិទៅវគ្គបន្ត។ ជំនួបចុងក្រោយ ចិនជួបអេស្ប៉ាញ ហើយ អាហ្រ្វិកខាងត្បូងប៉ះអាល្លឺម៉ង់។
អ៊ីតាលីនាំមុខគេនៅពូល C មាន៦ពិន្ទុ តាមពីក្រោយដោយប្រេស៊ីល និងអូស្ត្រាលីមាន៣ពិន្ទុដូចគ្នាសល់ឱកាសនៅប្រកួតចុងក្រោយ រីឯហ្សាម៉ាអ៊ីកដែលមានសូន្យពិន្ទុត្រូវហាលអាវ។ ការប្រកួតលើកទី៣ អ៊ីតាលីប៉ះប្រេស៊ីល ខណៈហ្សាម៉ាអ៊ីកជួបអូស្ត្រាលី។
ពូល D តោកំណាចអង់គ្លេសឈរនៅកំពូលតារាងមាន៦ពិន្ទុពេញពីការប្រកួត២លើក តាមពីក្រោយដោយជប៉ុនដែលមាន៤ពិន្ទុ និងអាហ្សង់ទីន១ពិន្ទុ ចំណែកស្កុតឡែននៅបាតតារាងក្រោយបរាជ័យទាំងពីរប្រកួតត្រូវត្រឡប់ទៅផ្ទះវិញ។ បើទោះអាហ្សង់ទីនមានតែមួយពិន្ទុតែពួកគេនៅមានឱកាសដណ្តើមចំណាត់ថ្នាក់ទី២ពីជប៉ុននៅប្រកួតចុងក្រោយ ស្របពេលដែលជប៉ុនក៏អាចដណ្តើមតំណែងកំពូលតារាងពីអង់គ្លេសដូចគ្នា។ ជំនួបចុងក្រោយសាម៉ូរ៉ៃជប៉ុនតតាំងជាមួយអង់គ្លេស ខណៈស្កុតឡែនប៉ះអាហ្សង់ទីន។
នៅពូល E ឯណោះវិញ ហូឡង់ និងកាណាដាចាប់ដៃគ្នាទៅវគ្គ១៦ក្រុមក្រោយឈ្នះទាំងពីរប្រកួតដូចគ្នា ស្របពេលកាមេរូន និងនូវែលសេឡង់ហាលអាវ។ ហូឡង់ ត្រូវតតាំងជាមួយកាណាដាដើម្បីតំណែងកំពូលតារាងនៅជំនួបតាមពូលចុងក្រោយ រីឯកាមេរូន និងនូវែលសេឡង់ត្រូវលេងបង្រ្គប់កិច្ច។
ដោយឡែកពូល F ក៏មិនខុសពីពូល E ដែរ។ ម្ចាស់ការពារតំណែងជើងឯកឆ្នាំ២០១៥ អាមេរិក រួមជាមួយស៊ុយអែតសុទ្ធតែបានកៅអីទៅវគ្គខ្វែងក្រោយឈ្នះទាំងពីរប្រកួតដូចគ្នា។ ស៊ីលី និងថៃដែលជាក្រុមពីតំបន់អាស៊ានតែមួយគត់បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះត្រូវហាលអាវ ហើយក្រុមទាំងពីរក៏ត្រូវប៉ះគ្នានៅជំនួបបង្គ្រប់កិច្ចផងដែរ។ អាមេរិក និងស៊ុយអែតក៏ត្រូវប្រជែងគ្នាដើម្បីតំណែងកំពូលតារាង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់កីឡាបាល់ទាត់ពិភពលោកផ្នែកនារីឆ្នាំ២០១៩ ដែលបារាំងដឹកនាំធ្វើម្ចាស់ផ្ទះ មានក្រុមពី២៤ប្រទេសចូលរួម និងចែកជា៦ពូល។ ក្រុមលេខ១ និងលេខ២តាមពូលនីមួយៗទទួលបានកៅអីទៅវគ្គបន្ត សរុបចំនួន១២ក្រុម ខណៈ៤ក្រុមទៀត ត្រូវជម្រើសយកក្រុមដែលមានចំណាត់ថ្នាក់លេខ៣ល្អបំផុតនៃពូលទាំង៦៕