កីឡាអន្តរជាតិ
អន្តរជាតិ
ដើម្បី​រំលឹក​កីឡាករ​ខ្លួន Sevilla យក​អាវ​របស់​ក្រុម ទៅ​ឲ្យ​កូនប្រុស Reyes ដល់​ទីលាន​ប្រកួត​
17, Jun 2019 , 10:39 pm        
រូបភាព
Sevilla បានធ្វើ​រឿង​គួរ​ឲ្យ​រំភើប​មួយ​សម្រាប់​សព​លោក Jose Antonio Reyes ដែលជា​អតីត​សមាជិក​កីឡាករ​ខ្លួន​ដោយ​ប្រគល់​ឯកសណ្ឋាន​ក្រុម​ទៅ​ឲ្យ​កូនប្រុស​របស់ Reyes នា​អំឡុងពេល​ការប្រកួត​ក្របខណ្ឌ​យុវជន​មួយ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​


 
Reyes រួមជាមួយ​បងប្អូន​ជីដូនមួយ​រប​ស់​គេ​ម្នាក់ទៀត​ឈ្មោះ Jonathan បាន​ស្លាប់​នៅត្រឹម​វ័យ​៣៥​ឆ្នាំ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ប្រទេស​កំណើត កាលពី​ថ្ងៃទី​១ ខែមិថុនា​កន្លងទៅ​។​
 
​អតីត​ខ្សែបម្រើ​ស្លាប​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ កាំភ្លើង​ធំ Arsenal, Atletico Madrid និង Real Madrid រូបនេះ​មានកូន​ប្រុស​ឈ្មោះ Jose Antonio Reyes Lopez អាយុ​១១​ឆ្នាំ ដែល​បច្ចុប្បនកំពុង​លេង​ឲ្យ​ក្លិប​យុវជន Leganes​។ បើតាម​ការផ្សាយ​របស់​ព័ត៌មាន​នៅ​អេ​ស្ប៉ា​ញ Reyes Lopez ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ផ្លាស់​ទៅ​រួម​ក្រុមយុវជន​របស់ Real Madrid សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខ​។​


 
​នៅឯ​ការប្រកួត​យុវជន LaLiga Promises នៅ​ថ្ងៃទី​១៦ ខែមិថុនា Reyes Lopez បានទទួល​កាដូ​ជា​ឯកសណ្ឋាន​ក្រុម​របស់ Sevilla ពី​ក្លិប​របស់​កីឡាបាល់ទាត់​កំពូល​របស់​អេ​ស្ប៉ា​ញ​នេះ ដើម្បី​ជាការ​ចងចាំ​ឪពុក​របស់គេ​។ លោក Jose Castro ប្រធាន​ក្លិប Sevilla ជា​អ្នក​ចាត់​ឲ្យ​ក្រុមការងារ​លោក​យក​អាវ​ទៅ​ឲ្យ​កូន​របស់ Reyes ផ្ទាល់​តែម្តង​។​
 
Reyes ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ចន្លោះ​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៦​។ ខ្សែបម្រើ​ស្លាប​រូបនេះ បាន​ជោគជ័យ​យ៉ាង​ធំធេង​ចាប់ពី​ប្រឡូក​ក្នុង​បាល់ទាត់​អាជីព​ពី​ឆ្នាំ​១៩៩៩​មក ដោយ​ធ្លាប់​លើក​ពាន Europa League ៣​លើក​ជាមួយ Sevilla និង​២​លើក​ជាមួយ Atletico Madrid​។​
 
​នៅ​រដូវ​កាល​ឆ្នាំ​២០០៣-២០០៤ Reyes ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ឲ្យ Arsenal លើក​ពាន Premier League ដោយ​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ (The Invincibles)​។ ក្រៅពី​ពាន​ដ៏​ច្រើន​ទៀត Reyes ក៏​ធ្លាប់​លើក​ពាន La Liga ជាមួយ Real Madrid កាលពី​រដូវ​កាល ២០០៦-២០០៧  និង​ពាន Taca da Liga ជាមួយ Benfica រដូវ​កាល​២០០៨-២០០៩ ផងដែរ​។​
 
​កាលពី​រដូវ​កាល​មុន Reyes លេង​ឲ្យ​ក្លិប Xinjiang Tianshan Leopard របស់​ចិន មុននឹង​ផ្ទេរ​ទៅលេង​នៅ​ក្លិប Extremadura នៃ​ក្របខណ្ឌ Segunda División របស់​អេ​ស្ប៉ា​ញ នា​ឆ្នាំ​២០១៩ នេះ​។​
 
Reyes មាន​ភរិយា​ឈ្មោះ Noelia Lopez ដែល​បាន​រៀបការ​កាលពី​ឆ្នាំ​២០១៧ ដោយមាន​កូន​៣​នាក់​៕

Tag:
 បាល់ទាត់​
  Jose Antonio Reyes
  Jose Antonio Reyes Lopez
© រក្សាសិទ្ធិដោយ thmeythmey.com